ខួបមួយឆ្នាំនៃពិធីគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋកែវមណី»
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: October 15, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខួបគម្រប់មួយឆ្នាំនៃពិធីគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋកែវមណី» ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានចាប់ផ្តើមនាព្រឹកថ្ងៃទី១៥ ខែតុលានេះ ទៅតាមបែបព្រះពុទ្ធសាសនា។ វត្តមានដែលបានចូលរួមនៃថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីតាមបណ្តារក្រសួង-ស្ថាប័ននានា រួមមានក្រសួងព្រះបរមរាជវាំង សមាជិករាជរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋកែវមណី» នៅ«ព្រះវិមានព្រះបរមរូប»ក្បែរវិមានឯករាជ្យ និងក្នុងព្រះបរមរាជវាំង។
«ព្រះវិមានព្រះបរមរូប» នៅខាងកើតវិមានឯករាជ្យ ជិតនាគបាញ់ទឹក។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - តំណាលគ្នានៃការចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា «ព្រះវិមានព្រះបរមរូប» សម្ដេចព្រះ នរោត្តម សីហនុ នៃមន្ត្រីរាជការមកពីស្ថាប័នរដ្ឋនានា អមជាមួយដោយកម្រង«ផ្កាភ្ញី» គេមិនបានឃើញមានវត្តមាន នៃសមាជិករបស់គណបក្សសង្គ្រោះជាតិចូលរួមនោះទេ ។
គ្រប់ក្រសួងមន្ទីរស្ថាប័នរដ្ឋទាំងអស់ និងស្ថាប័នឯកជនមួយចំនួន បានបិទទ្វារឈប់សម្រាក ដើម្បីអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួន បានគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ។ ជាមួយគ្នានេះស្ថានីវិទ្យុ និងទូរទស្សជាតិ ក៏បានធ្វើការផ្សាយបន្តរផ្ទាល់ពីព្រឹត្តិការណ៍នេះ ខណៈពេលដែលអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មានចំនួនតិចតួចប៉ុណ្ណោះ ដែលអាចចូលទៅយកព័ត៌មានបាន។ អ្នកសារព័ត៌មានដែលអាចចូលបាន លុះត្រាតែមានប័ណ្ណ«ពិសេស» ក្រៅពីប័ណ្ណអ្នកសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន។
ដោយឡែកសម្រាប់ប្រជាពលរដ្ឋ មិនត្រូវបានអាជ្ញាធរអនុញ្ញាត ឲ្យចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា «ព្រះបរមរតនកោដ្ឋកែវមណី» សម្ដេចព្រះនរោត្តម សីហនុ នាថ្ងៃនេះទេ។ ហើយប្រជាពលរដ្ឋភាគច្រើន ពិសេសលោកយាយ លោកតា ដែលគោរព ស្រលាញ់ព្រះអង្គ ហើយបានព្យាយាមមកកាន់ទីតំកល់ព្រះបរមរូប ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធនោះ បានសម្តែងនូវការខកចិត្តនឹងសមត្ថកិច្ច ដែលមិនព្រមអនុញ្ញាតិឲ្យពួកគាត់ចូល។ តែបើតាមមន្ត្រីការពារសន្តិសុខ បានអះអាងថាពួកគាត់អាចចូលគោរព និងថ្វាយបង្គំបាននាពេលរសៀល ឬចាប់ពីថ្ងៃស្អែកតទៅ។ ទោះជាយ៉ាងនេះក្តីដោយភាពស្មោះស្ម័គ្រ និងភាពគារវៈ ពួកគាត់ដែលនៅក្នុងដៃមានកាន់ ទៀន ធូប ផ្កាឈូក អមដោយព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គផងនោះ បាននាំគ្នាអង្គុយគោរពពីចំងាយ។
សូមរម្លឹកថាការគម្រប់ខួបមួយឆ្នាំ នៃការយាងចូលទិវង្គតក្នុងព្រះជន្មាយុ៨៩ព្រះវស្សានៃ «ព្រះបរមរតនកោដ្ឋកែវមណី» មានការលើកឡើងពីគុណូបការៈ ក្នុងការលះបង់របស់ព្រះអង្គដើម្បីបុព្វហេតុជាតិ ឯករាជ្យ និងបូរណភាពទឹកដី រហូតធ្វើឲ្យព្រះអង្គមានព្រះកិត្យានុភាពល្បីល្បាញលើសកលលោក។ ដោយស្នាព្រះហស្ថដ៏ថ្លៃថ្លា និងឧត្ដុង្គឧត្ដមនៃអង្គព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋកែវមណី ទទួលបានឯករាជ្យ ពីប្រទេសបារាំងទាំងស្រុងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ ព្រះអង្គត្រូវបានប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស ថ្វាយព្រះកិត្តិនាមថ្វាយព្រះអង្គថាជា «ព្រះមហាវីរបុរសជាតិ និងជាព្រះបិតាឯករាជ្យជាតិ។
ព្រះអង្គទ្រង់គ្រងរាជ្យសម្បត្តិលើកទី១ នៅខែមេសា ឆ្នាំ១៩៤១ ក្នុងព្រះរាជឋានៈ «ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា» ដែលក្រុមប្រឹក្សាព្រះរាជបល្ល័ង្គបានជ្រើសតាំង និងថ្វាយ និងឡើងគ្រងរាជសម្បត្តិកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១ នៅភ្នំពេញ និងការឡើងគ្រងរាជសម្បត្តិលើកទីពីរ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា១៩៩១។
ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គប្រសូត្រ នាថ្ងៃអង្គារ ១១កើត ខែកក្ដិក ឆ្នាំច ចត្វាស័ក ព.ស. ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ១៩២២ នៅឯព្រះបរមរាជវាំងក្រុងចតុមុខមង្គល ព្រះរាជាអាណាចក្រកម្ពុជា ។ ព្រះអង្គជាព្រះរាជបុត្រ ព្រះបាទ នរោត្តម សុរាម្រឹត និងសម្ដេចព្រះមហាក្ស័ត្រិយានី ស៊ីសុវត្ថិកុសុមៈ នារីរតន៍៕
---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ