ហ៊ុន សែន៖ កម្ពុជាមិនត្រូវការបរទេសទទួលស្គាល់ភាពស្របច្បាប់ នៃការបោះឆ្នោតទេ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ ធ្នូ ២០១៧
- កែប្រែចុងក្រោយ: December 13, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាថ្មីម្ដងទៀត លោក ហ៊ុន សែន បានអំពាវនាវ ឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាពិសេសបោះឆ្នោតជូនរូបលោក ឲ្យនៅបន្តកាន់អំណាចយ៉ាងហោច «១០ឆ្នាំ» ទៅមុខទៀត បើទោះជាការបោះឆ្នោតនោះ មិនមានការទទួលស្គាល់ ជុំវិញភាពស្របច្បាប់របស់វា ពីសំណាក់អន្តរជាតិក៏ដោយ។ បុរសខ្លាំងកម្ពុជា ដែលអង្គុយនៅក្នុងតំណែង ជានាយករដ្ឋមន្ត្រី តាំងពី៣២ឆ្នាំមកនោះ បានថ្លែងថា ច្បាប់កម្ពុជា មិនតម្រូវឲ្យបរទេសទាំងនោះ ទទួលស្គាល់ឬអនុញ្ញាត ទើបមានការបោះឆ្នោតស្របច្បាប់នោះទេ។
នៅចំពោះកម្មករកម្មការិនីច្រើនរយពាន់នាក់ ក្នុងព្រឹកថ្ងៃទី១៤ ខែធ្នូនេះ លោកហ៊ុន សែន បានថ្លែងឡើងថា៖ «ច្បាប់រដ្ឋធម្មនុញ្ញា នៅកម្ពុជាមិនតម្រូវឲ្យចុះហត្ថលេខា ពីអង្គការសហប្រជាជាតិ ឬប្រធានាធិបតីប្រទេសដទៃ ទើបហៅការបោះឆ្នោត (នោះទេ) ប្រជាជនកម្ពុជាចូលរួមការបោះឆ្នោត គឺគ្រប់គ្រាន់។ (ហើយ) រាជរដ្ឋាភិបាល ក៏មានទុនគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត(ដែរ)។»។
កាលពីម្សិលម៉ិញ សហភាពអឺរ៉ុបបានសម្រេចផ្អាកជំនួយ ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ហៅកាត់ថា គ.ជ.ប) ដោយលើកយកភាពស្របច្បាប់ នៃការបោះឆ្នោតជាតិក្នុងឆ្នាំខាងមុខ មកធ្វើជាអំណះអំណាង បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល កាលពីពាក់កណ្ដាលខែកន្លងទៅ ដោយតុលាការកំពូល ដែលមានសមសភាពចៅក្រមភាគច្រើន និងអគ្គព្រះរាជអាជ្ញា សុទ្ធសឹងជាមន្ត្រីជំនិត របស់គណបក្សប្រជាជនកម្ពុជា។
ការប្រកាសព្យួរជំនួយ របស់សហភាពអ៊ឺរ៉ុប ដែលជាលំហរទីផ្សារនាំចេញធំជាងគេ របស់កម្ពុជា ជាចំណាត់ការថ្មីមួយទៀត បន្ទាប់ពីចំណាត់ការជាច្រើន ពីសំណាក់សហគមន៍អន្តរជាតិ ដែលបានដាក់ប្រឆាំងរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងព្រឹត្តិការណ៍នយោបាយចុងក្រោយ ដែលត្រូវបានមើលឃើញថា ជាយុទ្ធនាការរបស់លោក ហ៊ុន សែន ក្នុងការបំផ្លាញលិទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។
ប៉ុន្តែចំណាត់ការទាំងនោះ ទំនងជាមិនត្រូវបានលោក ហ៊ុន សែន សំដែងការខ្វល់ខ្វាយនោះទេ។ នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានថ្លែងបន្តថា អវត្តមានរបស់គណបក្សសង្គ្រោះជាតិ និងការហាមឃាត់ថ្នាក់ដឹកនាំបក្សនេះចំនួន ១១៨រូប សម្រាប់រយៈពេល៥ឆ្នាំនោះ នឹងមិនប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនោះឡើយ។
លោក ហ៊ុន សែន ថា៖ «ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ក៏ធ្វើរួចហើយ ដំណើរការតាមការគ្រោងទុក ទោះនរណា មានបក្សប៉ុន្មានចូលរួម។ តែមានបក្សមិនតិចទេ។ (...) លទ្ធិប្រជាធិបតេយ្យ នឹងមិនក្លាយជាចំណាប់ខ្មាំងអ្នកណាទេ។ គ្មានការចូលរួមរបស់អ្នក [គណបក្សសង្គ្រោះជាតិ] ការបោះឆ្នោត នឹងត្រូវតែធ្វើ។»។
បន្ទាប់មក លោកនាយករដ្ឋមន្ត្រី បានធ្វើសេចក្ដីអំពាវនាវ ទៅកាន់បណ្ដាកម្មករកម្មការិនី ដូច្នេះថា៖ «សង្ឃឹមថា ក្មួយៗផ្ទាល់បូកជាមួយឪពុកម្តាយ និងក្រុមគ្រួសារបោះឆ្នោតឲ្យគណបក្សប្រជាជន និងពូ (លោក ហ៊ុន សែន) ដឹកនាំបន្តទៀត។ យើងរួមសុខទុក្ខជាមួយគ្នា តាំងពីគ្រាលំបាកបំផុត តែពេលនេះជាពេលវេលា យើងក្តាប់ឱកាសឲ្យបាន ដើម្បីបន្តជំហានទៅមុខ។»៕