សភា​អ៊ឺរ៉ុប​ត្រៀម​អនុម័ត​ញត្តិ​ស្នើ​ដំណោះស្រាយ ស្ដី​ពី​វិបត្តិ​នយោបាយ​កម្ពុជា

ញត្តិស្នើដំណោះស្រាយជាច្រើន ត្រូវបានក្រុមសមាជិកសភាអ៊ឺរ៉ុប ដាក់ចូលទៅក្នុងអង្គប្រជុំពេញអង្គ នៃសភាសហភាពអ៊ឺរ៉ុប ដែលបានបើកធ្វើ តាំងពីដើមសប្ដាហ៍នេះមក។ គេរំពឹងថា ញត្តិមួយពីក្នុងចំណោមនោះ ឬញត្តិមួយ ដែលរួមបញ្ចូលគ្នា នឹងត្រូវអនុម័តនៅថ្ងៃព្រហស្បត្តិ៍ស្អែក ដោយសភាអ៊ឺរ៉ុបទាំងមូល។
សភា​អ៊ឺរ៉ុប​ត្រៀម​អនុម័ត​ញត្តិ​ស្នើ​ដំណោះស្រាយ ស្ដី​ពី​វិបត្តិ​នយោបាយ​កម្ពុជា
អង្គប្រជុំពេញអង្គ របស់សភាអ៊ឺរ៉ុប ដែលស្ថិតនៅក្នុងក្រុង ស្ត្រាស្បួរិ៍ ភាគខាងកើតប្រទេសបារាំង។ (រូបថត EU)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 12, 2018
  • ប្រធានបទ: នយោបាយ​​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅពេល ដែលក្រុមសមាជិកសភាអ៊ឺរ៉ុប ដ៏ច្រើនលើសលប់ បាននាំគ្នាឈឺឆ្អាល ចំពោះវិបត្តិនយោបាយ នៅក្នុងប្រទេសកម្ពុជា... ព្រោះយ៉ាងហោចណាស់ ញត្តិស្នើដំណោះស្រាយ ចំនួន៦ ត្រូវបានក្រុមសមាជិកសភាអ៊ឺរ៉ុប ដាក់ចូលទៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំពេញអង្គ របស់សភាសហភាពអ៊ឺរ៉ុប ដែលបាន​បើក​សម័យ​ប្រជុំធំ​របស់ខ្លួន តាំងពីដើមសប្ដាហ៍នេះមក ក្នុងក្រុង ស្ត្រាស្បួរិ៍ ភាគខាងកើត​ប្រទេសបារាំង។

ញត្តិទាំង៦ ដែលមានលេខ B8-0366/2018, B8-0369/2018, B8-0370/2018, B8-0373/2018, B8-0375/2018, B8-0377/2018 ត្រូវបានដាក់ចូល ទៅក្នុងរបៀបវារៈ នៃអង្គប្រជុំ តាំងពីថ្ងៃទី១១ ខែកញ្ញាម្សិលម៉ិញ ដោយក្រុមតំណាងរាស្ត្រ ជាច្រើននាក់ ច្រើនគណបក្ស និងច្រើនក្រុម មកពីបណ្ដាប្រទស សមាជិក នៃសហភាពអ៊ឺរ៉ុប។ ញត្តិទាំងនោះ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ អាចចូលទៅពិគ្រោះបាន មានលក្ខណៈប្រហាក់ប្រហែលគ្នា តែទម្ងន់នៃការស្នើដំណោះស្រាយ មានលក្ខណៈ​ខុសៗគ្នា។

គេរំពឹងថា ញត្តិមួយពីក្នុងចំណោមនោះ ឬញត្តិមួយដែលមានលក្ខណៈ ជាការដាក់បញ្ចូលគ្នា ពីញត្តិទាំងនោះ អាចនឹងត្រូវអនុម័ត ឲ្យក្លាយជា «ដំណោះស្រាយ» ដោយសភាអ៊ឺរ៉ុប នៅវេលារសៀលថ្ងៃព្រហស្បត្តិស្អែក។

យ៉ាងណា ញត្តិទាំងនោះ មានសរសេរជាអាទិ៍ ពីការស្វាគមន៍របស់ផងខ្លួន ចំពោះការដោះលែង កាលពីពេលថ្មីៗនេះ នូវសកម្មជនសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងជាពិសេសលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បើទោះជាការដោះលែងនេះ នៅបន្សល់ទុកដោយការចោទប្រកាន់ ពីសំណាក់តុលាការក៏ដោយ។ ញត្តិសឹងតែទាំងអស់ បានទទូចឲ្យអាជ្ញាធរកម្ពុជា ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងក្រុមអ្នកទោសមនសិការទាំងអស់ ឲ្យមានសេរីភាព និងអនុញ្ញាតឲ្យពួកគេ អាចអនុវត្តសិទ្ធខ្លួន ដោយសេរី និងគ្មានការរារាំងជាថ្មី។

ញត្តិលេខ «B8-0366/2018» បានសរសេរថា ការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មិនអាចឆ្លុះបញ្ចាំង ពីឆន្ទះពលរដ្ឋខ្មែរបានឡើយ និងបង្កឲ្យមានភាពមិនទទួលយកបាន ចំពោះ​លទ្ធផល​នៃការបោះឆ្នោត។

រីឯក្រុមសមាជិកសភាអ៊ឺរ៉ុប ដែលនាំគ្នាសរសេរញត្តិ លេខ «B8-0369/2018» និងញត្តិដទៃទៀត បានស្នើទៅគណៈកម្មការអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការខាងក្រៅ ឲ្យធ្វើការថ្កោលទោសប្រទេសកម្ពុជា នៅក្នុងអង្គប្រជុំប្រចាំឆ្នាំ ស្ដីពីសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដែលកំពុងប្រព្រឹត្តិធ្វើ ក្នុងវេលានេះ នៅឯក្រុង ហ្សឺណែវ ប្រទេសស្វីស។

ញត្តិទាំងនោះ បានស្នើឲ្យគណៈកម្មការអ៊ឺរ៉ុប បង្កើតបញ្ជីខ្មៅមួយ ដែលមានដាក់ឈ្មោះមន្ត្រីគ្រាក់ៗ នៃរដ្ឋាភិបាលក្រុង ភ្នំពេញ ដែលទទួលខុសត្រូវ ក្នុងការរំលាយគណបក្សប្រឆាំង និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នៅប្រទេសកម្ពុជា ដើម្បីឈានទៅដាក់ទណ្ឌកម្ម ចំទិសដៅមួយចំនួន រួមមានការកំហិតទិដ្ឋការ មិនឲ្យជាន់​ទឹកដីអ៊ឺរ៉ុប និងការបង្កក​ទ្រព្យសម្បត្តិ​ជាដើម។

ក្រុមតំណាងរាស្ត្រអ៊ឺរ៉ុប នៅបានទាមទារ ឲ្យបញ្ចេញជាសាធារណៈ នូវរបាយការណ៍ នៃបេសកកម្មស្វែងរកការពិត របស់សហភាពអ៊ឺរ៉ុប ដែលបានធ្វើឡើង កាលពីដើមខែកក្កដា ហើយស្នើឲ្យគណៈកម្មការអ៊ឺរ៉ុប ចាប់ផ្ដើមនីតិវិធី ដើម្បីព្យួរប្រព័ន្ធអនុគ្រោះពន្ធ «EBA» ចេញពីប្រទេសកម្ពុជា ប្រសិនជាស្ថានភាព មិនមានភាពល្អប្រសើរ ឡើងវិញ និងដូចដើមទេនោះ។

ធ្ងន់ធ្ងរជាងនេះ ញត្តិលេខ «B8-0377/2018» បានទទូចឲ្យ​រដ្ឋាភិបាល នៃបណ្ដាប្រទេសជា​សមាជិក​ របស់​សហភាព​អឺរ៉ុប​​ទាំងអស់​ ចោទសំនួរ​ឡើង​ពី​ អាសនៈ​របស់​កម្ពុជា​ នៅ​ឯ​អង្គការសហប្រជាជាតិ​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ មិន​ស្របច្បាប់ ​តាម​រយៈ​ការ​បោះ​ឆ្នោត​មួយ​ ដែល​គ្មាន​ភាព​យុត្ដិធម៌​ និង​ពហុបក្ស​៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...