ប្រតិកម្មចម្រុះឲ្យស៊ើបអង្កេតការផ្ទុះអាវុធប្រឆាំងពលរដ្ឋនៅក្រចេះ

- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ មីនា ២០១៨
- កែប្រែចុងក្រោយ: March 10, 2018
- ប្រធានបទ: ជម្លោះដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានសម្តែងក្តីព្រួយបារម្ភក្រៃលែង ជុំវិញព័ត៌មាន អំពីការផ្ទុះអាវុធ បាញ់ប្រហារ ទៅលើប្រជាពលរដ្ឋ អ្នកតវ៉ាជម្លោះដីធ្លី ក្នុងខេត្តក្រចេះ កាលពីថ្ងៃព្រហស្បត្តិ៍ ទី៨ ខែមីនា ឆ្នាំ២០១៨។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់ការិយាល័យរបស់អ្នកស្រី ខណៈអ្នកស្រីផ្ទាល់ កំពុងមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងយល់ ពីស្ថានភាពសិទ្ធិមនុស្ស របស់ប្រទេសនេះ ដែលរងការរិះគន់ថា មានលក្ខណៈកាន់តែចុះដុនដាបទៅៗ។
សេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ មួយថ្ងៃក្រោយពេលកើតហេតុ បានបញ្ជាក់ថា អ្នកស្រី រ៉ូណា ស្មីត កំពុងតាមដាន យ៉ាងជិតដល់ និងស្នើឲ្យមានកាស៊ើបអង្កេត ជាបន្ទាន់មួយ ទៅលើករណីនេះ។ អ្នកស្រីបានក្រើនរម្លឹកជាថ្មី ទៅកាន់របបដឹកនាំក្រុងភ្នំពេញ ថាការគោរពសិទ្ធិមនុស្ស មិនអាចខ្វះបានឡើយ សម្រាប់ការកសាងសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍសង្គមមួយ ប្រកបដោយចីរភាពនោះ។
នៅក្នុងការថ្លែង របស់មន្ត្រីអង្គការសង្គមស៊ីវិលជាច្រើន មានទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក៏បានអំពាវនាវឲ្យរដ្ឋាភិបាល បើកការស៊ើបអង្កេត ប្រកបដោយតម្លាភាពមួយឡើងដែរ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានទាមទារ ឲ្យមានការស៊ើបអង្កេតមួយ ដែលប្រកបដោយ ភាព«ឯករាជ្យ និងទទួលយកបាន»។ អង្គការអន្តរជាតិ បានបញ្ជាក់បន្ថែមថា ក្រុមនាយទាហាននៅក្នុងតំបន់ គឺអ្នកទទួលខុសត្រូវ ជុំវិញការប្រើប្រាស់កម្លាំង មិនសមស្រប និងហួសប្រមាណ។
.@hrw demands "independent and impartial investigation, and local military commanders held accountable for their excessive use of force" in shooting villages in #Kratie province in #Cambodia. https://t.co/jboNJs6P40 pic.twitter.com/BQwnjP4Lf0
— Phil Robertson (@Reaproy) 9 mars 2018
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា បានថ្លែងលើកទឹកចិត្តរដ្ឋាភិបាលកម្ពុជា ឲ្យបើកការស៊ើបអង្កេត ដែលមានការចូលរួម ពីអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ដើម្បីជម្រះក្តីមន្ទិល ជុំវិញភាពចម្រូងចម្រាស ពីព័ត៌មានដែលអះអាង ថាមានជនរងគ្រោះដល់ជីវិត។
នៅក្នុងរបាយការណ៍បឋម ដែលផ្ដល់ឲ្យពលរដ្ឋ នៅនឹងកន្លែង បានអះអាងថា ក្រុមរបស់ខ្លួន បានរងការបាញ់ប្រហារ ពីសំណាក់កងកម្លាំងប្រដាប់អាវុធ បន្ទាប់ពីពួកគេ បានធ្វើការបិទផ្លូវជាតិ លេខ ៧៦ ដើម្បីតវ៉ាករណីវិវាទដីធ្លី របស់ប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម នៅឃុំពីរធ្នូ ស្រុកស្នូល ខែត្រក្រចេះ។ ពលរដ្ឋបាននិយាយថា គ្នីគ្នារបស់ផងខ្លួន មានយ៉ាងហោច ចំនួន៦នាក់ បានស្លាប់ និងច្រើនសិបនាក់ បានរងរបួស។
ប៉ុន្តែសេចក្តីប្រកាស របស់រដ្ឋបាលខេត្តក្រចេះ ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត សូមធ្វើការបដិសេធទាំងស្រុង ចំពោះព័ត៌មានខាងលើ ដោយហៅសេចក្ដីរាយការណ៍ និងការចុះផ្សាយ របស់សារព័ត៌មានក្នុងស្រុកមួយចំនួននោះ ថាជា«ព័ត៌មានមិនពិត»។ សេចក្ដីប្រកាសបានពន្យល់ថា៖ «ក្នុងហេតុការណ៍នេះ គឺពុំមានមនុស្សស្លាប់ទេ មានតែអ្នករបួស៩រូប ក្នុងនោះ ៧រូបជាសមត្ថកិច្ច»។
នៅថ្ងៃទី៩ ខែមីនា ពលរដ្ឋមួយចំនួន ដែលបានផ្ដល់ព័ត៌មាន ពីការបាញ់ប្រហារ បានប្ដូរការអះអាងរបស់ពួកគេវិញ។ ពលរដ្ឋខ្លះអះអាងថា ពួកគេភ័យខ្លាចអាជ្ញាធរចាប់ខ្លួន បើនៅតែនិយាយ អំពីការស្លាប់របស់គ្នីគ្នាខ្លួន។ ពលរដ្ឋខ្លះបានរត់គេចខ្លួន ខ្លះទៀតបានសំងំ នៅតែក្នុងព្រៃ មិនហ៊ានចេញមកក្នុងស្រុកឡើយ ដោយសារក្រុមអាជ្ញាធរ បានចល័តកម្លាំង តាមឃ្លាំមើល សឹងតែគ្រប់ច្រក។
ស្ត្រីជាអ្នកស្រុកម្នាក់ ដែលបានផ្ដល់បទសម្ភាស ទៅឲ្យវិទ្យុអាស៊ីសេរី នៅក្រោយពេលកើតហេតុ ថាមានមនុស្សស្លាប់នោះ ត្រូវបានអាជ្ញាធរហៅទៅសាកសួរ មុននឹងចេញមកប្រកាស ប្រាប់សារព័ត៌មានក្នុងស្រុកជាថ្មី នៅថ្ងៃទី៩ ខែមីនានេះវិញ ថា«គ្មានមនុស្សស្លាប់»ទេ។
យ៉ាងណា ពលរដ្ឋម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ នៅតែអះអាង ថាខ្លួនបានឃើញដោយផ្ទាល់ភ្នែក ថាមានមនុស្សស្លាប់ ដោយគ្រាប់កាំភ្លើង របស់ក្រុមអាជ្ញាធរ។ ស្រង់សំដី ដោយវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ពលរដ្ឋរូបនោះ បានអះអាងថា៖ «ស្លាប់នៅនឹងភ្នែកខ្ញុំ ២នាក់ ហើយរបួសធ្ងន់៣នាក់។ ខ្ញុំហ្នឹង កំពុងរត់គេចគ្រាប់កាំភ្លើងដូចគ្នា គាត់ហ្នឹងដូចថា មករង[គ្រាប់កាំភ្លើងជំនួស]ខ្ញុំ។ គាត់នៅឈរពីមុខខ្ញុំ ដល់គេបាញ់មក ត្រូវគាត់ដួលភីង ហ្នឹងហ្មង។»។
ពលរដ្ឋដដែលបានបន្តទៀថា៖ «ម្នាក់ទៀតហ្នឹង ពេលខ្ញុំរត់ឆ្លងថ្នល់។ ដល់ពេលខ្ញុំរត់ឆ្លងថ្នល់ទៅវិញ ប៉ូលិសឃាត់ មិនឲ្យខ្ញុំឆ្លងថ្នល់ទេ ឲ្យមកវិញ។ ដល់គាត់ម្នាក់ទៀតលោតទៅ គេបាញ់មកចំឆ្អឹងជំនី ក្រោមសាច់ដោះស្តាំ លេចទៅក្រោយ ងាប់មួយរំពេចហ្មង។ ដល់ពេលគាត់ម្នាក់ហ្នឹង ងាប់នៅកន្លែងហ្នឹង ខ្ញុំឃើញគេបីមនុស្សស្រីម្នាក់ ដែលគេបាញ់ត្រូវក្រលៀន លេចទៅក្រោយហ្នឹង គឺគេលីទៅ បានប្រហែលបន្តិចទេ គឺគាត់ដាច់ខ្យល់តែម្តង។»។
ហេតុការណ៍ផ្ទុះអាវុធនេះ ត្រូវបានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយ កាលពីខែវិច្ឆិកា ឆ្នាំទៅម៉ិញ ប្រកាសថ្កោលទោស ដោយហៅព្រឹត្តិការណ៍ខាងលើ ថាជាការ«បង្ក្រាបយ៉ាងឃោរឃៅព្រៃផ្សៃ មកលើប្រជាពលរដ្ឋស្លូតត្រង់» និងជា«អំពើឧក្រិដ្ឋ មិនអាចអត់ឱនឲ្យបាន»។ សេចក្ដីថ្លែងការណ៍របស់គណបក្សប្រឆាំង ដែលចេញផ្សាយ ក្នុងថ្ងៃទី៩ ខែមីនា បានអំពាវនាវឲ្យធ្វើការ«ស៊ើបអង្កេតជាបន្ទាន់» ដោយមានការចូលរួម ពីអង្គការសង្គមស៊ីវិល«ឯករាជ្យ»។
នៅក្នុងវីដេអូមួយ ផ្សាយនៅលើបណ្ដាញសង្គម អតីតប្រធានគណបក្សសង្គ្រោះជាតិ និងសព្វថ្ងៃជាប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសថ្កោលទោស «យ៉ាងដាច់អហង្ការ» ទៅលើសកម្មភាពបាញ់ប្រហារនេះ និងបានអះអាងថា ជា«ទង្វើដ៏ឃោឃៅ»។ លោក សម រង្ស៊ី បានថ្លែងឡើងថា៖ «សូមថ្កោលទោសយ៉ាងទម្ងន់ ចំពោះអ្នកមានអំណាចសព្វថ្ងៃ ក្នុងនោះ មានក្រុមគ្រួសារ និងបក្ខពួកលោក ហ៊ុន សែន ដែលបានលួចប្លន់ដីធ្លីប្រជារាស្ត្រ។»។
ការទាមទារឲ្យមានការស៊ើបអង្កេត ទំនងជាអាចធ្វើទៅបាន ប៉ុន្តែនៅត្រង់ថា ការស៊ើបអង្កេត ផ្ដល់ភាពជឿជាក់ត្រឹមប៉ុណ្ណានោះ ពិបាកនឹងធ្វើឲ្យគេឯងស្មានដឹងណាស់។ នេះ បើតាមការលើកឡើង របស់លោក ប្រ៊េដ អាដាម (Brad Adams)។ នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួលបន្ទុកកិច្ចការតំបន់អាស៊ីរូបនេះ បានអះអាង ផ្ដល់សារសំខាន់ ដល់ការស៊ើបអង្កេតជាបន្ទាន់មួយ ដែលត្រូវតែធ្វើឡើង ដោយក្រុមឯករាជ្យ ជាពិសេសមានការចូលរួម ពីការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ដែលពេលនេះ កំពុងតែមានវត្តមាន របស់អ្នកស្រី រ៉ូណា ស្មីត ស្រាប់។
លោក ប្រ៊េដ អាដាម បានថ្លែងក្នុងវិទ្យុអាស៊ីសេរីថា៖ «តាមពិតទៅ អាជ្ញាធររបបលោក ហ៊ុន សែន គ្មានប្រវត្តិបើកការស៊ើបអង្កេតណាមួយ ដែលឯករាជ្យ និងគួរឲ្យជឿទុកចិត្តបាននោះទេ។ ដូច្នេះហើយ ទើបការស៊ើបអង្កេតនេះ ត្រូវតែធ្វើឡើងដោយអង្គការសហប្រជាជាតិ។ បើគ្មានអន្តរាគមន៍ ពីអង្គការសហប្រជាជាតិទេ កុំសង្ឃឹមថា នឹងមានតម្រុយ អំពីហេតុការណ៍ពិត ដែលបានកើតឡើងនោះឲ្យសោះ។»៕