«អ្នក​កាសែត "Khashoggi" ត្រូវ​បាន​ច្របាច់ក​សម្លាប់​នៅ​ក្នុង​ស្ថាន​ភារធារី និង​កាត់​បំបែក​សព»

លោក «Jamal Khashoggi» អ្នកសារព័ត៌មានជាតិអារ៉ាប៊ីសាអ៊ូឌីត ពិតជាត្រូវបានសម្លាប់ ដោយការច្របាច់ក នៅក្នុងស្ថានភារធារី នៃប្រទេសរបស់លោក ប្រចាំនៅក្រុង អ៊ីស្តាំប៊ូល ប្រទេសតួរគី ហើយសាកសព ត្រូវបានកាត់បំបែក។ នេះបើតាមការអះអាង របស់រដ្ឋអាជ្ញានៃក្រុងអ៊ីស្តាប៊ូល ដោយអះអាងពីការធ្វើឃាត ដោយមានការប៉ុនប៉ង ទុកជាមុន។
«អ្នក​កាសែត "Khashoggi" ត្រូវ​បាន​ច្របាច់ក​សម្លាប់​នៅ​ក្នុង​ស្ថាន​ភារធារី និង​កាត់​បំបែក​សព»
លោក «Jamal Khashoggi» អ្នកសារព័ត៌មានដ៏កម្រ ដែលហ៊ានរិះគន់រដ្ឋអំណាចអារ៉ាប៊ីសាអ៊ូឌីត។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣១ តុលា ២០១៨
  • កែប្រែចុងក្រោយ: October 31, 2018
  • ប្រធានបទ: ឃាតកម្ម​​ក្នុង​ស្ថានទូត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាឃាតកម្មដ៏សាហាវមួយ ដែលធ្វើឡើង ទៅលើជនជាតិខ្លួនឯង នៅក្នុងស្ថានភារធារី (ការិយាល័យសាខាមួយ របស់ស្ថានទូត) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រចាំក្នុងក្រុង អ៊ីស្តាំប៊ូល ប្រទេសតួរគី។ នេះ បើតាមការប្រកាសឲ្យដឹង ពីសំណាក់រដ្ឋអាជ្ញាតួរគី ប្រចាំនៅក្រុងអ៊ីស្តាំប៊ូល នៅល្ងាចថ្ងៃពុធ ទី៣១ ខែតុលានេះ។

លោករដ្ឋអាជ្ញាបានពន្យល់ ក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ការបញ្ចេញឲ្យដឹង ពីអ្វីដែលខ្លួនបានស៊ើបអង្កេតរកឃើញ ធ្វើឡើងជា«ការចាំបាច់» ដើម្បីជាពន្លឺតបនឹងការស៊ើបអង្កេត ដែលមិនមានលទ្ធផល ជាដុំកំភួន ពីសំណាក់រាជអាជ្ញាកំពូល មកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត  កាលពីពេលថ្មីៗនេះ។

សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា៖ «ដោយមានគម្រោងប៉ុនប៉ងទុកជាមុន ជនរងគ្រោះ "Jamal Khashoggi" ត្រូវបានច្របាច់កសម្លាប់ ចាប់ពីពេលដែលជនរងគ្រោះ បានចូលទៅដល់ក្នុងស្ថានភារធារីភ្លាម។ (...) សាកសពជនរងគ្រោះ ត្រូវបានកាប់បំបែកជាដុំៗ មុននឹងយកទៅបោះចោល ដោយហេតុថា មរណភាពរបស់ជនរងគ្រោះ កើតឡើងដោយសារការច្របាច់ក។»។

លោក «Jamal Khashoggi» អ្នកសារព័ត៌មាន ដែលរដ្ឋអំណាចអារ៉ាប៊ីសាអ៊ូឌីតមិនចូលចិត្ត បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង បន្ទាប់ពីលោកបានចូល ទៅក្នុងស្ថានភារធារីនៃប្រទេសរបស់លោក ក្នុងក្រុងអ៊ីស្តាំប៊ូល កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើក្រដាសស្នាម។ សេចក្ដីរាយការណ៍ជាបន្តបន្ទាប់ ដែលទទួលស្គាល់ ដោយរដ្ឋអំណាចអារ៉ាប៊ីសាអ៊ូឌីត បានបញ្ជាក់ថា លោកត្រូវបានសម្លាប់។

បើតាមអត្ថបទប្រកាសព័ត៌មាន របស់រដ្ឋអាជ្ញាតួរគីដដែល បានរៀបរាប់ថា អាជ្ញាធរតួរគី បានស្នើជាថ្មី ទៅរាជអាជ្ញាអារ៉ាប៊ីសាអ៊ូឌីត និងគណៈប្រតិភូ ឲ្យបញ្ជូនខ្លួនជនសង្ស័យ១៨នាក់ មកឲ្យប្រព័ន្ធយុត្តិធម៌តួរគី ដើម្បីធ្វើការអង្កេត ទៅលើសំណុំរឿងឃាតកម្មខាងលើ ខណៈពួកគេ (ជនសង្ស័យទាំង១៨នាក់) ត្រូវបានឃាត់ខ្លួនរួចជាស្រេចហើយ ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

អាជ្ញាធរតួរគីនៅបានទាមទារ ស្វែងរកអត្តសញ្ញាណ នៃជនផ្សំគំនិតក្នុងស្រុកមួយរូបទៀត ដែលរដ្ឋអំណាចអារ៉ាប៊ីសាអ៊ូឌីត ធ្លាប់លើកឡើង និងស្វែងរកសាកសព របស់លោក «Jamal Khashoggi» មកវិញ ទោះបីសាកសពនោះ ត្រូវបានកាត់បំបែកជាដុំៗក៏ដោយ។

សេចក្ដីប្រកាសព័ត៌មាន នៅបានបញ្ជាក់ដែរថា រដ្ឋអាជ្ញាតួរគី ត្រូវបានអញ្ជើញឲ្យធ្វើដំណើរ ទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាមួយនឹងចំណុចសង្ស័យជាច្រើន ដែលខ្លួនមាននៅក្នុងដៃ ប៉ុន្តែអត្ថបទដដែលមិនបានលើកឡើងថា តើរដ្ឋអាជ្ញាតួរគី នឹងធ្វើការឆ្លើយតប ជាវិជ្ជមាន ទៅនឹងការអញ្ជើញនេះ ឬយ៉ាងណានៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...