វិភាគ៖ នៅពេលដែលនាយករដ្ឋមន្ត្រីខ្មែរ និយាយភាសាយួន
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: December 29, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើបទពិសោធន៍ជាង៣០ឆ្នាំ បើគិតតាំងពីលោកបានក្លាយខ្លួនជារដ្ឋមន្ត្រីការបរទេស ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាមកនោះ មិនគ្រប់គ្រាន់សម្រាប់លោក ហ៊ុន សែន ទេឬអ្វី បានជានាយករដ្ឋមន្ត្រីរូបនេះថ្លែងជាភាសាវៀតណាម ខណៈពេលដែលលោកបំពេញទស្សនកិច្ច«ផ្លូវរដ្ឋ» ទៅកាន់ប្រទេសជា«មហាមិត្ត»នោះ? មិនប្រាកដជាដូច្នេះទេ ព្រោះល្បិចកលនយោបាយរបស់លោក ហ៊ុន សែន អាចនៅជ្រៅជាងអ្វីដែលគេបានគិតពីលោក ត្រឹមតែជាសម្បកក្រៅ។
លោក ហ៊ុន សែន ក្នុងពេលថ្លែងជាភាសាវៀតណាម ទៅកាន់អ្នកមុខអ្នកមាត់នៃប្រទេសវៀតណាម។ (រូបភាពថតពីវីដេអូទូរទស្សន៍វៀតណាម)
វិភាគ - ការថ្លែងមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅចំពោះបណ្ដាអ្នកមុខអ្នកមាត់វៀតណាមជាច្រើនសិបនាក់ ដែលត្រូវបានបញ្ចាំងតាមរយៈទូរទស្សន៏ជាតិ នៃប្រទេសវៀតណាម បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំងមួយ ពីសំណាក់ពលរដ្ឋខ្មែរ នៅបន្ទាប់ពីឈុតឆាកនោះ ត្រូវបានបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក នៅកម្ពុជា យកទៅផ្សព្វផ្សាយបន្តយ៉ាងព្រោងព្រាតនោះ។
ចាប់អារម្មណ៍ខ្លាំង ព្រោះបើទោះជាគេដឹងថា លោក ហ៊ុន សែន ជាមនុស្សស្និតនឹងក្រុងហាណូយខ្លាំង រហូតចាក់ទឹកមិនលេចយ៉ាងណាក៏ដោយ ក៏គេមិនបានគិតដល់ថា លោកនាយករដ្ឋមន្ត្រីកម្ពុជារូបនេះចេះនិយាយភាសាវៀតណាមយ៉ាងរត់មាត់នោះដែរ។ ម្យ៉ាងទៀត សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងជាផ្លូវការបែបនេះ វាប្រាកដជាកាន់តែចម្លែកទៅទៀត នៅពេលគេបានឃើញនាយករដ្ឋមន្ត្រីនៃជាតិសាសន៍មួយ ទៅថ្លែងជាភាសានៃជាតិសាសន៍ដទៃទៀត ដែលមិនមែនជា«ភាសាអន្តរជាតិ»យ៉ាងដូច្នេះ។
ការលើកឡើងខាងលើនេះ ត្រូវបានយល់ស្របដោយ លោក សុខ ទូច អ្នកវិភាគឯករាជ្យជំនាញខាងវិទ្យាសាស្ត្រនយោបាយ នៅក្នុងការបកស្រាយទាំងបីចំណុចរបស់លោក ទៅលើការថ្លែងជាភាសាវៀតណាម របស់បុរសខ្លាំងកម្ពុជា នៅក្នុងប្រទេសវៀតណាម។ លោក សុខ ទូច បានពន្យល់ថា លោក ហ៊ុន សែន ទៅធ្វើទស្សនកិច្ចក្នុងផ្លូវរដ្ឋ ដូច្នេះលោក ហ៊ុន សែន មិនអាចនិយាយភាសាសាសន៍ដទៃ ក្រៅពីភាសាដើមរបស់ខ្លួន (ជាមួយនឹងអ្នកបកប្រែ) ឬជាភាសាអន្តរជាតិទាំង៦ នោះឡើយ។ ភាសាអន្តរជាតិ ដែលអ្នកវិភាគល្បីឈ្មោះរូបនេះរៀបរាប់ថា មានភាសាអេស្បាញ បារាំង រុស្ស៊ី អារ៉ាប់ ចិន និងភាសាអង់គ្លេស ដែលគេមិនឃើញមានភាសាវៀតណាម ចុះក្នុងបញ្ជីនៃភាសាអន្តរជាតិទាំងនេះទេ។
លោក សុខ ទូច បានបកស្រាយទៀតថា ដោយសារលោក ហ៊ុន សែន ចេះភាសានេះ ដូច្នេះលោកនាយករដ្ឋមន្ត្រីប្រាកដជាចង់បង្ហាញពីមោទនភាព ថាក្នុងនាមជាមេដឹកនាំ (កម្ពុជា) មួយរូប មិនមែនចេះតែភាសា (ខ្មែរ) មួយនោះឡើយ។ លោក ហ៊ុន សែន អាចចេះនិយាយ ពីរ ឬបីភាសា លើសពីភាសាដើមកំណើត។
ការថ្លែងជាភាសាវៀតណាមរបស់លោក ហ៊ុន សែន បានធ្វើឡើងចំពេល ដែលស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា កំពុងមានសភាពកាន់តែតានតឹងខ្លាំងឡើង។ គណបក្សសង្គ្រោះជាតិ និងក្រុមអ្នកគាំទ្របានទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីបុរសខ្លាំងរូបនេះ បានកាន់អំណាចជិត៣០ឆ្នាំមកនោះ។ បណ្ដាជនដែលប្រឆាំងលោក ហ៊ុន សែន ទាំងនេះ បានសង្ស័យថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសវៀតណាមលើកនេះ អាចជាឱកាសមួយទៅស្វែងរកកលឧបាយ ពីសំណាក់វៀតណាម មិត្ត«ម៉ឺនឆ្នាំ»របស់លោក ដើម្បីត្រឡប់យកវា ចូលមកអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា។
ត្រង់ចំណុចនេះ លោកបណ្ឌិត សុខ ទូច បានពន្យល់ទៀតថា អ្នកនយោបាយអាចនឹងរុញបញ្ហានេះ កាន់តែជ្រៅ ជាពិសេសទៅក្នុងស្រទាប់ប្រជាជនសមញ្ញ។ «រុញបញ្ហានេះកាន់តែជ្រៅ» ដែលមានន័យស្មើនឹង ការធ្វើអាជីវកម្មរបស់អ្នកនយោបាយប្រឆាំង ទៅលើការថ្លែងរបស់លោក ហ៊ុន សែន ជាភាសាវៀតណាមនេះតែម្ដង។ បើដូច្នេះសួរថា តើលោក ហ៊ុន សែន មិនចេះជ្រើសរើសឱកាស ដើម្បីបង្ហាញចំណេះភាសារបស់លោក ឬយ៉ាងណា?
នៅក្នុងរជ្ជកាលរបស់លោកជិត៣០ឆ្នាំ លោក ហ៊ុន សែន មានរឿងតិចណាស់ដែលខ្វល់ ឬមិនដែលខ្វល់សូម្បីបន្តិចសោះតែម្ដង ពីយោបល់ឬគំនិតរបស់ក្រុមអ្នកនយោបាយប្រឆាំង។ ដូច្នេះការថ្លែង ទៅកាន់អ្នកមុខអ្នកមាត់វៀតណាមក្នុងពេលនេះ អាចមានអត្ថន័យផ្សេង ដែលគេអាចដឹងបាន ថាវាបានបង្កប់នៅក្នុងសាច់រឿង ដែលលោកបានថ្លែងនៅពេលនោះ។ ជាពិសេសសម្រាប់កាលៈទេសៈដ៏តានតឺង នៅក្នុងប្រទេសកម្ពុជាពេលនេះ ការយកចិត្តយកថ្លើមមិត្តម៉ឺនឆ្នាំរបស់លោក អាចជាការចាំបាច់មួយ។
ការយកចិត្តយកថ្លើមមិត្តម៉ឺនឆ្នាំនោះ គឺការរំលឹកឡើងវិញពីអនុស្សាវរីយ៍«រួម»លេណដ្ឋាន នៅពេលក្រុមរបស់លោក និងកងទ័ពវៀតណាម បានរំដោះកម្ពុជាចេញពីនឹមរបបកម្ពុជាប្រជាធិបតេយ្យ និងពីអ្វីដែលលោកហ៊ុន សែន តែងនិយាយរំលឹកហើយរំលឹកទៀតមិនដាច់ពីមាត់ នៃបុព្វហេតុដ៏ត្រឹមត្រូវ ដែលក្រុមរបស់លោក និងកងទ័ពវៀតណាម បានបណ្ដេញមេដឹកនាំខ្មែរក្រហមចេញពីអំណាច។ «បុព្វហេតុដ៏ត្រឹមត្រូវ» ដោយសារតែលោកបាននិយាយយ៉ាងមានមោទនភាពនៅក្នុងពេលនោះថា ក្រុមមេដឹកនាំខ្មែរក្រហមទាំងនោះ កំពុងត្រូវបានកាត់ទោស ដោយតុលាការអន្តរជាតិមួយនៅរាជធានីភ្នំពេញ សហការរៀបចំឡើងដោយអង្គការសហប្រជាជាតិ នៅ៣០ឆ្នាំក្រោយមក។
មោទនភាពរបស់លោក ហ៊ុន សែន ដែលសម្រាប់ក្រុមប្រឆាំង វាជា«ភាពអាមាស»មួយរបស់នាយករដ្ឋមន្ត្រីចាស់វស្សា និងជាអតីតទាហានខ្មែរក្រហមរត់ចោលជួររូបនេះទៅវិញទេ ព្រោះបើតាមក្រុមប្រឆាំង និងអ្នកស្រាវជ្រាវកត់ត្រាប្រវត្តិសាស្ត្រ ពួកគេមិនដែលចាត់ទុកថា នោះជាបុព្វហេតុដ៏ត្រឹមត្រូវនោះឡើយ តែវាជាការចូលឈ្លានពានប្រទេសកម្ពុជា ពីសំណាក់កងទ័ពនៃប្រទេសវៀតណាម នៅចុងឆ្នាំ១៩៧៨ ហើយបន្ទាប់មកបានដាក់ប្រទេសកម្ពុជា ឲ្យស្ថិតនៅក្រោមនឹមត្រួតត្រា របស់អាណានិគមនិយម«វៀតណាម»ថ្មីមួយទៀតតែប៉ុណ្ណោះ។
បញ្ហាសំខាន់ដែលត្រូវចោទសួរជាងនេះ នោះគឺហេតុអ្វីលោក ហ៊ុន សែន ចំណាយពេលវេលារបស់លោក ទៅថ្លែងរំលឹកពីអនុស្សាវរីយ៍«រួម»លេណដ្ឋាន នៅពេលនេះ? ពិតហើយ នៅពេលបច្ចុប្បន្នគ្មាននរណាអាចឆ្លើយរួច ទៅនឹងសំនួរនេះបានឡើយ។ មានតែនៅពេលអានាគតប៉ុណ្ណោះ ដែលចម្លើយអាចនឹងត្រូវលាតត្រដាង៕
នេះជាវីដេអូរបស់ទូរទស្សន៍វៀតណាម ចាក់ផ្សាយពីការថ្លែងជាភាសាវៀតណាមរបស់បុរសខ្លាំងកម្ពុជា៖
----------------------------------
អត្ថបទដោយ៖ សេក មនោកុមារ
សម្ភាសន៍ដោយ៖ ក. សេងហុង - ភ្នំពេញ ថ្ងៃ២៨ ខែធ្នូ ឆ្នាំ ២០១៣
រក្សាសិទ្ឋដោយ៖ ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ