ស៊ុយអែតព្រមានពិចារណាឡើងវិញ ពីទំនាក់ទំនងជាមួយកម្ពុជា បើរំលាយ CNRP
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២០ តុលា ២០១៧
- កែប្រែចុងក្រោយ: October 20, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រឹត្តិការណ៍នយោបាយចុងក្រោយ នៅកម្ពុជា បានបង្កការព្រួយបារម្ភខ្លាំងក្លា សម្រាប់បណ្ដាប្រទេសជាច្រើន ក្នុងសហភាពអ៊ឹរ៉ុប ដែលជាលំហរទីផ្សារនាំចេញ ធំជាងគេ របស់កម្ពុជា។ ក្នុងចំណោមប្រទេសទាំងនោះ ប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស និងអ៊ីតាលី បានបង្ហាញជំហររបស់ផងខ្លួនរួចហើយ។ ប៉ុន្តែនៅថ្ងៃនេះ ប្រទេសស៊ុយអែតបានបញ្ចេញសម្លេងខ្លាំងៗបន្ថែមទៀត តាមរយៈមន្ត្រីការទូតរបស់របស់ខ្លួន ថានឹងពិចារណាឡើងវិញ អំពីទំនាក់ទំនងជាមួយប្រទេសកម្ពុជា ប្រសិនណាជារដ្ឋាភិបាលលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ និងមានអាសនៈនៅក្នុងរដ្ឋសភា បន្ទាប់ពីគណបក្សកាន់អំណាច។
អ្នកស្រី អេននីកា ប៊ិន ដេវីដ (Annika Ben David) អគ្គរាជទូតទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋរបស់ប្រទេសស៊ុយអ៊ែត បានលើកឡើងពីជំហរខាងលើនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងនិវេសនដ្ឋាន ឬផ្ទះរបស់អគ្គរាជទូតស៊ុយអ៊ែត នៅរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី១៩ ខែតុលាម្សិលម៉ិញ ខណៈពេលដែលអ្នកស្រី បានបញ្ចប់ដំណើរទស្សនកិច្ចស្វែងយល់របស់អ្នកស្រី នៅកម្ពុជា។
Press meeting at the Swedish residence, #Cambodia pic.twitter.com/IYgxEJyb9A
— Annika Ben David (@annikabendavid) 19 octobre 2017
នេះជាដំណើរទស្សនកិច្ច លើកទី១ របស់អ្នកស្រី ដែលមកពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅក្រោយពេល រដ្ឋាភិបាលស៊ុយអ៊ែត សំដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះដំណើរការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យកម្ពុជា។ តែការព្រួយបារម្ភនេះ មិនមានន័យថា រដ្ឋាភិបាលស៊ុយអ៊ែត ជឿទាំងស្រុងអំពីដំណើរដើរថយក្រោយ នូវសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ អ្នកស្រីបញ្ជាក់ថា ដោយហេតុដូច្នេះហើយ ទើបអ្នកស្រីមកជួបដោយផ្ទាល់ ជាមួយគ្រប់ភាគីកម្ពុជា និងជាពិសេស ជាមួយតំណាងរដ្ឋាភិបាលកម្ពុជា។
អ្នកស្រី អេននីកា ប៊ិន ដេវីដ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អ្នកស្រីបានជួបជាមួយរដ្ឋមន្ត្រី២រូប គឺរដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន ហើយបានលើកនៅក្នុងជំនួប ជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ អំពីការរឹតត្បិត និងការបិទស្ថានីយវិទ្យុ។ អ្នកស្រីអះអាងថា រដ្ឋមន្ត្រីក្រសួងព័ត៌មានទទួលស្គាល់ ពីការបិទស្ថានីយវិទ្យុទាងនោះពិតមែន ប៉ុន្តែជាការធ្វើឡើង តាមច្បាប់របស់កម្ពុជា។ មន្ត្រីការទូតនៃប្រទេសស៊ុយអែត ផ្នែកសិទ្ធិមនុស្សរូបនេះ បានបញ្ជាក់ប្រាប់ទៅលោក ខៀវ កាញារីទ្ធ វិញថា អ្នកស្រីព្រួយបារម្ភ ដោយការអនុវត្តច្បាប់នេះ មិនស្មើភាពគ្នា និងបានសំដៅ ទៅលើតែក្រុមណាមួយ។
ប្រទេសស៊ុយអ៊ែត គឺជាម្ចាស់ជំនួយ ក្នុងទឹកប្រាក់ប្រមាណជា ១០០លានដុល្លារ ដើម្បីជួយទ្រទ្រង់ ផ្នែកការគោរពសិទ្ធិមនុស្ស នៅកម្ពុជា។ អ្នកស្រី អេននីកា ប៊ិន ដេវីដ បានថ្លែងថា ប្រទេសស៊ុយអែត ចង់ឃើញស្ថានភាពនៅកម្ពុជា បានវិលទៅរកសភាពដើមវិញ ដែលបើកឲ្យសារព័ត៌មាន និងសង្គមស៊ីវិល មានសេរីភាពពេញទី ក្នុងការបញ្ចេញមតិ និងគ្មានការដាក់គំនាប ទៅលើគណបក្សប្រឆាំង។ អ្នកស្រីថា គម្រោងរំលាយបក្សប្រឆាំង គឺជាការជ្រើសរើសផ្លូវដើរខុស។
កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានលើកដៃអនុម័ត ធ្វើវិសោធនកម្មច្បាប់ចំនួន៤ ដែលបើកផ្លូវ ឲ្យមានលទ្ធភាពក្នុងការរំលាយគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា ហើយដកហូតយកអាសនៈទាំងនោះ ទៅចែកឲ្យគណបក្សផ្សេងទៀត ទោះជាគណបក្សទាំងនោះ គ្មានការគាំទ្រ (ឬមានការគាំទ្រតិចតួច) ពីពលរដ្ឋម្ចាស់ឆ្នោតក៏ដោយ។
យ៉ាងណា ក៏ការពិចារណាជាថ្មី អំពីទំនាក់ទំនងជាមួយកម្ពុជា ពីសំណាក់រដ្ឋាភិបាលស៊ុយអែត មិនត្រូវបានអ្នកស្រី អេននីកា ប៊ិន ដេវីដ លើកឡើងលំអិត នៅក្នុងជំនួបជាមួយក្រុមអ្នកសារព័ត៌មាននោះទេ។ អ្នកស្រីបានពន្យល់ថា អ្នកស្រីនឹងយកបញ្ហាកម្ពុជា ទៅជម្រាបជូនរដ្ឋាភិបាលស៊ុយអែត ហើយការដកទូតស៊ុយអែត ចេញពីកម្ពុជា មិនមែនជាជម្រើសល្អមួយឡើយ។ ប៉ុន្តែរដ្ឋាភិបាលស៊ុយអ៊ែត នឹងព្យាយាមធ្វើអ្វីបន្ថែមទៀត ជាមួយរដ្ឋាភិបាលកម្ពុជា។
When minister @annikabendavid speaks out against repression of opposition party which has large popular support among Cambodians 2/2
— Kevin Doyle (@doyle_kevin) 19 octobre 2017
លោក អេនឌ្រីស ចូហានសុន (Andreas Johansson) អនុប្រធានផ្នែកសហប្រតិបត្តិការអភិវឌ្ឍ នៃស្ថានទូតស៊ុយអ៊ែត ហៅកាត់ថា SIDA បានពន្យល់ដែរថា ជំនួយរបស់រដ្ឋាភិបាលស៊ុយអ៊ែតនៅកម្ពុជា មានទៅលើវិស័យ៣សំខាន់ គឺលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស - ការងារ និងសិក្សាអប់រំ - និងបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ។ លោកអះអាងថា SIDA មានគម្រោងច្រើន លើវិស័យទាំង៣នេះ ប៉ុន្តែដោយសារមានព្រឹត្តិការណ៍ថ្មីៗនេះកើតឡើង ប្រទេសស៊ុយអ៊ែត កំពុងពិចារណាលើជំនួយទាំងនេះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី បានច្រានចោលការលើកឡើងខាងលើ និងបានចាត់ទុកទង្វើនេះ ជាការប្រមាថ និងជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុង នៃរដ្ឋអធិបតេយ្យមួយ។ លោកបានថ្លែងឡើងថា៖ «សកម្មភាពនេះ មិនអាចឲ្យរាជរដ្ឋាភិបាល ទទួលយកបានឡើយ»។
យីហោសម្លៀកបំពាក់ «H&M» របស់ប្រទេសស៊ុយអែត ដែលមានដាក់លក់ នៅតាមហាងធំៗ និងនៅតាមបណ្ដាទីផ្សារនានា ក្នុងពិភពលោក ជាពិសេសក្នុងសហភាពអ៊ឺរ៉ុប បានទទួលទិញយ៉ាងច្រើន នូវសម្លៀកបំពាក់ ពីរោងចក្រកាត់ដេរទាំងឡាយ នៅកម្ពុជា។ ការទទួលទិញសម្លៀកបំពាក់ ពីប្រទេសកម្ពុជា ដោយទីផ្សារនៅសហភាពអ៊ឺរ៉ុប និងនៅសហរដ្ឋអាមេរិកនេះ បានផ្ដល់ទៅឲ្យកម្មករកម្មការិនីខ្មែរ រាប់សិបពាន់នាក់ នូវការងារ និងប្រាក់ចំណូល ជាពិសេសជួយដល់សេដ្ឋកិច្ចកម្ពុជា ឲ្យមានសន្ទុះទៅមុខ៕