អង្ករក្រអូប«ផ្កាម្លិះអង្គរ»ខ្មែរ ជាប់លេខ១លើពិភពលោកជាថ្មី
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ តុលា ២០១៨
- កែប្រែចុងក្រោយ: October 15, 2018
- ប្រធានបទ: អង្ករខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប្រកួតប្រជែង ដណ្ដើមចំណាត់ថ្នាក់អង្ករពិសេស ក្រអូប និងឈ្ងុយឆ្ងាញ់ជាងគេ ប្រចាំឆ្នាំ២០១៨ ដែលប្រព្រឹត្តិធ្វើ ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ក្នុងក្របខណ្ឌសន្និសីទពិភពលោក លើកទី១០ ស្ដីពីអង្ករ នារដ្ឋធានីហាណូយ ប្រទេសវៀតណាម បានសម្រេចផ្ដល់ចំណាត់ថ្នាក់លេខ១ ទៅឲ្យអង្ករ«ផ្កាម្លិះអង្គរ» របស់ប្រទេសកម្ពុជា។
ប៉ុន្តែចំណាត់ថ្នាក់នេះ មិនមែនជាការភ្ញាក់ផ្អើលអ្វីប៉ុន្មានទេ ដោយហេតុថា អង្ករកម្ពុជាធ្លាប់ទទួលបានចំណាត់ថ្នាក់ ដ៏ប្រសើរដូច្នេះ ជាច្រើនដងរួចមកហើយ គឺនៅក្នុងឆ្នាំ២០១២ - ២០១៣ និងឆ្នាំ២០១៤។
របាយការណ៍របស់ក្រសួងកសិកម្មកម្ពុជា បានឲ្យដឹងថា ប្រទេសកម្ពុជាបាននាំអង្ករចេញ ប្រមាណជា ២៧១ ០០០តោន នៅក្នុងឆរមាសដំបូង នៃឆ្នាំ២០១៨នេះ។ នៅក្នុងឆ្នាំ២០១៧ អង្ករកម្ពុជាដែលផលិតបាន មានបរិមាណ ១០,៥លានតោន ដែលកើនឡើង ៥% លើសឆ្នាំ២០១៦ ហើយត្រូវបាននាំចេញ ក្នុងបរិមាណច្រើនជាង ៦០០ ០០០តោន ទៅកាន់ទីផ្សារបរទេស។
អង្ករជិតពាក់កណ្ដាល ត្រូវបាននាំចេញដោយខុសច្បាប់...
របាយការណ៍របស់ក្រសួង បានបញ្ជាក់ទៀតថា សម្រាប់ឆ្នាំ២០១៧ កម្ពុជាបាននាំអង្កររបស់ខ្លួន ចេញទៅកាន់ប្រទេស ច្រើនជាង ៦០ នៅលើពិភពលោក។ ពីក្នុងចំណោមប្រទេសទាំងនោះ ប្រទេសចិនទទួលទិញអង្ករខ្មែរ ៥៧% ច្រើនជាងគេ លើសប្រទេសបារាំង (លេខ២) និងប្រទេសប៉ូឡូញ (លេខ៣)។
កាលពីខែមីនាកន្លងទៅ អង្គការចំណីអាហារ និងកសិកម្ម របស់អង្គការសហប្រជាជាតិ ដែលហៅកាត់ជាភាសាអង់គ្លេស «FAO» បានធ្វើការព្យាករណ៍ថា អង្ករកម្ពុជាប្រមាណជា ៤៤% នឹងត្រូវនាំចេញ ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ឬតាមបែបទីផ្សារងងឹត។ អង្កការអន្តរជាតិខាងលើ បានប៉ាន់ប្រមាណថា សម្រាប់ឆ្នាំ២០១៨នេះ អង្ករកម្ពុជានឹងត្រូវនាំចេញ ក្នុងបរិមាណ១,៣៥លានតោន ខណៈបរិមាណដែលចុះបញ្ជីផ្លូវការ នឹងមានត្រឹមតែ ៧៥០ ០០០តោនប៉ុណ្ណោះ។
ក្រសួងកសិកម្មកម្ពុជា បានទទួលស្គាល់បញ្ហានេះ តែបានពន្យល់ថា នោះដោយហេតុមកពីកម្ពុជា ខ្វះម៉ាស៊ីនកិនស្រូវ និងឃ្លាំងរក្សាទុកអង្ករ ដែលតម្រូវឲ្យឈ្មួញក្នុងស្រុក ចាំបាច់ត្រូវលក់អង្ករ ដែលមិនទាន់កិន ក្នុងតម្លៃថោក ដោយមិនចុះបញ្ជី ទៅឲ្យឈ្មួញនៃប្រទេសជិតខាង។
របាយការណ៍ព្យាករណ៍របស់អង្កការ «FAO» បានបញ្ជាក់ថា វិស័យកសិកម្មរបស់ប្រទេសកម្ពុជា នៅតែជួបនឹងបញ្ហាជាច្រើនដដែល និងមិនអាចជួយ ដល់ជីវភាពរបស់ប្រជាជនកម្ពុជា ឲ្យមានភាពប្រសើរបានទេ សម្រាប់ប៉ុន្មានឆ្នាំទៅមុខ ខណៈប្រទេសដ៏ក្រីក្រមួយនេះ មានប្រជាជនប្រមាណជា ៨០% ជាកសិករ និងប្រមាណជា ៩០% រស់នៅក្រោមបន្ទាត់ នៃភាពក្រីក្រនៅឡើយនោះ៕