កម្ពុជា៖ តំណាងរាស្ត្រប្រឆាំង៥រូប ត្រូវបានចាប់ និងឃាត់ខ្លួន
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៥ ខែកក្កដា ២០១៤
- កែប្រែចុងក្រោយ: July 15, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ យ៉ាងហោចបីរូប ត្រូវបានចាប់ខ្លួន ក្រោយពីមានជួបប្រតាយប្រតប់គ្នា រវាងក្រុមបាតុករដែលដឹកនាំដោយលោកស្រី មួរ សុខហួរ និងកងកំលាំងអាជ្ញាធរ កាលពីព្រឹកម៉ិញនេះ។ រហូតមកដល់ពេលនេះ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត ពីររូបទៀត ក៏ត្រូវបាននគរបាលធ្វើការឃាត់ខ្លួនដែរ បន្ទាប់ពីពួកគេបានចូលទៅបំភ្លឺ នៅស្នងការនគរបាលរាជធានី។
លោកស្រី មូរ សុខហួរ និងបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិពីររូបទៀត នៅមុខទីលាន ប្រជាធិបតេយ្យ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)
ហិង្សា - បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពេលមានការវាយប្រតប់គ្នារវាងក្រុមបាតុករ និងកងកំលាំងប្រដាប់អាវុធក្នុងនោះ រួមមាន លោកស្រី មួរ សុខហួរ បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតខេត្ត បាត់ដំបង លោក ម៉ែន សុថាវរិន្ទ្រ បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតខេត្ត កំពង់ធំ និងលោក លោក កែវ ភារម្យ បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតខេត្ត ក្រចេះ។
ការចាប់ខ្លួនក្រុមបេក្ខជន តំណាងរាស្ត្រជាប់ឆ្នោតទាំងនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកម៉ិញ នៅក្នុងបាតុកម្មមួយ របស់គណៈបក្សសង្រោះជាតិ ដែលចង់ទាមទារឲ្យមានការដករនាំងដែក ចេញពីទីលានប្រជាធិបតេយ្យ ដែលបានបាំងមិនឲ្យបាតុករចូលទៅធ្វើបាតុកម្ម ឫប្រមូលផ្តុំគ្នាអស់រយៈពេលជាច្រើនខែកន្លងមកហើយ។ ប៉ុន្តែបាតុកម្មនោះ បានប្រែក្លាយជាការប្រឈមមុខ រហូតឈានទៅដល់ការវាយតប់ដ៏ខ្លាំងក្លា។
ខុសប្លែកពីការធ្វើបាតុកម្មលើកមុនៗ ដែលក្រុមបាតុករតែងតែរងរបួស ប៉ុន្តែបាតុកម្មតវ៉ាកាលពីព្រឹកម៉ិញនេះ បែរជាក្រុមសន្ដិសុខ ដែលកន្លងមកជាអ្នកវាយទៅលើបាតុករនោះ រងនូវការវាយតប់ពីសំណាក់បាតុករវិញ បណ្ដាលឲ្យរបួសយ៉ាងហោច២០នាក់។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស មកពីសមគមការពារសិទ្ធិមនុស្ស អាដហុក លោក អំ សំអាត បានថ្លែងថា ស្ថានភាពបាតុកម្មកាលពីព្រឹកនេះ មានលក្ខណៈតឹងតែងយ៉ាងខ្លាំង ដែលពិបាកនឹងគ្រប់គ្រងបាន។ លោកបាននិយាយថា៖ «ទាំងសន្តិសុខក្តី ទាំងក្រុមអ្នកដែលមកតវ៉ានេះក្តី គឺស្ថិតក្នុងស្ថានភាពមួយ បែបញុះដែលមិនអាចគ្រប់គ្រងបាន»។
បន្ទាប់មកទៀត លោក ហូរ វ៉ាន់ និងលោក រៀល ខេមរិន្ទ្រ តំណាងរាស្រ្តជាប់ឆ្នោតមណ្ឌលភ្នំពេញ របស់គណបក្ស សង្គ្រោះជាតិដដែល ក៏បានចូលទៅបំភ្លឺពីករណីហឹង្សានេះ នៅស្នងការនគរបាលរាជធានីភ្នំពេញ ប៉ុន្តែមកទល់នឹងម៉ោងបួនរសៀលនេះ អ្នកទាំងពីរត្រូវបានឃាត់ខ្លួននៅទីនោះនៅឡើយ។ គេនៅមិនទាន់ដឹងថា តើក្រុមអ្នកតំណាងរាស្រ្តទាំងប្រាំរូបនេះ អាចនឹងត្រូវក្រុមអាជ្ញាធរបញ្ជូនខ្លួន ទៅតុលាការដើម្បីធ្វើការចោទប្រកាន់ ឬយ៉ាងណានោះទេ។
លោក កឹម សុខា ប្រធានស្តីទីនៃគណៈបក្សសង្រោះជាតិ និងសមាជិកព្រឹទ្ធសភាមួយចំនួន មកពីគណបក្ស សម រង្ស៊ី បានស្នើសុំឲ្យមានចរចាជាមួយនឹងអាជ្ញាធរ និងចូលទៅជួបអ្នកត្រូវជាប់ឃុំខ្លួន នៅស្នងការនគរបាលរាជធានីភ្នំពេញ តែត្រូវបានបដិសេធ។ មន្រ្តីស្នងការនគរបាលរាជធានីមួយរូប មិនបញ្ចេញឈ្មោះបានបញ្ជាក់ថា បើមន្ត្រីគណបក្សប្រឆាំងណា ចចេសរឹងរូសចង់ចូលក្នុងស្នងការនគរបាល ដោយគ្មានការអនុញ្ញាត នោះតាមបញ្ជា«ថ្នាក់»លើ ឲ្យធ្វើការចាប់ខ្លួនជាបន្ទាន់។
គួរបញ្ជាក់ដែរថា ដងវិថីនៅមុខស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានបិទទាំងស្រុង នាវេលាម៉ោងជាង៣ រសៀល ថ្ងៃទី១៥ ខែកក្កដានេះ ដោយអាជ្ញាធរបានពង្រាយកងកម្លាំងចម្រុះ ប្រមាណជាង២០០០នាក់ នៅជុំវិញតំបន់នោះ៕