លប់ចោលជើងហោះហើរជាច្រើននៅប៉េកាំង ព្រោះ... ជាតិពុល!
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២០ ធ្នូ ២០១៦
- កែប្រែចុងក្រោយ: December 21, 2016
- ប្រធានបទ: បំពុលបរិស្ថាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នេះ ជាការប្រកាសអាសន្ន ក្នុងថ្ងៃទី៥ហើយ ទាក់ទងនឹងផ្សែងពុល ដែលកំពុងបង្ហាញវត្តមាន នៅក្នុងបរិយាកាស នៃរដ្ឋធានីប៉េកាំង ដែលមានប្រជាជនរស់នៅ ដល់ទៅជាង១១លាននាក់។ ជាលទ្ធផលសម្រាប់ថ្ងៃអង្គារទី២០ ខែធ្នូនេះ ជើងហោះហើរចំនួន២១៧ ត្រូវបានលប់ចោល ដោយសារផ្សែងអ័ព្ទ បានរំខានដល់ផ្លូវហោះហើរ ដែលយន្ដហោះត្រូវប្រើប្រាស់។ នេះបើតាមសេចក្ដីប្រកាស របស់ព្រលានយន្ដហោះអន្តរជាតិ នៃរដ្ឋធានីប៉េកាំង ដែលចេញផ្សាយឲ្យដឹង នៅវេលាថ្ងៃត្រង់។
មិនត្រឹមតែប៉ុណ្ណឹងទេ ផ្សែងអ័ព្ទដ៏ក្រាស បានបង្ខំឲ្យអាជ្ញាធររដ្ឋធានី បិទផ្លូវល្បឿនលឿន (ភាសាអង់គ្លេសហៅ HighWay ឬភាសាបារាំងហៅ AutoRoute) ជាច្រើនខ្សែ ដើម្បីបង្កាសុវត្ថិភាពចរាចរណ៍។
តាំងពីថ្ងៃសុក្រសប្ដាហ៍មុន ទីក្រុងធំៗចំនួនជាង២០ ស្ថិតនៅភាគឦសាននៃប្រទេសចិន ត្រូវបានប្រកាសឲ្យស្ថិតក្នុងភាពអាសន្ន ដែលមានកម្រិតពណ៌ក្រហម ជុំវិញនឹងសារជាតិពុល នៅក្នុងបរិយាកាស។ ស្ថានការណ៍នេះ នឹងអនុញ្ញាតឲ្យអាជ្ញាធរ ចាត់វិធានការទៅលើចលករពាក់ព័ន្ធមួយចំនួន ដើម្បីកាត់បន្ថយសារជាតិពុល មានដូចជា បិទការដ្ឋានសំណង់ បង្កើតឲ្យមានការធ្វើចរាចរណ៍ឆ្លាស់គ្នា និងបិទសាលារៀនជាដើម។
កម្រិតជាតិពុល ដែលមាននៅក្នុងបរិយាកាស នៃរដ្ឋធានីប៉េកាំង មានរហូតដល់ទៅ ២,៥ (PM 2,5) ដែលជាកម្រិតមួយបង្កគ្រោះថ្នាក់ ដល់សុខភាព សម្រាប់អ្នកដែលដែលបានដកដង្ហើម យកសារជាតិនេះ ចូលទៅក្នុងសួត។ នេះបើតាមរបាយការណ៍ របស់អង្គការសុខភាពពិភពលោក។ ហើយតួលេខខាងលើនេះ ជាការប្រកាសដោយផ្ទាល់ ពីសំណាក់ក្រសួងបរិស្ថានចិន ដែលបានលើសពីកម្រិតរាល់ដង ដែលកន្លងមកតែងប្រកាសឡើង ដោយស្ថានទូតអាមេរិក ប្រចាំនៅរដ្ឋធានីប៉េកាំង។
បណ្ដាជនចិន អ្នករស់នៅក្នុងរដ្ឋធានី ដែលពីមុនមក មិនសូវជាខ្វល់ខ្វាយប៉ុន្មាន ពីបញ្ហាសារជាតិពុល បានចាប់ផ្ដើមពាក់ស្រោមមុខ ជាទូទៅ ដើម្បីបង្កាជាតិពុល នៅក្នុងប៉ុន្មានថ្ងៃនេះ។ អ្នកប្រើប្រាស់បណ្ដាញសង្គម កាន់តែច្រើនឡើង បានធ្វើប្រតិកម្ម បង្ហាញពីក្ដីកង្វល់របស់ពួកគេខុសៗគ្នា មានដូចជា៖
«ខ្ញុំមានអារម្មណ៍ថា គ្រាប់បែកនុយក្លេអ៊ែរ បានផ្ទុះនៅប៉េកាំង កាលពីព្រឹកម៉ិញ»
«ខ្ញុំមានការចុកចាប់ខ្លាំងណាស់ នៅក្នុងបំពង់ក។ ហើយឥឡូវនេះ ខ្ញុំចាប់ផ្ដើមឈឺក្បាល។»
«អ្វី ដែលអ្នករស់នៅប៉េកាំង ត្រូវធ្វើ គឺទ្រាំ តែកុំតវ៉ាជំទាស់អ្វីទាំងអស់ ព្រោះគណបក្សកុម្មុយនីសបានដឹកនាំយើង ល្អខ្លាំងបំផុត»៕