សមាជិក​ស្និត ខឹម វាសនា ប្រកាស​ចាក​ចេញ​ពី LDP ដោយ​​ថា​បក្ស​នេះ​ដូច CPP

សមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា បក្សជួង) នៅសហរដ្ឋអាមេរិក និងជាបុរសចំណាស់ម្នាក់ ដែលលោក ខឹម វាសនា ប្រធានគណបក្សចាត់ទុកដូចឪពុក បានប្រកាសចាកចេញពីគណបក្សនេះ កាលពីថ្ងៃទី១២ ខែធ្នូនេះ ក្រោមហេតុផល នៃការយល់ឃើញរបស់លោក ថាគណបក្ស«ជួង» មាននិន្នាការនយោបាយ ដូចគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សមាជិក​ស្និត ខឹម វាសនា ប្រកាស​ចាក​ចេញ​ពី LDP ដោយ​​ថា​បក្ស​នេះ​ដូច CPP
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ ធ្នូ ២០១៧
  • កែប្រែចុងក្រោយ: December 14, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទន្ទឹមនឹងយុទ្ធនាការចុងក្រោយ របស់លោក ខឹម វាសនា ដែលមានបំណងចង់បញ្ចុះបញ្ចូល ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឲ្យមក«រួមរស់» ជាមួយគណបក្សសម្ព័ន្ធដើម្បីប្រជាធិ​បតេយ្យ (ហៅខ្លួនឯងថា បក្សជួង) របស់លោកនោះ សមាជិកដ៏សំខាន់ម្នាក់ នៃគណបក្សនេះ ប្រចាំក្នុងសហរដ្ឋអាមេរិក បែរជាប្រកាសចាកចេញពីគណបក្ស«ជួង»នេះទៅវិញ។ មូលហេតុសំខាន់នៃការចាកចេញ ត្រូវបានសមាជិកដ៏ចំណាស់រូបនោះ ពន្យល់ថា ព្រោះគណបក្ស «ជួង» ឬ «LDP» មានជំហរនយោបាយ ដូច(ឬរួមគ្នាតែមួយ ជាមួយ)គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន។

សមាជិករូបនោះ ដែលប្រធានគណបក្ស លោក ខឹម វាសនា ចាត់ទុកដូចឪពុក មានឈ្មោះថា ផាន់ សុផាន។ លោក បានផ្ញើរលិខិតសុំចាកចេញនេះ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយបានគូសបញ្ជាក់ពីចំណងទាក់ទង ដែលបុរសចំណាស់រូបនេះ ធ្លាប់ប្រាស្រ័យ​ជាមួយលោក ខឹម វាសនា ជាពិសេសបានសរសើរ​«ប្រមុខ​បក្ស»​រូបនេះ ថាបានបង្រៀនរូបលោក និងបណ្ដាសមាជិកបក្សផ្សេងៗ ឲ្យមានភាព«ភ្លឺស្វាងចេញពីភពងងឹត បានយ៉ាងច្រេីន»។

បន្ទាប់ពីបានសរសេរសរសើរ និងថ្លែងអំណរគុណ ចំពោះលោក ខឹម វាសនា រួច បុរសខ្មែរ-អាមេរិកាំងវ័យចំណាស់ ដែលជាសមាជិក​របស់គណបក្ស​«ជួង»រូបនេះ បានបញ្ជាក់ពី«ការពិត» នៅក្នុងដួងចិត្តលោកថា លោកបានប្ដូរជំហរ ចាប់តាំងពីព្រឹត្តិការណ៍ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលជាថ្ងៃប្រកាសសាលក្រម របស់តុលាការកំពូលកម្ពុជា សម្រេចរំលាយគណបក្សសង្គ្រោះជាតិ ក្រោមបទចោទប្រកាន់ដ៏ចម្រូងចម្រាស់ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន។

លោក ផាន់ សុផាន បានសរសេរលាយខេមរភាសា ជាមួយភាសាអង់គ្លេស នៅក្នុងការផ្លាស់ប្ដូរជំហរនោះថា៖ «នៅទីបព្ចាប់នេះ ខ្ញុំសូម​បព្ចេាញ​នូវការពិតអំពីចិត្តរបស់ខ្ញុំ ជូនលោកប្រមុខ និងមហាគ្រួសារ LDP ឲ្បបានជ្រាបថា បន្ទាប់ពីព្រឹត្តិការណ៍ ថ្ងៃទី១៦ វិច្ឆិកា ២០១៧ មក, ខ្ញុំមិនអាច "Line up" ជាមួយបន្ទាត់នយោបាយរបស់ LDP បានទេ ព្រោះ "Ldp would tend to line up with CPP rather than with the US policies"»។

ឆ្លើយតបទៅនឹងលិខិតនោះ លោក ខឹម វាសនា បានបញ្ជាក់ថា លោក ផាន់ សុផាន ដែលប្រធានគណបក្សរូបនេះ ចាត់ទុកដូចជាឪពុកនោះ មានវ័យចំណាស់ណាស់ហើយ បើលោកចង់ធ្វើអ្វី ក៏ឲ្យលោកធ្វើចុះ។ ប្រធានគណបក្ស«ជួង» បានសរសេរថា៖ «ពូដូចជាឪពុកខ្ញុំទៅហើយ (...) ខ្ញុំមានអារម្មណ៍ថា​ ឪពុកចាស់ហើយ​ អ្វីដែលគាត់សប្បាយ អ្វីដែលគាត់ចង់ធ្វើ​ ឲ្យគាត់ធ្វើចុះ​។​ សូមពូសុខសប្បាយ​ សូមពូរីករាយនឹងការងារដែលពូចង់ធ្វើ​ ខ្ញុំគ្មានអ្វីសៅហ្មងទេ។»។

នៅចំពោះការផ្លាស់ប្ដូរជំហរ របស់លោក ផាន់ សុផាន សមាជិកបក្ស«ជួង»​ជាច្រើននាក់ បានចូលទៅធ្វើប្រតិកម្ម ដាក់លើគណនីហ្វេសប៊ុកផ្ទាល់របស់លោក ក្នុងនោះរាប់ទាំងប្រតិកម្ម ដែលជាការជេរប្រទេចផ្ដាសារនោះផង។ សមាជិកបក្ស«ជួង»ខ្លះ បានលើកឡើងថា លោក សុផាន មិន«យល់ទស្សនៈវិស័យមនោគមវិជ្ជា LDP» និងខ្លះទៀតថា បុរសចំណាស់​បានចូលរួម ជាមួយគណបក្ស«ជួង» «ដោយអន្លើ» គ្រាន់«ដើម្បីកែការអផ្សុកតែប៉ុណ្ណោះ»។

នៅក្នុងសារជាច្រើន ដែលលោក ផាន់ សុផាន បានបង្ហោះនៅលើបណ្ដាញសង្គម ក្នុងរយៈពេលចុងក្រោយនេះ មានសារមួយ ត្រូវបានបុរសចំណាស់សរសេរជាអាទិ៍ថា៖ «តាខា (កឹម សុខា) គាត់គ្មានទៅក្បត់ជាតិអីទេ។ គាត់អួតថា បានរៀនក្បួន របៀបប្រឆំាងនឹងរបបផ្តាច់ការ។ គាត់និយាយតាំងតែពីឆ្នាំ ២០១៣ ម្ល៉េះ។ ក្បួនមាត្រានេះ អ្នកវិទ្យាសាស្ត្រនយោបាយ គេសរសេរសៀវភៅ បង្រៀនស្ទេីរគ្រប់ទីកន្លែង មានដាក់នៅក្នុង Library (បណ្ណាគារ) គ្រប់។ នរណាក៍អាចនិយាយបាន គ្រាន់តែរៀបរាប់នោះ។ តេីតាខាមានទ័ព មានកាំភ្លេីងឯណា? តេីមានបានធ្វើវិច្ឆេទកម្មឯណា? វាគ្មានភស្តុតាងអីបព្ជាាក់បន្តិចសោះ។ ប៉ុន្តែនេះ ជាកលល្បិចអាកុម្មុយនីស្ត ហ៊ុន សែន ឆ្កែ CPP បំពាន ដោយខ្លាចចាញ់ឆ្នោត ២០១៨។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...