ក្បួនយុទ្ធនាការប្រឆាំងនឹងសេចក្ដីព្រាងច្បាប់ NGO ត្រូវបានរារាំង
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី៣០ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 30, 2015
- ប្រធានបទ: ច្បាប់ NGO
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាវេលាម៉ោងជិត១០ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥នេះ ក្បួនដង្ហែរ និងបើកយុទ្ធនាការ របស់ក្រុមអង្គការសង្គមស៊ីវិល បានជួបនូវការរារាំង ពីសំណាក់កងកម្លាំងសន្ដិសុខ បង្កឲ្យមានការប៉ះទង្កិចគ្នា នៅតាមបណ្ដោយមហាវិថីកម្ពុជាក្រោម និងនៅតាមវិថីផ្សេងទៀតមួយចំនួន ខណៈពួកគេព្យាយាមហែរក្បួនទាំងនេះ ទៅកាន់វិមានរដ្ឋសភា។
ចំពោះមុខព្រួញទាំង៤ទិសដៅ លើផ្លូវជាតិធំៗទាំង៤ នៃអ្នកតវ៉ា មកពីបណ្ដាអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ប្រមាណ៥00នាក់នោះ ត្រូវបានរារាំងជាបន្តបន្ទាប់ ពីសំណាក់សមត្ថកិច្ចចម្រុះជាតិ ក្នុងគោលបំណងមិនអនុញ្ញាត ឲ្យមានការប្រមូលផ្តុំគ្នា នៅមុខវិមានរដ្ឋសភា ក្នុងថ្ងៃទី៣០ ខែមិថុនានេះឡើយ។
ការប៉ះទង្គិចគ្នា ទាំងបួនទិសដៅនេះ ទាំងនៅមុខស្ថានទូតបារាំង ទាំងនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម មិនបង្កឲ្យមានរបួសធ្ងន់ធ្ងរ ដល់អ្នកណាម្នាក់នោះទេ។ កាលពីវេលាម៉ោង ជិត១០ព្រឹក យុវជនម្នាក់ ត្រូវបានចាប់ខ្លួន នៅចំណុចស្ពានអាកាសក្បាលថ្នល់ តែអាជ្ញាធរបានធ្វើការដោះលែងវិញភ្លាមៗ បន្ទាប់ពីមានការបញ្ជាក់ថា យុវជននោះមិនពាក់ព័ន្ធ នឹងការហែរក្បួននោះ។
តាមគេហទំព័រ របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ ដែលបានចេញផ្សាយ ក្នុងថ្ងៃទីទី២៩ ខែមិថុនា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ បានឲ្យដឹងថា យុទ្ធនាការដើរហែក្បូនទាំងនេះ មានគោលបំណង ដើម្បីប្រឆាំង ទៅនឹងសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសេចក្តីព្រាងច្បាប់ ស្តីពីសហជីព ដោយចាត់ទុកថា ជាសេចក្តីព្រាងច្បាប់ទាំងពីរ មានលក្ខណៈគាបសង្កត់ និងបំបិទសិទ្ធិសេរីភាព។
តាមការអះអាង របស់គេហទំព័រដដែល បានលើកឡើងថា ក្បួនទាំងបួនទិសនោះ ត្រូវចាប់ផ្តើមពី ស្ពាន៧មករា (ស្តុបពេទ្យលោកសង្ឃ), ពីវត្តនិរោធ, ពីសង្កាត់ចាក់អង្រែ និងពីមុខពីស្ថានទូតបារាំង ហើយមកជួបជុំគ្នា នៅមុខមន្ទីររដ្ឋសភាជាតិ ក្នុងវេលាម៉ោង១០ព្រឹក ក្នុងថ្ងៃទី៣០ ខែមិថុនា បន្ទាប់មកធ្វើការបង្ហោះប៉េងប៉ោង ជាតំណាង។
រីឯសាលារាជធានីភ្នំពេញវិញ បានប្រកាសព្រមានថា នឹងចាត់វិធានការ មិនឲ្យមានការហែក្បួនទេ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ នេះបើតាមកាអះអាងរបស់អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ កាលពីថ្ងៃទី២៩ ខែមិថុនា។ បើទោះជាមានការរារាំង ពីអាជ្ញាធរសមត្ថកិច្ច នៅតាមផ្លូវយ៉ាងណាក៏ដោយ ក្រុមសកម្មជនអង្គការសង្គមស៊ីវិល បានសម្រេចបំណង ដោយបានមកជួបជុំគ្នា និងឈរតវ៉ា ជាមួយនឹងការបិទស្ទីកឃ័រ រួមទាំងការលើកបដា នៅមុខរដ្ឋសភានាវេលាម៉ោងជិត ១១ព្រឹក។
កុំព្រួយពេក!
ទាក់ទងនឹងសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល និងសេចក្តីព្រាងច្បាប់ ស្តីពីសហជីព ក្នុងជំនួបមួយរវាងលោកសម រង្ស៊ី និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាវិមានរដ្ឋសភា កាលពីថ្ងៃទី២៩ ខែមិថុនាម្សិលម៉ិញនេះ លោក នាយករដ្ឋមន្រ្តី បានប្រាប់ទៅលោក សម រង្ស៊ី ថា សូមកុំឲ្យលោក សម រង្ស៊ី និងអង្គការសង្គមស៊ីវិល មានការព្រួយបារម្ភខ្លាំងពេក ចំពោះច្បាប់ទាំងនោះ។
លោក សម រង្ស៊ី បាននាំពាក្យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មកបញ្ជាក់ថា៖ «សូមឲ្យអង្គការសង្គមស៊ីវិលទាំងអស់ កុំព្រយយបារម្ភហួសហេតុ។ អង្គការសង្គមស៊ីវិល ដែលកំពុងតែដំណើរការហើយ គឺអត់ចាំបាច់ ទៅចុះឈ្មោះឡើងវិញទេ គឺមានការទទួលស្គាល់ ជាស្វ័យប្រវត្តិ។ ដូច្នេះអង្គការដែលមានទាំងប៉ុន្មាន ដែលបានចុះឈ្មោះពីមុនហើយ និងកំពុងតែដំណើរការពេលនេះ មិនចាំបាច់ទៅបំពេញបែបបទ មិនចាំបាច់ទៅចុះឈ្មោះម្តងទៀតទេ ការទទួលស្គាល់ ក៏នៅតែមាន។ អ្វីដែលស្របច្បាប់ មិនចាំបាច់ធ្វើអ្វីលើសពីនោះទេ។»
ទាក់ទងនឹងសេចក្តីព្រាងច្បាប់ស្តីពី សមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះ រដ្ឋសភាគ្រោងនឹងបើកសិក្ខាសាលា ពិគ្រោះយោបល់នាថ្ងៃទី១០ ខែកក្កដា បន្ទាប់ពីគណកម្មការជំនាញ នៃរដ្ឋសភា បញ្ចប់កិច្ចប្រជុំកិច្ចរបស់ខ្លួន ក្នុងថ្ងៃទី២៩ ខែមិថុនានេះ។ នេះបើតាមការអះអា ងរបស់លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា តាមសារព័ត៌មានក្នុងស្រុកមួយ៕