គ.ជ.ប. ថានឹងពិនិត្យសំបុត្រទីពីររបស់សម រង្ស៊ី ដើម្បីបានចូលរួមបោះឆ្នោត
បន្ទាប់ពីសំណើរលើកទីមួយ ត្រូវបានទាត់ចោលនោះរួចមក លោក សម រង្ស៊ី បានសម្រេចដាក់សំណើរជាលើកទីពីរ ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយមានភ្ជាប់ជាមួយនូវអំណះអំណាងផ្លូវច្បាប់ ដើម្បីបើកផ្លូវឲ្យលោក អាចដាក់ឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ តែសម្រាប់ គ.ជ.ប. បានបញ្ជាក់ថា នឹងពិនិត្យរឿងនេះនៅរសៀលថ្ងៃទី២៤ខែកក្កដានេះ។
សន្និសិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី០៤ខែកក្កដា។ (រូបថត MONOROOM.info/ U. Bory)
លិខិតរបស់លោក សម រង្ស៊ី ដែលបានផ្ញើរទៅ គ.ជ.ប ជាលើកទីពីរចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣បានលើកយកលិខិតបទដ្ឋាន គតិយុត្តសំខាន់ៗចំនួនបួនមកអះអាង ក្នុងនោះរួមមាន៖
ទី១. ព្រះរាជក្រឹត្យស្តីពីការលើកលែងទោសចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣។
ទី២. មាត្រា១៥នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត។
ទី៣. មាត្រា១៦នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។
និងទី៤. លិខិតលេខ៦៣៣/១៣របស់ គ.ជ.ប ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣។
ខ្លឹមសារក្នុងលិខិតខាងលើបានអត្ថាធិប្បាយថា ឈ្នោះលោក សម រង្ស៊ី បានមាននៅក្នុងបញ្ជីអ្នកបោះឆ្នោត និងបញ្ជីបេក្ខជនតំណាងរាស្រ្តរួចហើយ។ តែឈ្មោះនេះត្រូវបានលុបចេញ តាមអំណាចសាលដីការបស់តុលាការ។ ដូចច្នេះបើយោងលើ ព្រះរាជសារលើកលែងទោស របស់ព្រះមហាក្សត្រចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ លោក សម រង្ស៊ី ត្រូវទទួលបាននូវសុពលភាព និងអភ័យឯកសិទ្ធិតំណាងរាស្រ្ត ជាស្វ័យប្រវត្តិស្របតាមមាត្រា១៥ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត ដែលបានចែងថា៖ «តំណាងរាស្រ្តរូបណាមួយជាទណ្ឌិត ហើយត្រូវបានព្រះមហាក្សត្រលើកលែងទោស តំណាងរាស្រ្តរូបនោះ នឹងទទួលបានសុពលភាព អភ័យឯកសិទ្ធិ និងបុព្វសិទ្ធិឡើងវិញ»។
លិខិតដដែលនេះបន្ថែមថាលោក សម រង្ស៊ី ត្រូវទទួលបាននូវសុពលភាពភាពភ្លាម នូវសិទ្ធិបោះឆ្នោតឡើងវិញ និងទទួលស្គាល់បេក្ខភាពឈរឈ្មោះបោះឆ្នោតឡើងវិញ ស្របតាមគោលការណ៍ច្បាប់ ដែលលិខិតនេះលើកយកមកអះអាង។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូយ៉ាងខ្លីថា៖ «គ.ជ.ប អត់ទាន់មានពេលពិនិត្យនោះទេ ពីព្រោះ គ.ជ.ប មានការងារច្រើនត្រូវធ្វើ ហើយការងារនេះ រង់ចាំដល់ពេលល្ងាចបានពិនិត្យ»។
យោងតាមមន្រ្តីរបស់គណៈបក្សសង្រ្គោះជាតិមួយរូប ដែលមានតួនាទីបញ្ជូនលិខិតរបស់លោក សម រង្ស៊ី ទៅ គ.ជ.ប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថាលិខិតនេះ បានផ្ញើរក្នុងលក្ខខ័ណ្ឌបន្ទាន់ ខណៈដែលថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់។
លោក ហង្ស ពុទ្ធា នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយ ហៅកាត់ថា និចហ្វិក (NECFEC) បានពន្យល់ថា៖ «ករណីលោក សម រង្ស៊ី មានការលំបាករកច្រកចេញ បើដោះស្រាយតាមផ្លូវច្បាប់ ដូចនេះគួរដោះស្រាយតាមផ្លូវនយោបាយ»។ លោកបន្តថា ក្នុងករណី គ.ជ.ប មិនអាចដោះស្រាយបានលោក សម រង្ស៊ី គួរប្តឹងទៅកុ្រមប្រឹក្សាធម្មនុញ្ញ ដើម្បីឲ្យស្ថាប័ននេះធ្វើការបកស្រាយការអនុវត្តច្បាប់ ខណៈដែល គ.ជ.ប មិនហានសម្រេចកិច្ចការនេះ។
កាលពីថ្ងៃទី២៣ខែកក្កដាដដែលនេះដែរ លោក សម រង្ស៊ី ក៏បានផ្ញើរលិខិតមួយច្បាប់ទៅកាន់លោក ហេង សំរិន ប្រធានរដ្ឋសភា ដោយស្មើសុំផ្តល់សុពលភាព អភ័យឯកសិទ្ធិ និងបុព្វសិទ្ធិតំណាងរាស្រ្តឡើងវិញ ប៉ុន្តែរហូតមកដល់ពេលនេះ គេមិនទាន់ឃើញមានការឆ្លើយតបយ៉ាងណានោះទេ។
សូមរម្លឹកថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៣ លោក សម រង្ស៊ី ជាមេដឹកនាំគណបក្សសង្រ្គោះជាតិ បានផ្ញើរលិខិតមួយច្បាប់ ដែលមានកម្មវត្ថុដូចលិខិតខាងលើ ម្តងរួចទៅហើយទៅកាន់ គ.ជ.ប។ ប៉ុន្តែលិខិតនោះ ត្រូវបានបដិសេធដោយ គ.ជ.ប នៅថ្ងៃបន្ទាប់ពោល គឺថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣៕
--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ