ឈូក បណ្ឌិត ចូល​ខ្លួន ព្រោះ​ចង់​«រួច»​ខ្លួន?

អតីតអភិបាលក្រុងបាវិត ចូលសារភាពដោយខ្លួនឯង ព្រោះចង់រួចទោស ដោយស្ងៀមស្ងាត់ ខណៈខ្លួនខំ​លាក់​ខ្លួន ពួន​អាត្មា​ជាង​៣ឆ្នាំ​មក​ហើយ។ ការចូលមកសារភាព របស់លោក ឈូក បណ្ឌិត បានបង្កឲ្យមានមន្ទិល ថា​ទំនង​ជា​មាន​អាថ៌កំបាំង នៅ​ពី​ក្រោយ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ហេង វុទ្ធី -ភ្នំពេញថ្ងៃទី១០ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 12, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការចូលសារភាពរបស់លោក ឈូក បណ្ឌិត បានបន្សល់ទុក នូវមន្ទិលយ៉ាងច្រើន ដល់សាធារណៈមតិ និងជា​ពិសេស ដល់មន្ត្រីដែលតាមឃ្លាំមើល ថាតើនេះជាការចូលសារភាព ដោយគ្មានល្បិចកិច្ចកល់ពីក្រោយ ឬយ៉ាង​ណា? មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន បាននិយាយថា លោក ឈូក បណ្ឌិត ជាអ្នកមានអំណាចមួយរូប ហើយ​​មានខ្នងបង្អែក​នៅពីក្រោយ ដូច្នេះគេពិបាកនឹងជឿថា នៅពីក្រោយការចូលសារភាពនេះ មិនមានការ​សម្រប​សម្រួលគ្នា​នោះ​ណាស់។

ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បានថ្លែង​ប្រាប់​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានលើកឡើងវា វត្តមានរបស់លោក ឈូក បណ្ឌិត ក្រោយការថ្លែង ដ៏មានឥទ្ធិពល​របស់លោកនាយករដ្ឋមន្រ្តី បន្ទាប់ពីបានរត់គេចខ្លួន អស់រយៈពេលជាងបីឆ្នាំ ទៅហើយ។ លោកសំអាត បាន​និយាយថា ការបង្ហាញខ្លួននៅពេលនេះ ក៏ជាការបង្ហាញនូវការភ្ញាក់ផ្អើលមួយថ្មី ថាសមត្ថកិច្ចទាំងអស់ មិនមាន​លទ្ធភាពក្នុងការបំពេញការងារ ឬតួនាទីរបស់ខ្លួនបានពេញលេញឡើយ ក្នុងរយៈកាលកន្លងមក បើទោះជា​មាន​ដីកាស្វែងរកចាប់ខ្លួន ដាក់ដល់ប៉ូលីសអាំងទែប៉ូលក៏ដោយ។

មន្រ្តីសង្គមស៊ីវិលរូបនេះ បានបញ្ជាក់ថា បើគ្មានការស្រែកឲ្យនាំខ្លួន ឬចាប់ខ្លួន របស់លោកនាយករដ្ឋមន្រ្តី កាល​ពីថ្ងៃទី៣ ខែសីហានោះទេ ក៏គ្មានការដើរមកបង្ហាញខ្លួន របស់លោក ឈូក បណ្ឌិត នាពេលនេះដែរ។ លោកថា​រឿងនេះ ពិតជាមានអាថ៌កំបាំងនៅពីក្រោយ ហើយវាមិនមែនជារឿងសាមញ្ញ និងមានការងាយស្រួលនោះដែរ។ វាពិតជាមាន«ដំណើរពាក់ព័ន្ធ» ព្រោះតែទណ្ឌិតរូបនេះខំ ឬព្យាយាមលាក់ខ្លួន រហូតដល់៣ឆ្នាំទៅហើយនោះ តែ​បែរជាមកបង្ហាញខ្លួន យ៉ាងងាយបែបនេះ។

លោក សំអាត់ បានបញ្ជាក់ទៀតថា៖ «នេះជាចេតនាមួយ ដែលពីមុនមកលោក ឈូក បណ្ឌិត គ្មានចេតនា ក្នុង​ការចូលមកទទួលទោស។ ហើយសមត្ថកិច្ច ក៏មិនបានបង្ហាញ នូវយន្តការក្នុងការព្យាយាម តាមចាប់ដែរ។ តែ​នៅ​ពេលដែលសម្តេច (នាយករដ្ឋមន្រ្តី ហ៊ុន សែន) ប្រកាស លោក ឈូក បណ្ឌិត បែរជាដើរចូលសារភាព ដោយ​ខ្លួនឯង។ (...) រឿងលោក ឈូក បណ្ឌិត មានអាថ៌កំបាំង និងការសង្ស័យតាំងពីដំបូង តែនេះ ជារឿងលោក ឈូក បណ្ឌិត បើខុសពីលោក ឈូក បណ្ឌិត គេត្រូវចាប់ខ្លួនភ្លាមៗ។ (...) លោក ឈូក បណ្ឌិត គាត់ជាអ្នក​មាន​អំណាច​មួយ ហើយមានខ្នងបង្អែកនៅពីក្រោយខ្នងគាត់។ បើគ្នានកិច្ចអន្តរាគមន៍ ពីនាយករដ្ឋមន្រ្តីទេ លោក ឈូក បណ្ឌិត អាចនឹងគេចខ្លួន រហូតដល់ផុតអាជ្ញាយុកាលនៃទោស ហើយវត្តមានលោកឈូក បណ្ឌិត ជាថ្មី ក៏​នឹងមិនអាចចាប់លោក ឈូក បណ្ឌិត បានដែរ។»

សម្រាប់វត្តមាន របស់លោក ឈូក បណ្ឌិត ដែលមកបង្ហាញខ្លួន មុខតុលាការខេត្តស្វាយរៀងនាពេលនេះ ហាក់​បង្ហាញថា «ឥទ្ធិពលបុគ្គលម្នាក់នេះ នៅតែមាន បើទោះជា នៅក្នុងពន្ធនាគារក៏ដោយ» អំណាច និងឥទ្ធិពល ដែល​ហាក់ដូចជា មិនបាត់បង់នេះ ជាកត្តាមួយ បានធ្វើឲ្យពលរដ្ឋមួយភាគនៅភ្នំពេញ បង្ហាញនូវការភ័យខ្លាច ចំពោះ​ការនិយាយស្តីរបស់ខ្លួនពាក់ព័ន្ថនឹងទោសទណ្ឌ ដែលទណ្ឌិត ឈូក បណ្ឌិត នេះត្រូវទទួលនោះ។

សម្រាប់ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាព វិញ បានបង្ហាញ​ទស្សនៈរបស់ខ្លួន ជុំវិញការបង្ហាញខ្លួន ដោយ«ឯកឯង» របស់លោក ឈូក បណ្ឌិត នៅពេលនេះថា អាចជា​មធ្យោយមួយល្អ សម្រាប់លោក ឈូក បណ្ឌិត ខ្លួនឯង ដែលអាចរស់នៅស្រុកខ្មែរបាន ហើយមិនបាច់លាក់ខ្លួន ឬរត់ពួនអាត្មា។ លោកបន្តថា លោក ឈូក បណ្ឌិត អាចនឹងទទួលទោស ត្រឹមតែមួយរយៈប៉ុណ្ណោះ ក្រោយ​ព័ត៌មាន​ស្ងាត់បន្តិតនោះ អាចនឹងត្រូវដោះលែង ឲ្យមានសេរីភាពមុនកំណត់។ លោកថា នេះហើយ​ជាមូលហេតុ​មួយ ដែលប្រជាពលរដ្ឋខ្មែរ ហាក់មិនមានទំនុកចិត្ត លើប្រព័ន្ធតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចនោះ។ លោក​បន្តថា ក្រោយពីមានរឿងអយុត្តិធម៌ ជាបន្តបន្ទាប់ដូចជារឿង ឈូក បណ្ឌិត រឿងកញ្ញាសាសាជាដើម បើគ្មាន​ការស្រែករបស់នាយករដ្ឋមន្រ្តីទេ ប្រហែលនឹងគ្មានថ្ងៃអាចចាប់បាននោះឡើយ។

លោក គឹមអេង បានថ្លែងឲ្យដឹងថា៖ «ការអនុវត្តច្បាប់ នៅ(កម្ពុជា)មានខ្វះចន្លោះច្រើន។ តុលាការមិនបាន​អនុវត្តន៍​បានត្រឹមត្រូវតាមនីតិវិធី ឯអាជ្ញាធរក៏ដូចគ្នាដែរ ទាល់តែនាយករដ្ឋមន្រ្តីស្រែក (...)សូម្បីតេរឿង​តូចតាច​ចឹង។ ការធ្វើបែបនេះ វានឹងបន្តឲ្យមាននីទណ្ឌភាព (ភាពរួចទោស) បន្តកើតមាន នៅក្នុងប្រទេសកម្ពុជាយើង ដែលជាគម្រូមិនល្អ សម្រាប់ការអនុវត្តច្បាប់។ (...)ជាទូទៅ យើងមើលឃើញចឹង។ យើងមិនទាន់ឃើញ​សមត្ថកិច្ច ធ្វើការឲ្យពេញដៃពេញជើង ដោយឆន្ទះខ្លួនេងនោះឡើយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...