បន្ទាប់ពីការផ្ទេរ កឹម សុខា អង់គ្លេសជំរុញកម្ពុជាឲ្យស្ដារលក្ខខណ្ឌប្រជាធិបតេយ្យឡើងវិញ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 12, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការយកលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ចេញពីការឃុំខ្លួន នៅក្នុងពន្ធនាគារ ឲ្យមកនៅឃុំខ្លួន នៅក្នុងគេហដ្ឋានរបស់លោក កាលពីដើមសប្ដាហ៍នេះ ទទួលបានការស្វាគមន៍ ពីលោក ម៉ាក ហ្វៀល (Mark Field) រដ្ឋមន្ត្រីអង់គ្លេស ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីភិក ដោយហៅទង្វើនេះ ថាជាជំហានមួយ នៅក្នុងទិសដៅដ៏ល្អ។
ប៉ុន្តែត្រឹមតែប៉ុណ្ណេះ នៅមិនទាន់គ្រប់គ្រាន់ នៅឡើយទ។ លោករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស បានអះអាងនៅលើបណ្ដាញសង្គមទ្វីសធើរថា កម្ពុជាគប្បីស្ដារនូវលក្ខខណ្ឌទាំងឡាយ សម្រាប់ឲ្យលទ្ធិប្រជាធិបតេយ្យ មានដំណើរការធម្មតាឡើងវិញ។
លោក ម៉ាក ហ្វៀល បានថ្លែងឡើង ដូចការដកស្រង់ ក្នុងសេចក្ដីទាំងស្រុងថា៖
«ការផ្ទេរលោក កឹម សុខា (ពីពន្ធនាគារ) មកដាក់ឃុំ នៅក្នុងគេហដ្ឋានរបស់លោក គឺជាជំហានមួយ នៅក្នុងទិសដៅដ៏ល្អ។ យើងសង្ឃឹមថា ជំហានជាវិជ្ជមានផ្សេងទៀត នឹងបន្តកើតមាន ដើម្បីស្ដារលក្ខខណ្ឌទាំងឡាយ ដើម្បីឲ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងក្រុមអង្គការសង្គមស៊ីវិល អាចអនុវត្តន៍សិទ្ធិរបស់ពួកគេ ដោយសេរី និងដោយគ្មានការរារាំង។»។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានអនុញ្ញាត ឲ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្ន កាលពីយប់ថ្ងៃអាទិត្យ ចូលមកព្រឹកថ្ងៃចន្ទនេះ។ ចៅក្រមស៊ើបអង្កេត បានសម្រេចដូច្នេះ ដោយអះអាងពីមូលហេតុថា គឺដោយសារបញ្ហាសុខភាព របស់លោក និងដោយមានភ្ជាប់ មកជាមួយ នូវលក្ខខណ្ឌជាច្រើន ដែលមិនខុសណា ពីការបង្ខាំងខ្លួនលោក កឹម សុខា នៅក្នុងគេហដ្ឋាននោះឡើយ។
ការលើកឡើងខាងលើ របស់រដ្ឋមន្ត្រីអង់គ្លេស ទទួលបានការស្វាគមន៍ពីកញ្ញា កឹម មនោរវិទ្យា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាកូនស្រីលោក កឹម សុខា។ កញ្ញាដែលនៅខណៈនេះ កំពុងស្ថិតក្នុងរាជធានី ព្រុយសែល ប្រទេសប៊ែលហ្សិក បានអះអាងថា៖ «ធាតុសំខាន់ៗ នៃលទ្ធិប្រជាធិបតេយ្យ ចាំបាច់ត្រូវស្ដារឡើងវិញ។ ដំណោះស្រាយដ៏ឆាប់រហ័ស នឹងមិនបង្កឲ្យមានវិបត្តិ នៅក្នុងពេលឆាប់ៗ ខាងមុខនេះទេ។»។
Democratic elements need to be restored. Quick fixes will only result in another crisis in the near future.
— Monovithya Kem (@KemMnv) 11 septembre 2018
ប៉ុន្តែសម្រាប់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចំអកឲ្យរាល់ការលើកឡើង ទាំងឡាយណា ដែលចង់ឲ្យគណបក្សសង្គ្រោះជាតិ មានដំណើរការឡើងវិញ ដោយហៅការអះអាងនោះ ថាជាការយល់សប្ដិ។ លោកថា គណបក្សសង្រ្គោះជាតិ ដែលបានស្លាប់បាត់ទៅហើយ តាមសាលដីកាស្ថាពរ របស់តុលាការកំពូល ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧នោះ មិនអាចរស់មកវិញ ជាដាច់ខាត៕