ហ៊ុន សែន ប្រាប់​«ថ្មីៗ»​ឲ្យ​រៀន​តាម​«Fresh News» និង​«ដើម​អំពិល»

សារព័ត៌មាន «ថ្មីៗ» ផ្សាយព័ត៌មានមិនចេះត្រូវ! នេះជាការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់​សារព័ត៌មាន​ចេញ​ផ្សាយ តាម​បណ្ដាញ​អ៊ិនធើណែត​មួយ ឈ្មោះ «ថ្មីៗ» ដោយ​បញ្ជា​ឲ្យ​សារព័ត៌មាន​នេះ ឲ្យ​ទៅ​រៀនសូត្រ​ពី​សារព័ត៌មាន «Fresh News» និង​«ដើមអំពិល» ដែល​ល្បី​ថា​ជា​សារព័ត៌មាន មាន​និន្នាការ​លំអៀង ទៅ​គណបក្ស​កាន់​អំណាច និង​រដ្ឋាភិបាលលោក។
ហ៊ុន សែន ប្រាប់​«ថ្មីៗ»​ឲ្យ​រៀន​តាម​«Fresh News» និង​«ដើម​អំពិល»
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថតសហការី)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 19, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ហ៊ុន សែន បានថ្លែងរិះគន់ សារព័ត៌មានមួយ ដែលចេញផ្សាយ តាមបណ្ដាញអ៊ិនធើណែត ឈ្មោះ «ថ្មីៗ» ថាសារព័ត៌មាននេះផ្សាយខុស ពីព័ត៌មានអ្វីៗ ដែលទាក់ទងនឹងរូបលោក។ បន្ថែមពីលើនេះ លោក ហ៊ុន សែន បាន​ប្រាប់ឲ្យស្ថាប័ន​សារព័ត៌មាន​ឯកជន ក្នុងស្រុកមួយនេះ ឲ្យរៀនសូត្រ ​តាមសារព័ត៌មាន​ក្នុង​ស្រុក ​ចំនួន​​ពីរ​​ទៀត ដែល​​ល្បីល្បាញ​ថាមាននិន្នាការ លំអៀងទៅរកគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលរបស់លោក។

ថ្លែងនៅចំពោះនិស្សិត​ ជាច្រើនពាន់នាក់ មកពីសាកលវិទ្យាល័យបញ្ញាជាតិ ដែលត្រូវទទួលសញ្ញាប័ត្រ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ នាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយរៀបរាប់ថា ក្នុងទូរស័ព្ទដៃរបស់លោក មាន​កម្មវិធីជាច្រើន ក្នុងនោះមានកម្មវិធី របស់សារព័ត៌មាន​ក្នុងស្រុកមួយចំនួន ដូចយ៉ាង សារព័ត៌មាន «Fresh News» «ដើម​អំពិល» «CNC» និងសារព័ត៌មាន «ថ្មីៗ»។

បន្ទាប់មកលោក ហ៊ុន សែន បានថ្លែងថា សារព័ត៌មាន«ថ្មីៗ»ផ្សាយព័ត៌មានពីលោក «រហ័ស» តែខុសច្រើន​«ណាស់»។ លោក​និយាយ​ថា៖ «បើអស់លោកពិបាកយកព័ត៌មានពីខ្ញុំ កុំសរសេរពីខ្ញុំ (...) វានាំឲ្យពិបាក​ធ្វើការ​ស្នើសុំ ឲ្យធ្វើការកែតម្រូវ។ ហើយមើល៍ ទៅរៀនសូត្រពី "Fresh News" ឬក៏"ដើមអំពិល"អីទៅមើល។»

ក្នុង​ពេលភ្លាមៗនេះ គេនៅមិនទាន់ដឹងប្រតិកម្ម ពីសំណាក់សារព័ត៌មាននេះ តបទៅនឹងការលើកឡើង របស់​លោក​នាយករដ្ឋមន្ត្រី​នៅឡើយ។

សារព័ត៌មាន«ថ្មីៗ» ត្រូវបានគេស្គាល់ថា ជាសារព័ត៌មានឯករាជ្យមួយ នៅក្នុងប្រទេសកម្ពុជា ដែលមាន​អ្នក​សារព័ត៌មាន​អាជីព​ច្រើននាក់ ជាអ្នកសរសេរ​និងយកព័ត៌មាន។ សារព័ត៌មាន ដែលចេញផ្សាយ​តាម​បណ្ដាញ​អ៊ិនធើណែត​នេះ មានលោកឧកញ្ញា គួច ម៉េងលី ជាប្រធានក្រុមប្រឹក្សាភិបាល និងលោក គី សុខលីម ជា​អគ្គ​នាយក​​ប្រតិបត្តិ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...