មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​តុលាការ​តាម​ការ​កោះ​ហៅ

«យើងមិនមានអ្វីខុស មិនមានអ្វីត្រូវដោះស្រាយ។ (...) តើគេចោទពីបទអ្វី? ចោទពីបទញុះញុង!។ អ្នកណាដែល​បង្ក​ឲ្យមានឧក្រិដ្ឋកម្មហ្នឹង មានការបាញ់ប្រហារហ្នឹង!» នេះជាការឆ្លើយតបរបស់លោកកឹម សុខា ទៅនឹងដីកាកោះ​របស់​សាលាដំបូងរាជធានីភ្នំពេញ ដែលចេញដោយលោក ហៀង សុភក្រ្ត តំណាងអយ្យការអមសាលាដំបូង​រាជធានី​ភ្នំពេញកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤នេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: January 07, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«យើងមិនមានអ្វីខុស មិនមានអ្វីត្រូវដោះស្រាយ។ (...) តើគេចោទពីបទអ្វី? ចោទពីបទញុះញុង!។ អ្នកណាដែល​បង្ក​ឲ្យមានឧក្រិដ្ឋកម្មហ្នឹង មានការបាញ់ប្រហារហ្នឹង!» នេះជាការឆ្លើយតបរបស់លោកកឹម សុខា ទៅនឹងដីកាកោះ​របស់​សាលាដំបូងរាជធានីភ្នំពេញ ដែលចេញដោយលោក ហៀង សុភក្រ្ត តំណាងអយ្យការអមសាលាដំបូង​រាជធានី​ភ្នំពេញកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤នេះ។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសីទការសែតថ្ងៃទី៧ ខែមករា ឆ្នាំ២០១៤ នាទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ O.Vary)

តុលាការកម្ពុជា - ក្នុងសន្និសិទសារព័ត៌មាននាទីស្នាក់ការចាក់អង្រែលើ លោក សម រង្ស៊ី និងលោក កឹម សុខា បាន​ប្រកាសជាសាធារណៈជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា ថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិ នឹង​ចូល​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាថ្ងៃទី១៤ ខែមករា ខាងមុខនេះតាមការកំណត់នៃ​តំណាងអយ្យការ​អម​សាលា​ដំបូងរាជធានីភ្នំពេញ។

ក្រោយពីមានព្រឹត្តិការណ៍ប៉ះទង្គិចគ្នារវាងក្រុមបាតុករដោយអហឹង្សា នៅតាមបណ្តោយផ្លូវវេងស្រេងកាលពីថ្ងៃទី៣ ខែមករា ជាមួយនឹងកម្លាំងសមត្ថកិច្ចដែលដឹកនាំដោយរដ្ឋាភិបាល បានធ្វើឲ្យមនុស្សប្រាំនាក់បានស្លាប់ ជាងម្ភៃ​នាក់​បានរងរបួស និងជាងដប់នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។ មុនព្រឹត្តិការណ៍នេះមួយថ្ងៃ នៅថ្ងៃទី២ ខែមករា ក៏មាន​ការចាប់ខ្លួនកម្មករមួយចំនួន ជាមួយនឹងតំណាងអង្គការសង្គមស៊ីវិលចំនួនពីរនាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុង​ខណ្ឌពោធិ៍សែនជ័យផងដែរ ព្រោះតែការទាមទានូវសិទ្ធិ និងសេរីភាពរបស់ខ្លួន។

ការប៉ះទង្គិចគ្នាខាងលើ ត្រូវបានប្រជាពលរដ្ឋភាគច្រើនមើលឃើញថា ជាការរៀបចំគិតទុកជាមុន របស់ក្រុមមួយ ដែលមានថ្នាក់បញ្ជាច្បាស់លាស់ ដែលអាចស្តែងចេញពីបាតដៃទីបី ដូចអ្វីដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាក់នាពេលកន្លងមក។ បាតដៃទីបីខាងលើ បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា​ដែលកំពុងតែកាន់​អំណាច​មានចេតនា និងឱកាសធ្វើការចោទប្រកាន់លើគណបក្សប្រឆាំងថាមិនបានទល់ទល់ ឬការពារនូវស្ថានការនៃ​ការ​ដឹកនាំ​បាតុកម្មអហិង្សារបស់ខ្លួន រហូតឈានដល់មានហិង្សាដែលបណ្តាលឲ្យមានមនុស្សស្លាប់។

ភ្ជាប់ជាមួយបញ្ហាខាងលើនេះ ទើបសម្រេចឲ្យគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់ទ័ពក្នុងដៃ បានធ្វើការ​បោស​សំអាតប្រជាពលរដ្ឋដែលកំពុងតែជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យ ក្រោមការដឹកនាំដោយគណបក្សសង្គ្រោះជាតិ​ធ្វើបាតុកម្មដោយអហិង្សានៅនឹងកន្លែង។

ជាមួយនឹងហេតុផលខាងលើ លោក ហៀង សុភក្រ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះ​ហៅថ្នាក់ដឹកនាំកំពូលនៃគណបក្សសង្គ្រោះជាតិ ក៏ដូចជាសង្គមស៊ីវិលមួយចំនួន ក្នុងគោលបំណងសាកសួរ​ពី​ដំណើររឿងនៃ «ការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» ដែលបានកើតមាននាពេលកន្លងមក។ ជាការឆ្លើយតប លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បាន​ចោទជាសំនួរទៅកាន់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចសព្វថ្ងៃ និងតុលាការយ៉ាងខ្លីថា នៅលើផ្លូវ​វេងស្រេង តើអ្នកណាជាអ្នកវាយកម្មករមុន?

ជាមួយនឹងបញ្ហាខាងលើ អនុប្រធារូបនេះបានបន្តរថាពេលនោះមានកងកម្លាំងចំនួន២០ឡាន បានចុះទៅវាយ​ប្រាវ​ទៅលើកម្មករដែលកំពុងតែចាក់ធុងបាស់។ ក្នុងហេតុការវាយនោះក៏ មានសាក្សីជាច្រើន ពិសេសឃ្លាំមើល​សិទ្ធិ​មនុស្ស អ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិ។ លោកបានបន្ថែមថា ពេលនោះ តើគណបក្សសង្គ្រោះជាតិ មាន​បានបញ្ជារឲ្យមានការវាយតបត ឬក៏ញុះញង់ឲ្យកើតអំពើហឹង្សានោះដែរឬទេ។

អនុប្រធានរូបនេះបានបញ្ចាក់យ៉ាងច្បាស់ថា ទាំងករណីនៅវេងស្រេង ទាំងករណីនៅតំបន់សេដ្ឋកិច្ចពិសេស ដែល​កើត​មានអំពើហឹង្សាទាំងអស់ មិនមានវត្តមានថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិទេ។ លោកក៏បានបន្ថែមថា ក្នុង​នាមគណបក្សសង្គ្រោះជាតិធ្លាប់និយាយាថា «បងប្អូន! បើចង់បានសម្រេចនូវគោលដៅរបស់ខ្លួន ក្នុងការទាមទារ​ប្រាក់ខែ ត្រូវក្រោកឈរឡើងឲ្យស្រុះគ្នា ហើយដោយអហិង្សា អហិង្សាៗ។ អហិង្សានេះ គណបក្សសង្គ្រោះជាតិ​និយាយ​ជាប់មាត់រហូត។ ដូច្នេះមិនមានអ្វី ដែលត្រូវព្រួយបារម្មណ៍នោះទេ។»

ចំណែលលោក សម រង្ស៊ី បានបញ្ជាក់បន្ថែមថាលោក គ្រាន់តែលើទឹកចិត្ត ក្នុងការតស៊ូ តវ៉ាអ្វីដែលត្រឹមត្រូវ។ «ជួយ​លើកទឹកចិត្តផ្នែកបច្ចេកទេស ការគិតគួ ការថ្លឹងថ្លែង ការវិភាគ។ (...) យើងយកហេតុផលបច្ចេកទេស ប្រាជ្ញា មកគិត មកជួយកម្មករ។ វាឥតមានខុសអ្វីនោះទេ។ (...) ខ្ញុំពិតជាបានទៅជួយលើកទឹកចិត្ត តែមិនចំទីកន្លែង និងពេល​វេលា​ណា ដែលកើតមានអំពើហិង្សានោះទេ។»

សូមរម្លឹកថា ក្រៅពីថ្នាក់ដឹកនាំកំពូលនៃគណបក្សសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី និងលោក កឹម សុខានោះ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ក៏បានកោះហៅតំណាងសង្គមស៊ីវិលមួយចំនួនទៀត ដើម្បីចូល​ទៅ​បំភ្លឺ​ក្នុងករណី ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដែរ។ ការចេញ​ដីការបស់តំណាងអយ្យការនេះ បានធ្វើឡើងដោយឡែកពីគ្នា ក្នុងដំណើររឿងតែមួយ ចូលក្នុងថ្ងៃតែមួយ គ្រាន់តែ​ខុស​​ពេលវេលាគ្នាប៉ុណ្តោះ៕

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...