សម រង្ស៊ី ថា ប្រធាន​ក្រុម​មតិ​ភាគ​តិច​គ្មាន​សិទ្ធិ​ដូច​នាយក​រដ្ឋមន្រ្តី តែ​មាន​ប្រយោជន៍

ការទាមទារឲ្យមាន ក្រុមមតិភាគតិចក្នុងរដ្ឋសភា ដែលអ្នកវិភាគ ក៏ដូចជាប្រជាពលមួយចំនួន បានធ្វើការរិះគន់ ថាជាការបែងចែកអំណាចគ្នានោះ ត្រូវបានប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ធ្វើការបកស្រាយសារជាថ្មី។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 07, 2014
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីចម្ងល់ជាច្រើន បាន​ចោទ​សួរ​ពី​បញ្ហា​នៃការ​បង្កើត​ឱ្យ​មាន ក្រុម​មតិ​ភាគ​តិច​នៅ​រដ្ឋសភា ថា​តើ​ក្រុម​មតិ​ភាគ​តិច​នេះ បង្កើត​ឡើង​ដើម្បី​អ្វី? ហើយ​តើ​វា​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ខ្លះ ចំពោះ​រដ្ឋាភិបាល ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ? ឆ្លើយ​តប​នឹង​ចម្ងល់​របស់​មហាជន ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​គេ​រំពឹង​ថា អាច​នឹង​ក្លាយ​ជា​ប្រធាន​ក្រុម​មតិ​ភាគ​តិច ដែល​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្រ្តី​នោះ បាន​សរសេរ​បក​ស្រាយ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ក្រុម​មតិ​ភាគ​តិច​នៅ​រដ្ឋសភា​នេះ គឺ​ជា​ស្ថាប័ន​ថ្មី​មួយ ដែល​នឹង​មាន​ចែង​ក្នុង​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា។

ទំព័រហ្វេសប៊ុករបស់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង បាន​សរសេរ​បន្ត​ថា ការ​បង្កើត​ស្ថាប័ន​​ថ្មី​នេះ មាន​ន័យ​និង​មាន​ប្រយោជន៍​ដូច​ត​ទៅ៖ អ្វី​ដែល​ច្បាប់​ទទួល​ស្គាល់​ជា​ស្ថាប័ន គឺមានសមត្ថកិច្ច និងនិរន្តរភាព ដែលបុគ្គលម្នាក់ៗជាសមាជិក មិនអាច​មាន​ឡើយ។ តំណាង​រាស្ត្រ​ម្នាក់ៗនៅរដ្ឋសភា គ្រាន់តែជាបុគ្គលទេ ដែលនឹងបាត់បង់តួនាទីរបស់ខ្លួន ពេលចប់​អាណត្តិ។ តែ​ក្រុម​តំណាង​រាស្ត្រ​នៅ​រដ្ឋសភា ជាស្ថាប័នដែលមានសម្លេងខ្លាំង ជាងតំណាងរាស្ត្រម្នាក់ៗជាបុគ្គល ហើយនឹង​ដំណើរ​ការ​ជា​ស្ថាពរ។

ស្ថាប័នក្រុមតំណាងរាស្ត្រ មកពីគណបក្សក្រៅរដ្ឋាភិបាល ហៅថាក្រុមភាគតិចនេះ ថាមានតួនាទីសម្រប​សម្រួល​ការងារ នៃអ្នកតំណាងរាស្ត្រទាំងអស់ ដែលជាសមាជិកក្រុមនេះ ដើម្បីបង្កើនប្រសិទ្ធភាពការងាររួម នៃ​អ្នកតំណាងរាស្ត្រទាំងនោះ។ តួនាទីមួយទៀត នៃក្រុមភាគតិចនៅរដ្ឋសភា គឺទំនាក់ទំនងការងារ​នយោបាយ​រួម ជាមួយនឹងក្រុមភាគច្រើននៅរដ្ឋសភា ដែលប្រមូលផ្តុំតំណាងរាស្ត្រ មកពីគណបក្សក្នុងរដ្ឋាភិបាល។

លោក សម រង្ស៊ី បានលើកឧទាហរណ៍មកពន្យល់ នៅលើទំព័រនោះយ៉ាងដូច្នេះទៀតថា៖ «ព្រះមហាក្សត្រ មិន​មែនត្រឹមតែជាបុគ្គលមួយរូបទេ តែជាស្ថាប័នដែលយើងត្រូវគោរពជារៀងរហូត។ រដ្ឋមន្ត្រីនិមួយៗជាបុគ្គល ដែល​គេអាចដកឬប្តូរយ៉ាងងាយ តែគណៈរដ្ឋមន្ត្រីជាស្ថាប័ន ដែលមានតួនាទីជារដ្ឋាភិបាល ដែលជាស្ថាប័ន ដែលប្រទេសត្រូវរក្សាឲ្យមានជានិច្ច។ ក្រុមតំណាងរាស្ត្រ នៅរដ្ឋសភាក៏ដូចគ្នាដែរ គឺជាស្ថាប័នដែលមានតួនាទី​របស់ខ្លួន កំណត់ដោយច្បាប់ ហើយដំណើរការជារៀងរហូត ទោះជាមានសមាសភាពយ៉ាងណាក៏ដោយ នៅ​ពេលអនាគត។ ការរៀបចំស្ថាប័នបែបនេះ គឺជាមរតកនយោបាយ ដែលយើងទុកឲ្យខ្មែរជំនាន់ក្រោយ។»

ការបង្កើតឱ្យមានក្រុមមតិភាគតិចនៅរដ្ឋសភា ដែលប្រធានគណបក្សសង្រ្គោះជាតិយល់ថា មានប្រយោជន៍ និងជាមរតកនយោបាយសម្រាប់ខ្មែរ ជំនាន់ក្រោយនេះ ត្រូវបានលោក កែម ឡី អ្នកវិភាគនយោបាយឯករាជ្យ ចាត់ទុកថាជារឿងឥតប្រយោជន៍ និងការបង្កើតឡើង ដើម្បីតែបែងចែកអំណាចគ្នា។

» សូមអានសអត្ថបទទាក់ទងឡើងវិញ ដោយចុចលើទីនេះ

លោកសម រង្ស៊ី ធ្លាប់បានបញ្ជាក់ដល់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីសម្រាកពីកិច្ចប្រជុំសភាអនុម័ត ទៅលើ​ច្បាប់​ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៣ ខែធ្នូថា ការទាមទារឱ្យប្រធានតំណាងរាស្រ្ត ឬប្រធានក្រុមមតិ​ភាគ​តិច​ក្នុងរដ្ឋសភា គឺមិនមែនដើម្បីខ្លួនលោកផ្ទាល់ បុគ្គលណាម្នាក់ ឬបក្សណាមួយឡើយ។ លោកបន្តថា គណបក្ស​សង្គ្រោះជាតិកំពុងព្យាយាមខិតខំនេះ ក្នុងគោលបំណងរៀបចំស្ថាប័ន«ថ្មី»មួយនេះ ក៏ដើម្បីបើកផ្លូវ សម្រាប់​គណបក្សនយោបាយផ្សេងៗទៀត ចូលរួមនាអាណត្តិក្រោយៗដែរ។

ចំណែកសំណួរដែលគេចូលចិត្តសួរជាងគេ ថាតើប្រធានក្រុមមតិភាគតិច មានឋានៈស្មើនាយករដ្ឋមន្ត្រី ដែល​នឹងត្រូវបង្កើតនេះ មានសិទ្ធិ និងមានអំណាចអាចធ្វើអ្វីបានខ្លះ?

ប្រធានគណបក្សជំទាស់រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា ប្រធានក្រុមមតិភាគតិច ដែលមាន​ឋានៈស្មើ​នាយក​រដ្ឋមន្ត្រីនេះ គ្រាន់តែជាឋានៈជាកិត្តិយស និងជានិមិត្តរូបតែប៉ុណ្ណោះ ដែលកំណត់ឡើង ដើម្បីឲ្យប្រធាន​ក្រុម​ភាគ​តិច ធ្វើជាគូសន្ទនាជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ក្នុងឋានៈស្មើគ្នា គិតតាមអាសនានុក្រមនិងពិធីការ ដើម្បី​ធ្វើ​ឲ្យការសន្ទនានោះ មានតុល្យភាព និងអត្ថន័យពេញលេញ។ លោក សម រង្ស៊ី បានបន្ថែមទៀតថា៖ «ទោះជា​មាន​ឋានៈស្មើនាយករដ្ឋមន្ត្រីក៏ដោយ ប្រធានក្រុមភាគតិចនៅរដ្ឋសភា គ្មានអំណាចអ្វី ដែលទាក់ទងទៅនឹង​អំណាច​នីតិប្រតិបត្តិឡើយ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...