ផៃ ស៊ីផាន៖ សម រង្ស៊ី ឡប់សតិស្មារតី ព្រោះចង់បានអំណាច
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ សីហា ២០១៦
- កែប្រែចុងក្រោយ: August 04, 2016
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក សម រង្ស៊ី កំពុង«ឡប់សតិស្មារតី អស់តម្លៃ និងហ៊ានធ្វើ អ្វីៗគ្រប់បែបយ៉ាង» ដោយសារការចោទប្រកាន់ និងមហិច្ឆតារបស់លោក ដែលចង់បានអំណាចហួសហេតុពេក។ នេះជាសំណេរវាយប្រហារ យ៉ាងចាស់ដៃ កាលពីថ្ងៃទី៣ ខែសីហា ពីសំណាក់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី តបទៅនឹងការលើកឡើង ជាសាធារណៈ និងជាច្រើនដង របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបង្ហាញការជឿជាក់ថា «រដ្ឋាភិបាល ជាអ្នកនៅពីក្រោយឃាតករ ដែលបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី»។
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯងនៅឯបរទេស បានសរសេរម្ដងជាពីរដង នៅលើទំព័រហ្វេសប៊ុករបស់លោក ជឿជាក់ថា ឃាតកម្មទៅលើលោក កែម ឡី ជាករណីដូចគ្នា ទៅនឹង«ករណីគប់គ្រាប់បែក ក្នុងឆ្នាំ១៩៩៧ ដែលបានបណ្តាលឲ្យស្លាប់មនុស្ស យ៉ាងតិច១៦នាក់ និងដូចក្នុងករណីឃាតកម្មលើលោក ជា វិជ្ជា ក្នុងឆ្នាំ២០០៤ និងករណីឃាតកម្ម លើលោក ឈុត វុទ្ធី ក្នុងឆ្នាំ២០១២ អញ្ចឹងដែរ»។ លោក សម រង្ស៊ី បានសរសេរថា៖ «ទាំងអស់នេះ គឺជាអំពើភេរវកម្ម រៀបចំដោយរដ្ឋអំណាច»។
នៅសំណេរចុងក្រោយមួួយ ចុះថ្ងៃទី២ ខែសីហាកន្លងមកនេះ ប្រធានគណបក្សសង្គ្រោះជាតិបាននិយាយពន្យល់ថា លោកមិនមានជំនឿណាផ្សេង ដោយសាលោកឈរលើលក្ខណៈសម្គាល់ដូចគ្នា ចំពោះការជ្រើសរើសមុខសញ្ញា និងការជ្រើសរើសរបៀបបាញ់សម្លាប់ជនរងគ្រោះ ហើយមានតែរដ្ឋាភិបាលទេ ដែលមានមធ្យោបាយ និងមានលទ្ធភាព ធ្វើការវាយប្រហារបែបនេះ ហើយរួចទៅបិទបាំងការពិត និងធានាឲ្យមាននិទណ្ឌភាព ចំពោះជនដៃដល់ និងអ្នកនៅពីក្រោយ។
លោក សម រង្ស៊ី បានសរសេរទៀតថា៖ «ចំពោះរបៀបប្រតិបត្តិការ ក្នុងការបាញ់សម្លាប់ យើងឃើញថាជនដៃដល់ប្រើវិធី បច្ចេកទេសដូចគ្នាទាំងអស់ ក្នុងការតាមដាន និងការស្ទាក់បាញ់សម្លាប់ជនរងគ្រោះ គឺជាវិធីដែលក្រុមជំនាញ ខាងបាញ់សម្លាប់មនុស្ស តាមបញ្ជារដ្ឋាភិបាល (ដែល) គេបានប្រើប្រាស់នៅប្រទេសកម្ពុជា ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ»។
មេដឹកនាំគណបក្សប្រឆាំងធំជាងគេ បានចោទជាសំនួរថា៖ «បើរដ្ឋាភិបាល មិនចង់ឲ្យខ្ញុំធ្វើការចោទប្រកាន់ ទៅលើខ្លួនបែបនេះ តើហេតុអ្វីបានជារដ្ឋាភិបាលនេះ មិនអនុញ្ញាត ឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ ដោយមានការចូលរួមពីអន្តរជាតិ ដែលប្រជាពលរដ្ឋអាចជឿទុកចិត្តបាន?»។
នៅក្នុងប្រតិកម្មតបវិញ តាមបណ្ដាញសង្គមដែរនោះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល លោក ផៃ ស៊ីផាន បានវាយតម្លៃលើលោក សម រង្ស៊ី ដែលប្រើពាក្យគន្លឹះ «ខ្ញុំជឿថា» បីម៉ាត់នេះ ថាមានឥរិយាបទ និងទម្លាប់អាក្រក់ ភូតភរ ប្រឌិតបោកប្រាស់ មិនទទួលខុសត្រូវ និងបានចាត់ទុកការលើកឡើង របស់ប្រធានគណបក្សសង្គ្រោះជាតិ ថាជាការវាយប្រហារ បំភ្លៃសាច់រឿងពិត ដោយប្រឌិតប្រឆាំងនឹងរដ្ឋាភិបាល។ សម្រាប់លោក ស៊ីផាន បើលោក សម រង្ស៊ី ហ៊ានប្រើពាក្យ«ខ្ញុំជឿថា» នោះបានន័យថា វាមានភស្តុតាងច្បាស់លាស់ណាស់ ដែលលោក សម រង្ស៊ី គួរមានសេចក្តីក្លាហាន បង្ហាញភស្ដុតាងទាំងនោះ ជាសាធារណៈ និងជូនដល់តុលាការ ដោយពុំចាំបាច់តម្រូវ ឲ្យមានការស៊ើបអង្កេត ពីស្ថាប័នឬបុគ្គលបរទេសណាមួយនោះទេ។
«ចុះបើខ្លួនខ្ញុំផ្ទាល់មានជំនឿថា៖ ក្រុមលោក សម រង្ស៊ី ជាអ្នកនៅពីក្រោយខ្នង នៃអំពើឃាតកម្មនេះវិញ អាស្រ័យដោយការលេចធ្លោ ប្រជាប្រិយភាពរបស់លោក កែម ឡី ដែលជាឧប្បសគ្គ ដល់តំណែងប្រធាន CNRP ហើយលោក កែម ឡី បានធ្វើការប្រមាថខ្លាំងៗ ចំពោះប្រធាន CNRP ក៏ដូចជាអនុប្រធានផងដែរនោះ គឺជាហេតុផលនៃការសម្លាប់នេះ តើការជឿរបស់ខ្ញុំ មានន័យ និងទម្ងន់បែបណាដែរ?»
លោក ផៃ ស៊ីផាន ដែលមានតំណែង ជារដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី ស្ថាប័នដៃស្ដាំមួយ របស់រដ្ឋាភិបាលលោក ហ៊ុន សែន នោះ បានបញ្ចប់សេចក្ដី នៃសំណេរវាយប្រហារនោះ យ៉ាងដូច្នេះថា៖ «ការចោទប្រកាន់ និងមហិច្ឆតារបស់លោក ដែលចង់បានអំណាចហួសហេតុពេកនោះ បានធ្វើឲ្យលោកឡប់សតិស្មារតី អស់តម្លៃ និងហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង បើទោះជា យកឈាមក្រហមរបស់ប្រជាពលរដ្ឋខ្មែរក្រាលជាកំរាលព្រុំ ដើរទៅកាន់អំណាចជានាយករដ្ធមន្ត្រី ក៏លោកហ៊ានធ្វើបានផងដែរ»។
សម្រប់បណ្ដាអ្នកប្រកាន់ជំហរកណ្ដាលវិញ បានពន្យល់ថា អ្នកនយោបាយគួរទុកនាទីឲ្យអាជ្ញាធររដ្ឋ ដែលមានសមត្ថកិច្ច ដោះស្រាយសំនុំរឿងឃាតកម្មនេះ ប្រកបដោយតម្លាភាពសិន មុននឹងធ្វើការវិន្និច្ឆ័យ ទៅតាមទំនោរនយោបាយ តែរៀងខ្លួន។ ហើយបញ្ហានេះ ប្រសិនបើរដ្ឋាភិបាលកម្ពុជា ធ្វើតាមតែតួនាទីរបស់ខ្លួន នោះរាល់ការចោទប្រកាន់ទាំងឡាយ នឹងសាបរលាបទៅដោយឯកឯង៕