កឹម សុខា៖ កម្ពុជាត្រូវកត់ត្រាព្រឹត្តិការណ៍ឧក្រិដ្ឋកម្ម រាប់ពីឆ្នាំ១៩៩៣
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៥ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 06, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានស្តីទីរបស់គណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានលើកឡើងថា ប្រទេសកម្ពុជាគម្បីបង្កើតមជ្ឈមណ្ឌលកត់ត្រា ព្រឹត្តិការណ៍ឧក្រឹដ្ឋកម្មទាំងឡាយ ដែលបានកើតឡើងនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣។
លោក កឹម សុខា ថ្លែងក្នុងពិធីរំលឹកខួបលើកទី១៧ នៃការវាយប្រហារថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧។ (រូបថត MONOROOM.info/ S. Tith)
៥-៦ កក្កដា ១៩៩៧- បើតាមលោក កឹម សុខា អនុប្រធាន និងជាងប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានពន្យល់ថា ដើម្បីបញ្ចៀសករណីសម្លាប់មនុស្ស ក្រៅប្រព័ន្ធច្បាប់ របស់អ្នកមានអំណាច ដើម្បីការពារអំណាចរបស់ពួកគេ ប្រទេសកម្ពុជា ចាំបាច់ត្រូវបង្កើតឲ្យមានមជ្ឈមណ្ឌលកត់ត្រាប្រវត្តិសាស្រ្ត ឧក្រិដ្ឋកម្មដែលបានកើតឡើង។ លោកបានបន្ថែមថា ការកត់ត្រាប្រវត្តិសាស្រ្តឧក្រិដ្ឋកម្ម ក៏ជាការបង្ការកុំឲ្យមានឧក្រិដ្ឋកម្មជាថ្មី ហើយក៏អាចជាភស្តុតាង ដើម្បីនាំខ្លួនអ្នកមានកំហុសក្នុងពេលកាន់អំណច យកទៅកាត់ទោសនៅពេលខាងមុខ។
ថ្លែងទៅកាន់អ្នកគាំទ្រ និងអ្នកសារព័ត៌មាន នៅទីស្នាក់ការកណ្តាលគណបក្ស ក្នុងពិធីរម្លឹកខួប ថ្ងៃធ្វើរដ្ឋប្រហារទី ៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ដ៏បង្ហូរឈាមគ្នា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ីនប៉ិច លោកកឹម សុខា បានថ្លែងទៀតថា៖ «ខ្ញុំនឹងស្នើឲ្យបង្កើតមជ្ឈមណ្ឌលកត់ត្រា ព្រឹត្តិការណ៍ឧក្រឹដ្ឋកម្មទាំងឡាយ នៅកម្ពុជាគិតចាប់ពីឆ្នាំ១៩៩៣ ក្នុងគោលបំណងបញ្ចប់វប្បធម៌និទណ្ឌភាព (វប្បធម៌រួចទោស) ក្នុងប្រទេសកម្ពុជា។»
គិតមកដល់ពេលនេះមានរយៈពេល១៧ ឆ្នាំហើយដែលព្រឹត្តិការណ៍វាយប្រហារប្រដាប់អាវុធ កាលពីឆ្នាំ១៩៩៧ កណ្តាលរាជធានីភ្នំពេញ រវាងកងកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា ទល់នឹងកងកម្លាំងគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច ដែលកាលនោះស្ថិតក្រោមបញ្ជារបស់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១។ ព្រឹត្តិការណ៍ឆ្នាំ១៩៩៧ ត្រូវបានគណបក្សប្រជាជនកម្ពុជា និងគណបក្ស ហ្វុនស៊ីនប៉ិច ចោទប្រកាន់ដាក់គ្នា និងឆ្លើយយកត្រូវតែរៀងៗខ្លួន។
តែសម្រាប់លោក ញឹក ប៊ុនឆៃ បច្ចុប្បន្នជាអគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច បានពន្យល់ប្រាប់ប្រព័ន្ធព័ត៌មាន ក្នុងស្រុកកាលពីពេលថ្មីៗនេះថា ព្រឹត្តិការណ៍ថ្ងៃទី៥.៦ ខែកក្កដា ឆ្នាំ១៩៩៧ គឺមិនមែនជាការដណ្តើមអំណាចគ្នានោះទេ តែជាសកម្មភាពមួយចំនួន ដែលធ្វើឲ្យមានការមិនទុកចិត្តគ្នា នៅក្នុងរដ្ឋាភិបាល ហើយធំបំផុតការមិនជឿទុកចិត្តគ្នា នៅក្នុងរដ្ឋាភិបាលចម្រុះបានឈានដល់ការផ្ទុះអាវុធ។
ចំពោះគណបក្សសង្គ្រោះជាតិ ដែលបានរៀបចំពិធីបង្សុកូល គោរពវិញ្ញាណក្ខន្ធដល់អ្នកដែលបាត់បង់ជីវិត ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នា កាលពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៤ នេះ ត្រូវបានលោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច ជាគណបក្សសម្ព័ន្ធមិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងពេលបច្ចុប្បន្ន បានអះអាងថា ជាការកេងចំណេញនយោបាយប៉ុណ្ណោះ៕