សម រង្ស៊ី ថា ហ៊ុន សែន ធ្លាប់​ធ្វើ​តែ​ការ​«កាត់​ច្បិច​មក​ចាប់​កំហុស»

អតីតប្រធានគណបក្សប្រឆាំង បានប្រតិកម្មតបទៅនឹងវីដេអូខ្លីមួយ ដែលមានចំណាស់ជាង៦ឆ្នាំ ហើយដែលត្រូវបាន រដ្ឋាភិបាលលោក ហ៊ុន សែន យកមកផ្សព្វផ្សាយ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយហៅវីដេអូនេះ ថាជាការ«កាត់ច្បិត» ក្រៅបរិបទនៃការថ្លែងរបស់លោក កាលពេលនោះ។
សម រង្ស៊ី ថា ហ៊ុន សែន ធ្លាប់​ធ្វើ​តែ​ការ​«កាត់​ច្បិច​មក​ចាប់​កំហុស»
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២០ តុលា ២០១៧
  • កែប្រែចុងក្រោយ: October 20, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«លោក ហ៊ុន សែន គាត់ធ្លាប់តែធ្វើអញ្ចឹង!» នេះ បើតាមការលើកឡើង របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីប្រតិកម្ម ទៅនឹងការផ្សព្វផ្សាយរបស់រដ្ឋាភិបាលលោក ហ៊ុន សែន កាលពីម្សិលម៉ិញ នូវវីដេអូឃ្លីបខ្លីមួយ មានរយៈពេលជាង១នាទី ដែលជាការថ្លែងរបស់លោក នៅចំពោះក្រុមអ្នកគាំទ្រ ក្នុងក្រុង ឡូវែល សហរដ្ឋអាមេរិក កាលពីខែមិថុនា ឆ្នាំ២០១១កន្លងទៅ។

នៅក្នុង​វីដេអូឃ្លីប​នោះ គេឮសូរលោក សម រង្ស៊ី ដែលកាលនោះជាប្រធានគណបក្ស សម រង្ស៊ី បាន​អំពាវនាវ ​ឲ្យ​កងទ័ព​បែរ​ចុង​ការ​ណុង ងាកមក​ផ្តួលរំលំ​របប​ដឹកនាំ​ របស់​លោក​​ ហ៊ុន សែន។

មេដឹកនាំប្រឆាំងរូបនេះ បាន​ថ្លែង​ក្នុង​វីដេអូឃ្លីប​ថា​៖ «​អ៊ីចឹង​ដូចជា​វា​ទុំ ផ្លែឈើ​វា​ទុំ វា​ស្ទើរ​តែ​ដង្កូវ​ស៊ី រុញ​តែ​បន្តិច​ទៅ​ធ្លាក់​ហើយ ការ​បះបោរ​ប្រជារាស្ត្រ​ផុសផុល​បន្តិច​។ យើង​ត្រូវការ​ការ​រៀបចំ​...​យើង​ត្រូវការ​ការ​ផ្គត់ផ្គង់ ឧបត្ថម្ភ​ខ្លះ​។ យើង​ត្រូវការ​ផ្ដល់​បង្អែក​ខ្លះ​ ដើម្បី​ឲ្យ​ការ​បះបោរ​ផ្ទុះ​ឡើង ហើយ​កងកម្លាំង​ប្រដាប់​អាវុធ​ភាគច្រើន​ គឺ​ចេញ​មកពី​ប្រជារាស្ត្រ​ខ្មែរ​ក្រ ប្រាក់ខែ​តិច រស់​អត់​បាន​ទេ បងប្អូន។​»​។

គេបានឮសំដី របស់អតីតប្រធានគណបក្ស សម រង្ស៊ី ក្នុងវីដេអូខ្លីនោះទៀតថា​៖ «​មាន​តែ​បែរ​​ចុង​កាណុង ​ដើម្បី​ផ្តួលរំលំ​របប​នេះ​ទៅ​។ នេះ​ ជា​សេចក្ដី​អំពាវនាវ​របស់​គណបក្ស សម រង្ស៊ី​។ រូប​ខ្ញុំ​ សម រង្ស៊ី សូម​អំពាវនាវ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ កងកម្លាំង​ប្រដាប់​អាវុធ​រួម​គ្នា​ទម្លាក់ ហ៊ុន សែន ចេញ​ពី​តំណែង​របប​ក្បត់​ជាតិ​។​ យើង​ត្រូវ​តែ​បញ្ចប់​នៅ​ពេល​នេះ​។ (...) ​យើង​ចង់​ឲ្យ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង ​កាន់តែ​ឆាប់​កាន់តែ​ល្អ​។»​។

នៅចំពោះការយកវីដេអូនេះ មកផ្សព្វផ្សាយឡើងវិញ ពីសំណាក់រដ្ឋាភិបាលកម្ពុជា ត្រូវបានលោក សម រង្ស៊ី ចេញមុខមកបកស្រាយថា វាជាសមិទ្ធផលថ្មីមួយទៀត នៃ«កាត់ត» ឬ«ច្បិចយក»មួយផ្នែក ពីការថ្លែងរបស់លោក ដើម្បីធ្វើការចាប់កំហុស ទៅលើរូបលោក។ លោកថា៖ «យើងអាចកាត់ត យើងអាចច្បិចខ្សែអាត់ណាមួយ វីដេអូឃ្លីបណាមួយ មកបង្ហាញក្រៅពីបរិបទរបស់វា។ គឺខុសពីន័យដើមរបស់វា»។

អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបដិសេធថា តែបើគេមើលទៅក្នុងបរិបទ នៃវីដេអូឃ្លីបទាំងមូលវិញ លោកមិនបាននិយាយដូច្នេះទេ។ លោក សម រង្ស៊ី បានពន្យល់ថា៖ «ខ្ញុំថា សុំមើលឧទាហរណ៍ជាប្រវត្តិសាស្ត្រ។ ឧទាហរណ៍លោក សូសេស្គូ (ឈ្មោះពេញ Nicolae Ceaușescu) ជាមេដឹកនាំផ្ដាច់ការ នៅប្រទេសរ៉ូម៉ានី។ តែនៅឆ្នាំ១៩៨៩ ប្រជារាស្ត្របះបោរ។ គាត់បញ្ជាកងទ័ព​ទៅបង្ក្រាបប្រជារាស្ត្រ តែកងទ័ព មិនសុខចិត្តបាញ់សម្លាប់ប្រជារាស្ត្រ កងទ័ពបែរចុងកាណុង ទៅបង្ក្រាប ទៅកំចាត់ថ្នាក់ដឹកនាំពុករលួយវិញ។ នេះ ជាឧទាហរណ៍ប្រវត្តិសាស្ត្រទេ ទោះខ្ញុំនិយាយ ឬមិននិយាយ បើនរណាសិក្សាពីប្រវត្តិសាស្ត្រ នឹងឃើញដូចគ្នា។»។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានវីដេអូដើមនោះទាំងស្រុង នៃការថ្លែងរបស់លោក ក្នុងជំនួបជាមួយអ្នកគាំទ្រ នៅក្រុង ឡូវែល សហរដ្ឋអាមេរិក និងសូមយកមកចាក់ផ្សាយទាំងស្រុង ដូចខាងក្រោម៖

យ៉ាងណា រដ្ឋាភិបាលកម្ពុជាកំពុងបង្ហាញពីគម្រោងរបស់ខ្លួន ក្នុងការដាក់ពាក្យបណ្ដឹងប្រឆាំងលោក សម រង្ស៊ី ជុំវិញការថ្លែងរបស់លោក នៅក្នុងវីដេអូដ៏ខ្លីខាងលើ។ នេះ បើតាមការអះអាង របស់លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។ 

លោក​ ឈុំ សុជាតិ បានថ្លែង​ថា​៖ «​ទង្វើ​នេះ​ ជា​ទង្វើ​មួយ​ដែល​យើង​មិន​អាច​អត់ឱន​បាន​។ យើង​សិក្សា​បន្ថែម​ ពី​ការ​ញុះញង់​បំបែក​បំបាក់​ជាតិ​​ព្រោះ​អាហ្នឹង​ ធ្វើ​ឲ្យ​បាត់​សន្តិសុខ​ជាតិ​​។ គាត់​ញុះញង់​ ឲ្យ​កងទ័ព​ប្រឆាំង​នឹង​រដ្ឋាភិបាល ​ប្រឆាំង​នឹង​​ការ​ដឹកនាំ​ ជា​អំពើ​មួយ​ដែល​ក្បត់ជាតិ​។ យើង​នឹង​ពិចារណា​តាម​ច្បាប់​ទៀត ហើយ​ឲ្យ​ដាក់​ទោសទណ្ឌ​តាម​ច្បាប់​។»

ប្រសិនជារដ្ឋាភិបាលកម្ពុជា ដាក់បណ្ដឹងនេះចូលទៅកាន់តុលាការ លោក សម រង្ស៊ី នឹងទទួលបានសំនុំរឿងក្ដីមួយទៀត បន្ថែមពីលើសំនុំរឿងជាច្រើន ដែលលោកកំពុងមាន នៅក្នុងប្រព័ន្ធតុលាការកម្ពុជា។ ក្នុងពេលកន្លងមក លោកបានចំអកទៅនឹងពាក្យបណ្ដឹងទាំងនោះថា ឲ្យប្ដឹងកាន់តែច្រើន កាន់តែល្អ ហើយលោកនឹងមិនចាប់អារម្មណ៍ ជាមួយប្រព័ន្ធតុលាការ ដែលលោកហៅថា ជា«អាយ៉ង»របស់រដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា នៅក្នុងប្រទេសនោះឡើយ។

តែអ្វីដែលគេឆ្ងល់ខ្លាំងជាងនេះនោះ គឺនៅត្រង់ថា ហេតុអ្វីរដ្ឋាភិបាលលោក ហ៊ុន សែន ងាកមកចាប់អារម្មណ៍លើលោក សម រង្ស៊ី ខណៈមន្ត្រីរដ្ឋាភិបាល ក៏ដូចជាមន្ត្រីគណបក្សប្រជាជនកម្ពុជា ក្នុងពេលកន្លងមក តែងចាត់ទុកមេដឹកនាំប្រឆាំងរូបនេះ ថា«មិនសំខាន់» ឬ«ហួសដឺឡេ (Délais)»ទៅហើយនោះ? ក្រុមអ្នកឃ្លាំមើល បានយល់ឃើញថា ការយកវីដេអូដ៏ចាស់ជរា មកបង្ហោះឡើងវិញបែបនេះ កើតចេញពីហេតុផលនយោបាយ ច្រើនជាងហេតុផល«ផ្លូវច្បាប់» និងជាពិសេស រដ្ឋាភិបាលលោក ហ៊ុន សែន គ្រាន់តែចង់បន្ថែមងារ «ជនក្បត់ជាតិ» ឬតាមភាសាលោក ហ៊ុន សែន ថា«អាក្បត់ជាតិ» ឲ្យលោក សម រង្ស៊ី ដើម្បីងាយហៅជាងមុនប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...