បន្ទាប់ពីការផ្ទេរ កឹម សុខា អង់គ្លេសជំរុញកម្ពុជាឲ្យស្ដារលក្ខខណ្ឌប្រជាធិបតេយ្យឡើងវិញ
ការយកលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ចេញពីការឃុំខ្លួន នៅក្នុងពន្ធនាគារ ឲ្យមកនៅឃុំខ្លួន នៅក្នុងគេហដ្ឋានរបស់លោក កាលពីដើមសប្ដាហ៍នេះ ទទួលបានការស្វាគមន៍ ពីលោក ម៉ាក ហ្វៀល (Mark Field) រដ្ឋមន្ត្រីអង់គ្លេស ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីភិក ដោយហៅទង្វើនេះ ថាជាជំហានមួយ នៅក្នុងទិសដៅដ៏ល្អ។
ប៉ុន្តែត្រឹមតែប៉ុណ្ណេះ នៅមិនទាន់គ្រប់គ្រាន់ នៅឡើយទ។ លោករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស បានអះអាងនៅលើបណ្ដាញសង្គមទ្វីសធើរថា កម្ពុជាគប្បីស្ដារនូវលក្ខខណ្ឌទាំងឡាយ សម្រាប់ឲ្យលទ្ធិប្រជាធិបតេយ្យ មានដំណើរការធម្មតាឡើងវិញ។
លោក ម៉ាក ហ្វៀល បានថ្លែងឡើង ដូចការដកស្រង់ ក្នុងសេចក្ដីទាំងស្រុងថា៖
«ការផ្ទេរលោក កឹម សុខា (ពីពន្ធនាគារ) មកដាក់ឃុំ នៅក្នុងគេហដ្ឋានរបស់លោក គឺជាជំហានមួយ នៅក្នុងទិសដៅដ៏ល្អ។ យើងសង្ឃឹមថា ជំហានជាវិជ្ជមានផ្សេងទៀត នឹងបន្តកើតមាន ដើម្បីស្ដារលក្ខខណ្ឌទាំងឡាយ [...]