អតីតនាយករដ្ឋមន្ត្រីបារាំង ត្រឡប់មកធ្វើជារដ្ឋមន្ត្រីការបរទេស
នៅប្រទេសបារាំង ការលាឈប់ ឬការផ្លាស់ប្ដូរតំណែង នៅក្នុងជួររដ្ឋាភិបាល មិនមែនជារឿងចម្លែកនោះទេ។ គ្រាន់តែថា ជារឿងដ៏កម្រមួយ ដែលអតីតនាយករដ្ឋមន្ត្រី ចេញពីតំណែងមួយរូប បានត្រឡប់ចូល មកធ្វើជាសមាជិក ឲ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីមួយរូប ដែលធ្លាប់ជារដ្ឋមន្ត្រីក្រោមបង្គាប់ខ្លួន។
បើតាមសេចក្ដីប្រកាស ចេញផ្សាយជាផ្លូវការ ដោយវិមានប្រធានាធិបតីបារាំង បានឲ្យដឹងថា លោក ហ្សង់ម៉ាក អារ៉ូល៍ (Jean-Marc Ayrault) ដែលជាអតីតនាយករដ្ឋមន្ត្រី រវាងពីឆ្នាំ២០១២ មកទល់នឹងឆ្នាំ២០១៤ បានត្រឡប់មកធ្វើជារដ្ឋមន្ត្រីការបរទេស នៅក្នុងរដ្ឋាភិបាលរបស់លោក ម៉ានុយអែល វ៉ាល់ (Manuel Valls) ដែលត្រូវបានរុះរើតំណែងជាថ្មី នៅក្នុងថ្ងៃព្រហស្បត្តិ៍ទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ គេនៅចាំដែរថា លោក ម៉ានុយអែល វ៉ាល់ ធ្លាប់ជារដ្ឋមន្ត្រីមហាផ្ទៃ របស់រដ្ឋាភិបាលរបស់លោក ហ្សង់ម៉ាក អារ៉ូល៍ មុននឹងលោកក្លាយជានាយរដ្ឋមន្ត្រី [...]