អ៊ុំ សំអាន ថា ឈាង វុន រំលោភរដ្ឋធម្មនុញ្ញ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 02, 2015
- ប្រធានបទ: រដ្ឋសភា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មនុស្សតែម្នាក់ ស្ថាប័នតែមួយ ក្រោមច្បាប់តែមួយ លោក ឈាង វុន ជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន បានប្រើសិទ្ធិ និងអំណាចរបស់ខ្លួន ក្នុងនាមជា«ប្រធាន គណៈកម្មការព័ត៌មាន» នៃរដ្ឋសភា ហាមឃាត់អ្នកសារព័ត៌មាន មិនឲ្យយកបទសម្ភាស ពីលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំង ក្នុងបរិវេណរដ្ឋសភា ដោយលោកអះអាងថា ចង់ធ្វើបទសម្ភាស ជាមួយអ្នកសារព័ត៌មាន ចាំបាច់ត្រូវមានការអនុញ្ញាត ឬសុំច្បាប់ជាមុន ពីប្រធានសភាសិន។ នេះជាហេតុការណ៍ ដែលបានកើតឡើង កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ។
ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្ត.អាំងហ្វូ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥នេះ លោក អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ បានអះអាងថា លោក ឈាង វុន កំពុងរំលោភ លើរដ្ឋធម្មនុញ្ញ ពីសិទ្ធិអ្នកតំណាងរាស្រ្ត រំលោភបទបញ្ជាផ្ទៃក្នុង រំលោភសិទ្ធិ ក្នុងនាមអ្នកតំណាងរាស្រ្តជាដើម។ លោកថា ទាំងលោក ឈាង វុន ទាំងប្រធានរដ្ឋសភា (លោក ហេងសំរិន) ទាំងរូបលោក និងតំណាងរាស្រ្តដទៃទៀត ជាអ្នកតំណាងរាស្រ្តដូចគ្នា មានសិទ្ធិស្មើគ្នា តាមរដ្ឋធម្មនុញ្ញ គ្មានអ្នកណាធំជាងអ្នកណាឡើយ។
បើគេចាំមិនភ្លេចទេ លោក ឈាង វុន បានបណ្តេញលោក សុន ឆៃ ចេញពីរដ្ឋសភាកាលពីឆ្នាំ២០១៣ ដូចគ្នាដែរ ដោយកាលនោះ លោក ឈាង វុន បានអះអាងថា លោក សុន ឆៃ មិនមែនជាតំណាងរាស្រ្តទៀតទេ។ នៅចំពោះអ្នកយកព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក្នុងពេលនោះ លោក ឈាង វុន បានថ្លែងទៅលោក សុន ឆៃ ថា បើចង់ធ្វើកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន ក្នុងរដ្ឋសភា លុះត្រាខ្លួនក្លាយជាតំណាងរាស្រ្តសិន។
» សូមអានអត្ថបទ ដែលទាក់ទង ដោយចុចនៅលើទីនេះ។
ដោយឡែក ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់បន្ថែម ពីលោក ឈាង វុន ជុំវិញករណីខាងលើបានទេ ដោយទូរស័ព្ទរបស់លោក កំពុងជាប់រវល់។ តែតាមលិខិតរបស់លោក ដែលបានដាក់ ទៅប្រធានរដ្ឋសភា កាលពីថ្ងៃទី១ ខែកក្កដាម្សិលម៉ិញនេះ បានចោទលោក អ៊ុំ សំអាន ថាបានជ្រៀតជ្រែក និងទាមទារធ្វើកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន។
លិខិតនោះ មានសរសេរថា៖ «ឯកឧត្តម អ៊ុំ សំអាន នៅតែចចេសរឹងរូស នៅតែទាមទារធ្វើកិច្ចសម្ភាសន៍។ (…) ខ្ញុំបាទយល់ឃើញថា ឯកឧត្តម អ៊ុំ សំអាន មានឥរិយាបថរឹងរូស ចង់រករឿង ធ្វើឲ្យមានបញ្ហា លើការអនុវត្តច្បាប់រដ្ឋបាល និងសន្តិសុខក្នុងរដ្ឋសភា ដែលសសម្តេចប្រធាន ជាអ្នកមានតួនាទីទទួលខុសត្រូវ តាមបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ (…) ខ្ញុំយល់ឃើញថា ឥរិយាបទឯកឧត្តម អ៊ុំ សំអាន គួរត្រូវយកមកពិចារណា នៅក្នុងគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា ដើម្បីរដ្ឋសភាដំណើរការទៅបានល្អ តាមលិខិតបទដ្ឋានទាំងឡាយ ដែលសម្តេចប្រធានបានធ្វើការណែនាំ និងត្រូវបានយកមកអនុវត្តពិតប្រាកដ។»
ការអះអាងក្នុងលិខិតនេះ ត្រូវបានលោកតំណាងរាស្រ្ត អ៊ុំ សំអាន បដិសេធ ដោយបានអះអាងថា លោកមិនបានទៅដណ្តើមកិច្ចសម្ភាស ជាមួយនឹងលោក ឈាង វុន ហើយលោក ក៏មិនបានសុំ ឲ្យអ្នកសារព័ត៌មានសម្ភាសលោក នាពេលនោះដែរ គឺអ្នកសារព័ត៌មានទៅវិញទេ ដែលសុំលោកសម្ភាសនោះ។ លោក សំអាន បានហៅទង្វើរបស់លោក ឈាង វុន ថាជាការយករដ្ឋសភារបស់ជាតិ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងធ្វើជាកម្មសិទ្ធិបក្ស។ លោកបានលើកឡើងថា កន្លងមកលោក ជៀម យាប ធ្លាប់ធ្វើសន្និសិទ្ធិសារព័ត៌មាន ក្នុងរដ្ឋសភាដូចគ្នា ហើយមានអ្នកតំណាងរាស្រ្តផ្សេងៗទៀត ក៏ធ្លាប់ត្រូវបានអ្នកសារព័ត៌មាន សុំធ្វើបទសម្ភាសភ្លាមៗ បន្ទាប់ពីសម្រាក ឬបញ្ចប់កិច្ចប្រជុំសភាដែរ។
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា៖ «អ្នកការសែត គេចង់សម្ភាសខ្ញុំ។ កុំច្រលំថា ទាល់តែប្រធានគណៈកម្មការ មានសិទ្ធិនិយាយ តំណាងរាស្រ្តមិនមានសិទ្ធិនិយាយ សមាជិកសភាមិនមានសិទ្ធិនិយាយ… អត់មានចឹងទេ។ (…) ប្រធានគណកម្មការ សម្រាប់ឲ្យដឹកនាំគណកម្មការ ក្នុងពេលមានប្រជុំប៉ុណ្ណោះ។ សិទ្ធិស្មើគ្នានេះឯង មើលរដ្ឋធម្មនុញ្ញមើល គេមានថាប្រធានគណកម្មការ មានអំណាចធំជាងសមាជិកគណកម្មការ មានអំណាចធំជាងសមាជិកសភាធម្មតា? គ្មានទេ។ បទបញ្ជាផ្ទៃក្នុងអត់មានចែងទេ ដូច្នេះគាត់យល់ច្រឡំហើយ។»
នៅក្នុងសារាចរណែនាំមួយ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ប្រធានរដ្ឋសភា លោក ហេង សំរិន បានកំណត់ ឲ្យស្នើការអនុញ្ញាតជាមុន ពីប្រធានរដ្ឋសភា បើសិនជាចង់ឲ្យសង្គមស៊ីវិល ឬប្រជាពលរដ្ឋចូលជួបខ្លួន ក្នុងរដ្ឋសភា។ តែសារាចរណែនាំនេះ ត្រូវបានលោក អ៊ុំ សំអាន ចាត់ទុកថា ខុសច្បាប់ ដោយបានអះអាងថា បានរំលោភ និងបំពានទៅលើរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ លោក អ៊ុំ សំអាន បានថ្លែងថា៖ «គ្មានច្បាប់ ឬសារាចរណា ធំជាងរដ្ឋធម្មនុញ្ញទេ»។
មាត្រា១៥០ ថ្មី (មាត្រា១៣១ ចាស់) នៃរដ្ឋធម្មនុញ្ញបានចែងថា៖ «រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេចក្ដីសម្រេចទាំងឡាយ នៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញ ជាដាច់ខាត។» និងមាត្រា ១៥៨ ថ្មី (មាត្រា ១៣៩ ចាស់) នៃរដ្ឋធម្មនុញ្ញ ក៏បានចែងដែរថា៖ «ច្បាប់ និងលិខិតបទដ្ឋានទាំងអស់នៅកម្ពុជា ដែលធានាការពារបាន នូវទ្រព្យសម្បត្តិរដ្ឋ សិទ្ធិសេរីភាព និង ទ្រព្យសម្បត្តិត្រឹមត្រូវ តាមច្បាប់របស់បុគ្គល និងដែលសមស្របនឹងប្រយោជន៍ជាតិ ត្រូវមានអានុភាព អនុវត្តបន្តទៅមុខទៀត រហូតដល់មានអត្ថបទថ្មី មកកែប្រែ ឬលុបចោល លើកលែងតែបទប្បញ្ញត្តិណា ដែលផ្ទុយនឹងស្មារតី នៃរដ្ឋធម្មនុញ្ញនេះ។»
» សូមទស្សនាវីដេអូ បង្ហាញពីការហាមឃាត់ របស់លោក ឈាង វុន មិនឲ្យលោក អ៊ុំ សំអាន ធ្វើបទសម្ភាសដូចតទៅ៖