កែម ឡី៖ បង្កើតគណៈកម្មការចម្រុះបានឬមិនបាន អាស្រ័យលើ ហ៊ុន សែន
គណបក្សសង្គ្រោះជាតិព្រឹកថ្ងៃទី២៩ខែកក្កដា ច្រានចោលនូវលទ្ធផលបណ្តោះអាសន្ននេះ និងបានទាមទារ ឲ្យបង្កើតគណៈកម្មការចម្រុះមួយជាបន្ទាន់ ដែលមានការចូលរួមពីគណបក្សធំទាំងពីរ គ.ជ.ប និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេតរួមគ្នា ពីភាពប្រក្រតីទាំងឡាយ ដែលកើតមានក្នុងពេលដំណើរការបោះឆ្នោត។
នៅពេលចាំផ្ដើមរាប់សន្លឹកឆ្នោត ដែលបោះឆ្នោតហើយនៅម៉ោង៣រសៀល ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ នៅមណ្ឌលវត្តវង្គត្តបូរី។ (រូបថត MONOROOM.info/ U.Bory)
ប្រតិកម្មរបស់គណបក្សប្រឆាំងនេះ បានធ្វើឡើងក្នុងសន្និសិតសារព័ត៌មាន បន្ទាប់ក្រោយមួយថ្ងៃ ពីការប្រកាសលទ្ធផលបឋម ជាបណ្ដោះអាសន្ន ដែលឲ្យគណបក្សប្រជាជនកម្ពុជារបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន ទទួលបាន៦៨អាសនៈ ខណៈគណបក្សសង្រ្គោះជាតិទទួលបានតែ៥៥អាសនៈ នៅក្នុងការបោះឆ្នោតមួយកាលពីថ្ងៃអាទិត្យ។ គណបក្សប្រឆាំងបានចោទថា មានភាពមិនប្រក្រតីជាច្រើន បានកើតឡើងក្នុងការបោះឆ្នោតនោះ។ គណៈកម្មធិការចម្រុះនេះ នឹងធ្វើការងាររបស់ខ្លួនចាប់ពីពេលនេះតទៅ និងត្រូវផ្ដល់លទ្ធផលនៃការស៊ើបអង្កេតនេះ មិនឲ្យលើសថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ខាងមុខ។
ទាក់ទងនឹងព្រឹត្តិការណ៍របត់នយោបាយថ្មីនេះ លោក កែម ឡី អ្នកវិភាគឯករាជ្យពីស្ថានការណ៍នយោបាយនៅកម្ពុជា បានហៅ«ការស្មើរនេះ គឺជាការត្រឹមត្រូវ»មួយ។ នៅក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ អ្នកវិភាគរូបនេះ បានពន្យល់ថា ការស្នើសុំនេះ «ដើម្បីរកឃើញភាពខ្វះចន្លោះ»ទាំងឡាយ ដែលបានកើតមាន នៅក្នុងការបោះឆ្នោតកន្លងមក តែថាការស្នើសុំនេះអាចបង្កើតទៅរួច ឬអត់ វាអាស្រ័យលើគណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន។
លោកបន្តថាប្រសិនបើការបោះឆ្នោតនេះមានភាពត្រឹមត្រូវ គ្មានអាថ៌កំបាំងនោះគណបក្សប្រជាជននឹងយល់ព្រម។ ផ្ទុយមកវិញបើការបោះឆ្នោតនេះ គ្មានភាពត្រឹមត្រូវមានអាថ៌កំបាំងច្រើននោះ គណៈបក្សប្រជាជនប្រាកដជាមិនចង់បង្កើតនោះទេ។
ក្នុងសន្និសីតសារព័ត៌មាន នៅស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ ស្ថិនៅសង្កាត់ចាក់អង្រែ លោក កឹម សុខា ដែលជាអនុប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់អ្នកសរព័ត៌មានថា៖ «លទ្ធផលវាមានភាពប្រកិតប្រកើយ ហើយប្រសិនបើធ្វើឲ្យត្រឹមត្រូវជាងនេះបន្តិច គណបក្សសង្រោះជាតិ ប្រាកដជាឈ្នះ»។
នៅក្នុងសេចក្ដីថ្ងៃងការណ៍របស់ខ្លួន ចេញផ្សាយនៅយប់ថ្ងៃទី២៨ខែកក្កដា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានជូនដំណឹងពីជ័យជំនះរបស់ខ្លួន ក្នុងការបោះឆ្នោតជាតិនីតិកាលទី៥នេះ និងបានអំពាវនាវឲ្យអ្នកបោះឆ្នោតឲ្យគណបក្ស រក្សាភាពស្ងៀមស្ងាត់ ដើម្បីរងចាំលទ្ធផលជាផ្លូវការ ប្រកាសដោយគជបក្នុងពេលខាងមុខ។
នៅព្រឹកថ្ងៃដដែលនេះ សន្និសិតអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) និង ចលនាអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ី-ប៉ាស៊ីហ្វិក (CAPDI) ដែលជាភ្ញៀវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសជាផ្លូវការ វាយតម្លៃការបោះឆ្នោនេះ ថាជាការបោះជំហានរបស់កម្ពុជា ទៅរកលទ្ធិប្រជាធិបតេយ្យ និងចាត់ទុកដំណើរការបោះឆ្នោតនេះមានសេរីភាព ឆន្ទៈ យុត្តិធម៌ ត្រឹមត្រូវ តម្លាភាព និងគ្មានអំពើហិង្សា។
ដោយឡែកសហរដ្ឋអាមេរិក តាមរយៈអ្នកនាំពាក្សស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានសាទរការបោះឆ្នោតនេះ ដោយចាត់ទុកថា វាជាការបោះជំហានជាប្រវត្តិសាស្ត្រមួយ តែបានស្នើអោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើការស៊ើបអង្កេត នូវរាល់ភាពមិនប្រក្រតី ដែលត្រូវបានគេរាយការណ៍ថា កើតមានឡើងនៅក្នុងពេលដំណើរការបោះឆ្នោត។
ឯប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី វិញ បានស្មើរដល់អ្នកគាំទ្ររបស់ខ្លួន ឲ្យបន្តរក្សាភាពស្ងៀមស្ងាត់ និងបានសន្សានឹងសហការជាមួយ អង្គការសហប្រជាជាតិ អ្នកជំនាញ និងដៃគូរដែលពាក់ព័ន្ធនានា ដើម្បីធ្វើការស៊ើបអង្កេត ស្វែងរកលទ្ធផលមួយដែលមានភាពយុត្តិធម៌៕
--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ