សម្ភាស កែម ឡី៖ ស្ថាប័នរដ្ឋរងឥទ្ធិពលនយោបាយ ធ្វើឲ្យខូចតម្លៃខ្លួន
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 08, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នូវរាល់លិខិត ឬសេចក្តីថ្លែងការណ៍ ដែលចេញដោយក្រសួងស្ថាប័នរដ្ឋ ឬស្ថាប័នឯកជនមួយចំនួន ដែលបានធ្វើការគាំទ្រទៅលើសេចក្តីថ្លែងការណ៍ របស់រាជរដ្ឋាភិបាលចុះថ្ងៃទី៥ ខែមេសាកន្លងមកនេះជាសិទ្ធិរបស់ស្ថាប័ន ឬបុគ្គល ឬក្រុមមនុស្សដែលយល់ថា ជាការប្រសើរដែលត្រូវថ្កោលទោសនោះ។ សម្រាប់ករណីនេះ លោក កែម ឡី អ្នកវិភាគឯករាជ្យ បានចាត់ទុកថាមិនមានអ្វីជាបញ្ហាទេ។ យ៉ាងនេះក្តី លោកនៅតែរិះគន់ទៅលើសកម្មភាព នៃស្ថាប័នរដ្ឋទាំងនោះថា អាចរងនូវឥទ្ធិពលនយោបាយ ឬជាវប្បធម៌នយោបាយនៅកម្ពុជា។
បណ្ឌិតកែម ឡី អ្នកវិភាគនយោបាយកម្ពុជាឯករាជ្យ នៅក្នុងសន្និសីទការសែតថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ នៅសណ្ឋាគារអ៊ីមភើរៀល។ (រូបថត MONOROOM.info/ O. Vary)
សិទ្ធិ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក កែម ឡី អ្នកវិភាគសង្គម នៅកម្ពុជា បានលើកឡើងដូច្នេះថា «ជាវប្បធម៌នយោបាយរបស់គណបក្សប្រជាជន ពេលមេដឹកនាំយល់ឃើញអ្វីមួយ គាត់តែងតែសរសេរលិខិតគាំទ្របន្ថែម បើថ្កោលទោស ថ្កោលទោសបន្ថែម។ (…) វាជាយុទ្ធនាការនយោបាយ ដើម្បីឲ្យមានកម្លាំង និងមានឥទ្ធិពល។»
អ្នកវិភាគរូបនេះបានបន្ថែមថា សម្រាប់មន្រ្តីថ្នាក់ក្រោមរបស់គណបក្សប្រជាជនកម្ពុជាទាំងនោះ ទោះបីជាចង់ ឬមិនចង់យ៉ាងណាក៏ដោយ ក៏ត្រូវតែធ្វើតាមដែរ។ តែបើមានយុទ្ធនាការគាំទ្ររាល់ពេលវេលាដូច្នេះយូៗទៅ និងអាចសាបនូវប្រសិទ្ធិភាព។ លោកបានធ្វើការរំលឹកថា ការចេញនូវញ្ញតិគាំទ្រនេះ អំឡុងទស្សវត្សឆ្នាំ១៩៨០ នោះអាចមានប្រសិទ្ធិភាព តែសម្រាប់ពេលបច្ចុប្បន្ននេះ វាអាចជាថមថយនូវប្រសិទ្ធិភាពទៅវិញទេ។ លោកបន្តថា តែបើគណបក្សប្រជាជនកម្ពុជាគាត់ចង់ធ្វើបែបនេះ នោះក៏ជាសិទ្ធិសេរីភាព។
សូមរំលឹកថា ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយ នៃការបោះឆ្នោតជាសកលជ្រើសតាំងតំណាងរាស្រ្តនីតិកាលទីប្រាំ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លេងមក អ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា បានមើលឃើញថា មានស្ថាប័នរដ្ឋ និងអង្គការសមាគមមួយចំនួន បានចេញនូវសារលិខិតអបអរសាទរ ឬសេចក្តីថ្លែងការណ៍គាំទ្រ ទៅលើជ័យជំនះរបស់គណបក្សមួយ ខណៈពេលដែលលទ្ធផលនៃការបោះឆ្នោត នៅមិនទាន់បានប្រកាសជាផ្លូវការដោយ គ.ជ.ប នៅឡើយនោះ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋសភាជាតិ ដែលមានតួនាទីក្នុងការប្រកាសតែងតាំងរាជរដ្ឋាភិបាល ឬជ្រើសរើងបេក្ខភាពនាយករដ្ឋមន្រ្តី មិនទាន់បានចាប់កំណើតផង តែស្ថាប័នជាច្រើនរបស់រដ្ឋ បានចេញនូវសេចក្តីប្រកាស ឬសេចក្តីថ្លែងការណ៍ក្នុងការគាំទ្របេក្ខភាពនាយករដ្ឋមន្រ្តីរួចបាត់ទៅហើយ។
សូមអានព័ត៌មានលំអិតបន្ថែម ដោយចុចនៅលើទីនេះ។
អ្នកវិភាគឯករាជ្យរូបនេះ បានបង្ហាញនូវគំនិតផ្ទាល់របស់លោកថា គ្រប់ស្ថាប័ន ក្រសួងទាំងអស់មុននឹងចេញ សេចក្តីថ្លែងការគាំទ្រទៅលើអ្វីមួយ គួតែពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយនឹងទៅលើទិដ្ឋភាពនៃច្បាប់ និងនយោបាយនៅកម្ពុជា។ លោកបានចាត់ទុកថា ការចេះតែចេញលិខិតគាំទ្រនេះអាចនាំឲ្យសាប និងអស់ឥទ្ធិពលរបស់ខ្លួន (ស្ថាប័ន ឬបុគ្គល) ទៅវិញទេ។
លោកបានលើកជាឧទាហរណ៍មួយថា ដូចការចេញសេចក្តីថ្លែងការណ៍ របស់សាកលវិទ្យាល៏យជាតិគ្រប់គ្រង ដែលប្រមូលផ្តុំទៅដោយថ្នាក់បញ្ញាវ័ន្ត។ ដូច្នេះបើមានការចេញ នូវសេចក្តីថ្លែងការណ៍ណាមួយ តោងធ្វើការសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ តាមបទដ្ឋានច្បាប់។ លោក កែម ឡី បានស្នើដល់ស្ថាប័នទាំងនោះថា «កុំឲ្យចេញសេចក្តីថ្លែងការណ៍ ទៅតាមខ្យល់នៃអ្នកនយោបាយ ដែលធ្វើឲ្យគុណភាពនៃសាលា ឬគុណភាពនៃការចេះដឹងមានការថយចុះដែរ។ (…) មុននិងធ្វើការគាំទ្រទៅលើលិខិតណាមួយ សាម៉ីបុគ្កល ឬសាម៉ីស្ថាប័នទាំងនោះ គួតែពិនិត្យមើលពីឬសគល់នៃ ឬមូលហេតុ “បញ្ហា”៕»
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី០៨ មេសា ២០១៤