បំផ្ទុះគ្រាប់បែកក្នុងឡាន ដើម្បីវាយប្រហារស្ថានទូតបារាំងប្រចាំនៅលីប៊ី
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 24, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ថានទូតបារាំងក្នុងរដ្ឋធានីទ្រីប៉ូលីប្រទេសលីប៊ី បានរងនូវការបំផ្ទុះគ្រាប់បែក ថ្ងៃអង្គារនេះ ដែលទំនងជាបណ្ដាលមកពីរថយន្ដចតចោលនៅក្បែរនោះ បង្កឲ្យកម្លាំងប្រដាប់អាវុធបារាំងពីររូប ដែលរក្សាសន្តិសុខនៅទីនោះបានរងរបួស ក្នុងនោះម្នាក់រងរបួសធ្ងន់។
រូបថតនៅក្រោយពេលភេវរកម្ម ខណៈរថយន្ដដែលត្រូវបានបំផ្ទុះ នៅកំពុងឆេះនៅឡើយ។
គេនឹងមិនទាន់ដឹងពីមូលហេតុ និងនរណាជាអ្នកទទួលខុសត្រូវនោះនៅឡើយ ហើយក៏នៅមិនទាន់មាន ការ«ចេញមកប្រកាស»ទទួលខុសត្រូវណាមួយនោះដែរ។ នាយករដ្ឋមន្ត្រីបារាំង លោកហ្សង់ម៉ាក អារ៉ូល៍ (Jean-Marc Ayrault) បាននិយាយថា កិច្ចអន្តរាគមន៍នៅប្រទេសម៉ាលីរបស់បារាំង ប្រឆាំងនឹងក្រុមឧទ្ទាមអ៊ីស្លាមនិយម ត្រូវបានគិតថាជាដើមហេតុនៃអំពើភេវរកម្មនេះ។
ប្រធានាធិបតីបារាំង លោកហ្វ្រង់ស័រ ហូឡង់ (François Hollande) បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងអំពើភេវរកម្ម។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ វិមានប្រធានាធិបតីអេលីហ្សេរ បានបញ្ជាក់ថា «បារាំងរងចាំពីអាជ្ញាធរនៃប្រទេសលីប៊ី នូវការបកស្រាយមួយ ស្ដីពីអំពើមិនអាចទទួលយកបាននេះ ហើយអ្នកទទួលខុសត្រូវរបស់វា ត្រូវបានកំណត់អត្តសញ្ញាណ និងយកទៅកាត់ទោស។ អំពើធ្វើចំពោះបារាំងនេះ មានគោលដៅវាយប្រហារសហគមន៍អន្តរជាតិ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងអំពើរភេវរកម្ម។»
ប្រមុខការទូតបារាំង លោក ឡូរ៉ង់ ហ្វាប៊ីយូស (Laurent Fabius) បានដំណើរទៅកាន់ទីកន្លែងកើតហេតុ ហើយបានប្រកាសថា ជាអំពើរ«គួរអោយស្អប់ខ្ពើម»មួយ។ លោកថាប្រសិនបើបុគ្គលិកស្ថានទូត មានវត្ថមាននៅពេលនោះ វាប្រាកដជាវិនាសកម្មមួយ យ៉ាងអាណោចអាធម ឲជាទីបំផុត។ ពីទីនោះដដែល លោកបានប្រកាសពីការពង្រឹកសុវត្ថិភាព នៃគ្រប់ស្ថាប័នបារាំងប្រចាំនៅតំបន់បូព៌ាកណ្ដាល ហើយបញ្ជាក់ថាកងកម្លាំងអន្តរាគមន៍ពិសេសរបស់បារាំងមួយ នឹងត្រូវបញ្ជូនទៅកាន់រដ្ឋធានីនៃប្រទេសលីប៊ី។
អំពើភេវរកម្មបានកើតឡើង នៅម៉ោងប្រមាណជា០៧ព្រឹកថ្ងៃទី២៣ខែមេសា។ នាយនគរបាលរដ្ឋធានីទ្រីប៉ូលី បាននិយាយថា គ្រឿងបំផ្ទុះត្រូវបានរៀបចំដាក់នៅក្នុងរថយន្ថ ដែលចតនៅមុខស្ថានទូត។ តុល្យភាពនៃការខូតខាត៖ របងស្ថានទូតមួយផ្នែក និងផ្នែកខាងមុខនៃអាគារកំពស់ពីរជាន់របស់ស្ថានទូត ត្រូវបានបាក់ រថយន្ដពីរគ្រឿងបានឆេះ និងមួយគ្រឿងទៀតខូត។ ជាលើកទីមួយហើយ ដែលតំណាងកុងស៊ុលបរទេស ប្រចាំនៅទីក្រុងទ្រីប៉ូលី បានក្លាយជាគោលដៅវាយប្រហារ បន្ទាប់ពីការស្លាប់របស់មេដឹកនាំផ្ដាច់ការ មូអាម៉ា ហ្គាដាហ្វី (Mouammar Kadhafi) នៅឆ្នាំ២០១១នោះមក។
កាលពីខែកញ្ញាឆ្នាំទៅម៉ិញ ស្ថានទូតអាមេរិកនៅបេនហ្គាស៊ី (Benghazi) ផ្នែកខាងកើតនៃប្រទេសលីប៊ី ធ្លាប់ជាគោលដៅមួយដូចគ្នាដែរនៃការវាយប្រហារ ធ្វើអោយមន្ត្រីការទូតអាមេរិកបួនរូបស្លាប់ ក្នុងនោះមានអគ្គរដ្ឋទូតម្នាក់ផង។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលីប៊ី លោក អាឆួ ជូអៃ (Achour Chouail) នៅមិនទាន់អាចបញ្ជាក់បាននៅឡើយ ថាអំពើភេវរកម្មទាំងពីរ មានការជាប់ទាក់ទិនគ្នានោះ។ លោករដ្ឋមន្ត្រីបានប្រកាសថា គណកម្មាធិការស៊ើបអង្កេតមួយ ត្រូវបានបង្កើតឡើង ដើម្បីស្រាវជ្រាវពីសំនុំរឿងទាំងនេះ។
សូមរំលឹកថា កាលពីថ្ងៃសុក្រកន្លងមនេះ បណ្ដាញភេវរនិយម អាលកៃដា (Al-Qaida) ប្រចាំនៅតំបន់អាហ្វ្រិកខាងជើង ហៅកាត់ថា អាកមី (Aqmi) បានគម្រាមវាយប្រហារសងទៅប្រទេសបារាំង ដើម្បីឆ្លើយតបនឹងកិច្ចអន្តរាគមន៍យោធាបារាំងនៅប្រទេសម៉ាលី ដែលមកទល់នឹងពេលនេះ បានបណ្ដេញក្រុមឧទ្ទាមអ៊ីស្លាមនិយម សឹងជាស្ថាពរទៅហើយ ពីប្រទេសនៅទ្វីបអាហ្វ្រិកកណ្ដាលមួយនេះ៕
-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ