កាន់កាំបិតចាក់មនុស្សនៅឡុងដ៍៖ ម្នាក់ស្លាប់ ៦នាក់របួស
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៤ សីហា ២០១៦
- កែប្រែចុងក្រោយ: August 04, 2016
- ប្រធានបទ: វាយប្រហារ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ត្រីម្នាក់បានស្លាប់ និងយ៉ាងហោច៦នាក់ផ្សេងទៀត បានរងរបួស ដោយការវាយប្រហារនឹងកាំបិត ទាំងកណ្ដាលរាត្រី នៃយប់ថ្ងៃពុធ ចូលមកថ្ងៃព្រហស្បត្តិ៍នេះ នៅរាជធានីឡុងដ៍ ប្រទេសអង់គ្លេស។ នេះបើតាមការប្រកាសឲ្យដឹង របស់អាជ្ញាធរអង់គ្លេស ដែលបញ្ជាក់ទៀតថា ការស៊ើបអង្កេតមួយ ទាក់ទងនឹងអំពើភេរវកម្ម ចេញពីករណីវាយប្រហារនេះ កំពុងប្រព្រឹត្តិធ្វើទៅមុខ។
ហេតុការណ៍បានកើតឡើង នៅ«Russell Square» កណ្ដាលរាជធានីឡុងដ៍ (មើលរូបថតខាងក្រោម)។ ជនដៃដល់ត្រូវបាននគរបាលចាប់ខ្លួន ដោយមានជំនួយ ពីអាវុធបាញ់ឆក់ពីចំងាយ នៅវេលាម៉ោង២២ និង៣៩នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង២៣ និង៣៩នាទី យប់ថ្ងៃពុធ ម៉ោងនៅបារាំង ឬម៉ោង០៤ និង៣៩នាទីភ្លឺ ព្រឹកថ្ងៃព្រហស្បត្តិ៍ ម៉ោងនៅកម្ពុជា) ៦នាទីក្រោយពីនគរបាលទទួលបាន ការជូនដំណឹង។
សេចក្ដីប្រកាសព័ត៌មានមួយ របស់នគរបាលរាជធានី បានឲ្យដឹងថា៖ «អំពើភេរវកម្ម អាចជាចំណុចមួយ នៃចំណុចសង្ស័យជាច្រើន ដែលកំពុងស្ថិតក្នុងការស៊ើបអង្កេត សម្រាប់ដំណាក់កាលនេះ»។
ពីក្នុងចំណោមអ្នករងរបួសច្រើននាក់ មានស្ត្រីម្នាក់បានស្លាប់ នៅក្រោយការមកដល់ របស់ក្រុមជួយសង្គ្រោះ។ តែគេមិនទាន់ដឹងលំអិត ពីស្ថានភាពរបួស របស់ជនរងគ្រោះដទៃទៀតនៅឡើយ៕