សាសា និយាយពីញាតិសន្ដានត្រកូល «ជួប សម្លាប់»
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 25, 2016
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រសិនជាអ្នកផង បានសរសេរចម្រៀង កំណាព្យ ឬសារលិខិតមរណទុក្ខ ដើម្បីសម្ដែងការអាឡោះអាល័យ ចំពោះមរណភាពរបស់លោក កែម ឡី នោះ តែសម្រាប់កញ្ញា ឯក សុជាតា ហៅ សាសា វិញ បានជ្រើសរើសរឿងកំប្លែងខ្លីមួយ មកបង្ហោះផ្សាយ។ រឿងខ្លីនោះ ទំនងជាអតីតពិធីការិនីទូរទស្សន៍រូបនេះ ចង់និយាយចំអកពីពូជផៅសន្ដាន និងបងប្អួនត្រកូលជាប់ខ្សែ ជាមួយជនសង្ស័យ «ជួប សម្លាប់» ដែលត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួននៅក្រោយឃាតកម្មភ្លាមៗ ហើយបញ្ជូនទៅតុលាការនៅប៉ុន្មានថ្ងៃក្រោយមក។
នេះជាអត្ថន័យទាំងស្រុង នៃរឿងកំប្លែងខ្លី របស់អតីតតារាទូរទស្សន៍ មានឈ្មោះហៅក្រៅ សាសា ដែលនាងបានបង្ហោះ នៅលើគណនីហ្វេសប៊ុករបស់នាង ក្នុងថ្ងៃនេះ៖
-----------
ពេលនាំឃាតករមកសួរចម្លើយ...
ចៅក្រម: អ្នកឯងឈ្មោះអី?
ឃាតករ: ខ្ញុំឈ្មោះ ជួប សម្លាប់។
ចៅក្រម: ស្អី? ចុះឪពុកម្តាយឈ្មោះអី?
ឃាតករ: ឪពុកខ្ញុំឈ្មោះ ជួប សម្លុត ម្តាយឈ្មោះ ជួប សំឡេះ។
ចៅក្រម: វាមិនដែល... អ្នកឯងកុហកយើងទេដឹង?
ឃាតករ: នេះជាការពិតលោក។
ចៅក្រម: ចុះប្រពន្ធកូនឈ្មោះអី?
ឃាតករ: ប្រពន្ធឈ្មោះ ជួប សម្លឹង កូនខ្ញុំឈ្មោះ ជួប សុំលុយ។
ចៅក្រម: យីអើ!... ចឹងយើងសូមប្រាប់ថា: ថ្ងៃនេះលោកព្រះរាជអាជ្ញាឈ្មោះ ជួប ចោទ បានចោទប្រកាន់អ្នកឯងមកដល់យើង ដោយមានលោកក្រឡាបញ្ជីឈ្មោះ ជួប កត់ ជាអ្នកកត់ត្រា យើងជាចៅក្រមសើុបអង្កេតឈ្មោះ ជួប ឃុំ សម្រេចបញ្ជូនអ្នកឯង ទៅពន្ធនាគារឈ្មោះ ជួប គ្មានថ្ងៃចេញ ជាបណ្តោះអាសន្ន។
ឯណាលោក ជួប វ៉ៃខ្នោះ យកជនល្មើសចេញទៅ !!
ឃាតករ: វាមិនដែល...
--------------
សូមរំលឹកជូនថា លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បីឈ្មោះ ត្រូវបានជនប្រដាប់អាវុធ បាញ់សម្លាប់យ៉ាងព្រៃផ្សៃ នៅក្នុងហាង ស្តាម៉ាត នៃស្ថានីយឥន្ទនៈ កាល់តិច សាខាបូកគោ កណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ មកដល់ថ្ងៃនេះ ជនសង្ស័យតែមួយគត់ ដែលដាក់រហស្សនាមខ្លួន ជួប សម្លាប់ ត្រូវបានឃាត់ខ្លួន និងចោទពីបទធ្វើឃាតកម្ម ដោយគ្រោងទុកជាមុន។ រីឯសពលោក កែម ឡី វិញ ត្រូវបានដង្ហែទៅកាន់ស្រុកកំណើតរបស់លោក នាខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែកក្កដាម្សិលម៉ិញ និងត្រូវបានទៅបញ្ចុះ ក្នុងថ្ងៃនេះ៕