សុខ ទូច៖ វិបត្តិនយោបាយនៅមានច្រកចេញ តែជីវិតប្រជាពលរដ្ឋស្លាប់ហើយមិនរស់វិញទេ
ស្ថានការណ៍នយោបាយ នៅកម្ពុជាបច្ចុប្បន្ននេះកំពុងឡើងកំដៅ ដោយសារតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិរហូតមកដល់ពេលនេះ នៅតែមិនទាន់មានការចរចារត្រូវរូវគ្នា ដើម្បីទម្លាយភាពទាល់ច្រកនយោបាយ ក្រោយការបោះឆ្នោតនៅឡើយ។
រថពាសដែក ដែលត្រូវបានគេ យកមកពង្រាយ នៅជុំវិញច្រកចូលសំខាន់ៗនៃរាជធានីភ្នំពេញ។ (រូបថត siv channa)
តាមរយៈលិខិតឆ្លើយឆ្លងគ្នារវាលោក ជាម យៀប និងលោក សុន ឆ័យ កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ គេអាចយល់បានថាវិបត្តិនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតនៅតែមិនទាន់រកច្រកចេញរួច។ ភាពទាល់ច្រកបានកើតឡើង ក៏ព្រោះតែលក្ខខណ្ឌក្នុងការបង្កើតគណៈកម្មការចម្រុះ ស៊ើបអង្កេតពីភាពមិនប្រក្រតី ក្នុងដំណើរការបោះឆ្នោត មិនត្រូវបានឯកភាពដោយគណបក្សទាំងពីរ។
គណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំង កន្លងមកបានព្រមានថាខ្លួននឹងដឹកនាំមហាបាតុកម្មអហិង្សា ប្រឆាំងលទ្ធផលបោះឆ្នោត ប្រសិនបើគណៈកម្មការចម្រុះនេះមិនអាចបង្កើតបាន។ ការប្រកាន់ជំហរនេះ ក៏ទើបនឹងត្រូវបានប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាសជាថ្មីទៀតដែរ ទៅកាន់អ្នកគាំទ្ររាប់រយនាក់ នៅទីស្នាក់ការកណ្ដាលគណបក្ស ខណៈពេលលោកទើបនឹងវិលត្រឡប់ចូលប្រទេសវិញ កាលពីព្រឹកថ្ងៃទី១៦ខែសីហានេះ។
ទន្ទឹមនឹងការព្រមានធ្វើបាតុកម្ម របស់គណបក្សប្រឆាំង មតិទូទៅក៏មានការព្រួបារម្ភថា នឹងអាចមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងសមត្ថកិច្ច ដែលឈានទៅដល់ការប្រើអំពើហិង្សា និងការបែកបាក់ឯកភាពជាតិធ្ងន់ធ្ងរ ខណៈដែលពួកគេកំពុងប្រឈមមុខដាក់គ្នា។
ចំពោះការជាប់គាំងផ្នែកនយោបាយ ក្នុងពេលបច្ចុប្បន្ននេះ លោក សុខ ទូច អ្នកវិភាគឯករាជ្យអំពីស្ថានការណ៍នយោបាយនៅកម្ពុជា បានថ្លែងក្នុងកិច្ចសម្ភាសតាមទូរស័ព្ទជាមួយ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា៖ «វិបត្តិនយោបាយនៅមានច្រកចេញនៅឡើយទេ ប៉ុន្តែជីវិតប្រជាពលរដ្ឋកាលណាស្លាប់ទៅហើយ មិនអាចរស់ឡើងវិញទេ»។
អ្នកវិភាគរូបនេះបន្តថា សូមអ្នកនយោបាយកម្ពុជាកុំយកប្រជាពលរដ្ឋធ្វើជាឈ្នាន់ ព្រោះខ្មែរធ្លាប់បង្ហូរឈាមជាង២០ឆ្នាំមកហើយ គឺតាំងពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៩៧ ទើបខ្មែរអាចដោះស្រាយបញ្ហានេះបាន។
នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ មានព័ត៌មានជាច្រើន បានធ្វើសេចក្ដីរាយការណ៍ថា រដ្ឋាភិបាលកម្ពុជា បាននាំចូលនូវអាវុធធុនធ្ងន់មានរថក្រោះ និងរថពាសដែកយ៉ាងហោចណាស់ជិត១០០គ្រឿង តាមកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។
លោក សុខ ទូច បានថ្លែងថាការនាំចូលអាវុធនេះ បើទោះវាជាគម្រោងងដែលមានយូរមកហើយ ឬក៏ទើបតែមាននៅពេលនេះ ទោះចង់មិនចង់ ក៏វាបានបង្កឲ្យមានការព្រួយបារម្ភដល់ប្រជាពលរដ្ឋ ព្រោះស្ថានការណ៍នយោបាយកំពុងមានភាពតានតឹង។
ទន្ទឹមនឹងនេះអ្នកវិភាគដ៏ល្បីឈ្មោះរូបនេះ បានថ្លែងសង្កត់ធ្ងន់ទៅកាន់អ្នកនយោបាយថា ការប្រើអំពើហិង្សា វាពុំមែនជាដំណោះស្រាយត្រឹមត្រូវទេ ដំណោះស្រាយត្រឹមត្រូវ គឺការចរចារលើតុដោយសន្តិវិធី និងយុត្តិធម៌ស្របតាមការចង់បានរបស់ម្ចាស់ឆ្នោត៕
--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ