ភេរវកម្មស្វាគមន៍ប្រធានាធិបតីបារាំង សម្លាប់មនុស្ស៣២នាក់ នៅអៀរ៉ាក់
- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី០២ មករា ២០១៧
- កែប្រែចុងក្រោយ: January 02, 2017
- ប្រធានបទ: ភេរវនិយម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អំពើភេរវកម្មអត្តឃាត ដោយបើករថយន្ដ ទៅបំផ្ទុះគ្រាប់បែក បានកើតឡើងយ៉ាងកក្រើក នៅក្នុងសង្កាត់មួយកណ្ដាលរដ្ឋធានី បាដាដ ប្រទេសអៀរ៉ាក់ ដែលសម្បូរទៅដោយ អ្នករស់នៅជាតិអៀរ៉ាក់ កាន់សាសនាអ៊ីស្លាម និកាយស៊ីអ៊ីត។ តុល្យភាពនៅពេលនេះ ដែលផ្ដល់ដោយនគរបាលអៀរ៉ាក់ បានឲ្យដឹងថា មនុស្សចំនួន៣២នាក់ បានស្លាប់ និង៦១នាក់ បានរងរបួស។ ជនរងគ្រោះភាគច្រើន ជាកម្មករបណ្ដែត ដែលកំពុងឈរតម្រៀបជួរគ្នា រង់ចាំការសុំការងារធ្វើ នៅនឹងកន្លែង ស្ថិតក្នុងសង្កាត់ «Sadr City» ភាគឦសាននៃរដ្ឋធានី។
ហេតុការណ៍ដ៏រន្ធត់ បានកើតឡើងស្របពេល នឹងដំណើរទស្សនកិច្ច រយៈពេលខ្លីមួយ របស់ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) នៅរដ្ឋធានីបាដាដ។
នៅមុននេះប៉ុន្មានម៉ោង លោកប្រធានាធិបតីបានទៅជួប លើកទឹកចិត្តកងទ័ពបារាំង ដែលកំពុងមានវត្តមាន នៅក្នុងប្រទេសអៀរ៉ាក់ ដើម្បីជួយប្រទេសនេះ និងដើម្បីធ្វើការប្រយុទ្ធ តតាំងនឹងក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI អង់គ្លេសហៅ ISIS)។ ក្នុងឱកាសនោះ លោក ហ្វ្រង់ស៊័រ ហូឡង់ ថែមទាំងបានសំដែងក្ដីសង្ឃឹមថា ឆ្នាំ២០១៧នេះ នឹងក្លាយជាឆ្នាំនៃជ័យជំនះ លើអំពើភេរវនិយម។
នៅចំពោះកងទ័ពបារាំង ជាច្រើនសិបនាក់ លោកប្រធានាធិបតី បានថ្លែងថា៖ «ប្រតិបត្តិការប្រឆាំងនឹងភេរវនិយម នៅទីនេះ នៃប្រទេសអៀរ៉ាក់ ក៏ដូចជាកំពុងការពារ ប្រទេសបារាំង ប្រឆាំងនឹងភេរវនិយម នៅលើទឹកដីរបស់យើងអញ្ចឹងដែរ។ (...) ហើយអ្វីៗទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការកសាងប្រទេសអៀរ៉ាក់ឡើងវិញ ក៏ជាការការខិតខំប្រឹងប្រែង មួយផ្នែកទៀត សម្រាប់ប្រទេសរបស់យើង ក្នុងការបញ្ជៀសទង្វើភេរវកម្ម ពីសំណាក់ក្រុមរដ្ឋអ៊ីស្លាម។»។
តែបើមើលទៅលើទង្វើភេរវកម្ម ដែលកើតមានសឹងជារៀងរាល់ថ្ងៃ នៅក្នុងប្រទេសអៀរ៉ាក់ ជាពិសេសកើតមានឡើង នៅចំថ្ងៃធ្វើទស្សនកិច្ច របស់លោកប្រធានាធិបតីបារាំងនេះ តើវាមិនមែនជាស្វាគមន៍ តាមបែបចំអក ទៅកាន់បណ្ដាប្រទេសសម្ព័ន្ធទាំងអស់ ដែលកំពុងធ្វើការប្រយុទ្ធ ទល់នឹងអង្គការភេរវនិយមមួយនេះទេ ឬយ៉ាងណា៕