មន្ត្រី​រាជ​អាវុធ​ហត្ថ​វាយ​ដុំ​អ្នក​កាសែត ពេល​ចុះ​អង្កេត​បទ​ល្មើស​ព្រៃ​ឈើ

បន្ទាប់ពីអ្នកសារព័ត៌មានចំនួនបីនាក់ នៅក្នុងខេត្តបីផ្សេងគ្នា ត្រូវបានមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រើ​ហិង្សាវាយដំផ្ទួនៗគ្នារយៈពេលបីថ្ងៃ ក្នុងពេលចុះយកព័ត៌មានបទល្មើសព្រៃឈើនោះ ក្លឹបអ្នកកាសែតកម្ពុជា បាន​ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះមន្ត្រីកងរាជអាវុធហត្ថ ដោយអំពាវនាវទៅដល់ស្ថាប័នរដ្ឋាភិបាល បើកការស៊ើបអង្កេត ដើម្បីនាំយកជនបង្កហេតុ មកដោះស្រាយតាមផ្លូវច្បាប់។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: April 20, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីអ្នកសារព័ត៌មានចំនួនបីនាក់ នៅក្នុងខេត្តបីផ្សេងគ្នា ត្រូវបានមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រើ​ហិង្សាវាយដំផ្ទួនៗគ្នារយៈពេលបីថ្ងៃ ក្នុងពេលចុះយកព័ត៌មានបទល្មើសព្រៃឈើនោះ ក្លឹបអ្នកកាសែតកម្ពុជា បាន​ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះមន្ត្រីកងរាជអាវុធហត្ថ ដោយអំពាវនាវទៅដល់ស្ថាប័នរដ្ឋាភិបាល បើកការស៊ើបអង្កេត ដើម្បីនាំយកជនបង្កហេតុ មកដោះស្រាយតាមផ្លូវច្បាប់។


សកម្មភាពជួញឈើ នៅក្នុងប្រទេសកម្ពុជា។ (រូបថតឯកសារ AFP)

សេរីភាពនៃសារព័ត៌មាន - សេចក្តីថ្លែងការណ៍របស់ក្លឹបអ្នកកាសែតកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១៨ ខែ​មេសា ឲ្យដឹងថា ក្លិបអ្នកកាសែតកម្ពុជា សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាពអ្នកសារព័ត៌មាន និងអំពី​សេរីភាពបញ្ចេញមតិនៅកម្ពុជា។ ការព្រួយបារម្ភនេះ កើតឡើងបន្ទាប់ពីស្ថាប័នការពារអ្នកកាសែតមួយនេះ បានកត់​សម្គាល់ឃើញថា អ្នកសារព័ត៌មានមួយចំនួនបានប្រឈមមុខ ជាបន្តបន្ទាប់ជាមួយមន្ត្រី សមត្ថកិច្ចកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស ខណៈដែលអ្នកសារព័ត៌មានទាំងនោះបានចុះយកព័ត៌មាន ជុំវិញសកម្មភាពឈ្មួញរកស៊ីឈើ​ខុស​ច្បាប់ ហើយត្រូវបានសមត្ថកិច្ច និងឈ្មួញរកស៊ីឈើខុសច្បាប់ ចាប់ខ្លួន និងវាយដំយ៉ាងដំណំ។

សេចក្តីថ្លែងការណ៍បានលើកឡើងថា៖ «ក្លឹបអ្នកកាសែតកម្ពុជា ចាត់ទុកសកម្មភាពរបស់សមត្ថកិច្ច និងឈ្មួញថា ជា​ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្មារតី និងសុវត្ថិភាពអ្នកសារព័ត៌មាន ដែលកំពុងបំពេញបេសកម្មតាមវិជ្ជាជីវៈ និង​ជា​ចេតនារារាំងដល់ការអនុវត្តសិទ្ធិសេរីភាព នៃការបញ្ចេញមតិ រួមទាំងបន្ទុចបង្អាក់ដោយផ្ទាល់ ដល់ដំណើរការ​អនុវត្ត លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។

សេចក្តីថ្លែងការណ៍បានបន្តថា រយៈពេលចុងក្រោយនេះអ្នកសារព័ត៌មាន ត្រូវប្រឈមមុខជាបន្តបន្ទាប់ជាមួយ​នឹង​សមត្ថកិច្ច គឺមេបញ្ជាការរងកងរាជអាវុធហត្ថ លោក ឡាយ សុភាព និងលោក គង់ ធារិទ្ធ ហៅឆ្លាម ជាជំនួយការកង​រាជ​អាវុធហត្ថក្រុងព្រះវិហារ ខេត្តព្រះវិហារ ព្រួតគ្នាវាយអ្នកកាសែតកម្ពុជាថ្មី គឺលោក សន មង្គល នៅថ្ងៃទី ១០ ខែ មេសា ខណៈរូបលោកចុះថតរថយន្ត ដែលសង្ស័យថាដឹកឈើខុសច្បាប់។ ហើយនៅថ្ងៃទី ១១ ខែមេសា អ្នក​សារព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៩ ប្រចាំខេត្តពោធិ៍សាត់ លោក ហ៊ុន សាម៉ុន ត្រូវបានសមត្ថកិច្ច​ចាប់​ខ្លួន ដោយចោទពីបទជំរិតទាប្រាក់ នៅពេលដែលចុះទៅយកព័ត៌មានឈ្មួញដឹកឈើខុសច្បាប់។ ហើយនៅថ្ងៃទី ១២ ខែ មេសា លោក សែម បូណា អ្នកយកព័ត៌មានឲ្យកាសែតឆន្ទៈខ្មែរ ត្រូវឈ្មួញរកស៊ីឈើខុសច្បាប់ពីរនាក់ ព្រួយគ្នា​វាយដំដែរ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា៖ «ក្លឹបថ្កោលទោសចំពោះជនល្មើស និងអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ​អនុវត្ត​ច្បាប់ នៅកម្ពុជាដោយធ្វើការស៊ើបអង្កេត និងវែកមុខអ្នកប្រព្រឹត្តបទល្មើស មកដោះស្រាយតាមច្បាប់ ដើម្បីផ្តល់​យុត្តិធម៌​ពិតប្រាកដដល់ជនរងគ្រោះ»។

លោក សន មង្គល បានថ្លែងឲ្យដឹងថា នៅថ្ងៃដែលកើតហេតុនោះ លោកនិងរថយន្តរបស់មន្ត្រីប៉ូលីស បានបើកស្ទាក់​រថយន្តឡុចស៊ីសដែលសង្ស័យថា ដឹកឈើក្រញូង រូចទៅដល់កន្លែងមន្ត្រីកងរាជអាវុធហត្ថ ដែលដាក់ឆែកឆេរនោះ លោកក៏បានចុះទៅថតរថយន្តនោះ ស្រាប់តែមន្ត្រីកងរាជអាវុធហត្ថលោក ឡាយ សុភាព បានមកថតរូបលោក​និង​រថយន្តរបស់លោកវិញ ហើយបានវាយលោកតែម្តង ដោយពុំបានបញ្ជាក់ពីហេតុផល។ លោកបានថ្លែងឲ្យដឹង​ទៀត​ថា៖ «គាត់ជាមន្ត្រីប៉េអឹម ប៉ុន្តែស៊ីឈ្នួលកាងផ្លូវឲ្យឈ្មួញដឹកឈើខុសច្បាប់ គេមិនចាប់រថយន្តដឹកឈើខុសច្បាប់​នោះ​ទេ ប៉ុន្តែគេវាយខ្ញុំទៅវិញ។ ទង្វើទាំងនេះគឺខុសច្បាប់ទាំងស្រុង។»។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ពុំអាចទំនាក់ទំនង លោក ខេង ទីតូ អ្នកនាំពាក្យរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បី​ធ្វើការ​អត្ថាធិប្បាយបានទេ ដោយទូរស័ព្ទពុំមានអ្នកទទួល។

លោកបានឲ្យដឹងទៀតថា បន្ទាប់ពីកើតហេតុបានមួយថ្ងៃ លោកបានដាក់ពាក្យបណ្តឹងទៅតុលាការខេត្ត ដោយប្តឹង​ពីបទប្រើប្រាស់អំពើហឹង្សា និងប៉ុនប៉ងមនុស្សឃាត ដើម្បីឲ្យសមត្ថកិច្ចជំនាញរកយុត្តិធម៌សម្រាប់លោក។ លោកថា៖ «ខ្ញុំជាអ្នកការសែតគ្មានធ្វើអ្វី ក្រៅពីសួរនាំគេដើម្បីបានព័ត៌មាន និងថតរូបនោះទេ ហេតុអ្វីបានជាវាយខ្ញុំទៅវិញ»។

សូមរម្លឹកផងដែរថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ ភ្នាក់ងារសារព័ត៌មានវរជនខ្មែរ ប្រចាំខេត្តរតនៈគីរី គឺលោក ហង្ស សេរីឧត្តម ត្រូវបានសមត្ថកិច្ចសម្លាប់នៅក្នុងខេត្តនោះ។ ក្រោយមកតុលាការ បានចាប់ខ្លួនមន្ត្រីកងរាជ​អាវុធ​ហត្ថម្នាក់ និងប្រពន្ធរបស់ខ្លួន ដែលជាប់ចោទពីបទឃាតកម្មនោះ។ ឃាតកម្មនេះ ត្រូវបានអ្នកស៊ើបអង្កេតរកឃើញថា ទាក់ទងរឿងរកស៊ីឈើខុសច្បាប់។

កាលពីឆ្នាំ២០១៣ អង្គការការពារសេរីភាពសារព័ត៌មានឈ្មោះ ហ្វ្រីដឹម ហៅស៍ (Freedom House) បានដាក់ចំណាត់​ថ្នាក់ខាងសេរីភាពសារព័ត៌មាននៅកម្ពុជា ស្ថិតក្នុងប្រភេទប្រទេស ដែលគ្មានសេរីភាពសារព័ត៌មានទាំងស្រុង។ នៅ​ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ មានអ្នកសារព័ត៌មានកម្ពុជាប្រមាណ ១០នាក់ត្រូវបានគេសម្លាប់៕

------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី២០ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...