សម រង្ស៊ី បន្តអះអាងថាសារបែកធ្លាយរវាង«តានិងចៅ» ជាសារពិត
- ដោយ: ការិយាល័យ មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ ធ្នូ ២០១៧
- កែប្រែចុងក្រោយ: December 30, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សាលក្រមរបស់សាលាដំបូងរាជធានី មិនបានធ្វើឲ្យលោក សម រង្ស៊ី ដែលជាចុងចោទ នៅទន្ទឹងរង់ចាំយូរ ដើម្បីប្រតិកម្ម ឆ្លើយតបមកវិញនោះទេ។ អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានយកទំព័រហ្វេសប៊ុករបស់លោក ដើម្បីបន្តអះអាងថា អង្គហេតុដែលយកមកចោទប្រកាន់រូបលោក ទាក់ទងនឹងសារបែកធ្លាយ រវាង«តានិងចៅ»នោះ គឺជាសារពិត។
ក្នុងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ តុលាការរាជធានីភ្នំពេញ បានបើកសវនាការ និងសម្រេចសាលក្រមឲ្យលោក សម រង្ស៊ី ចាញ់ក្ដីលោក ហ៊ុន សែន ពីបទ«បរិហាកេរ្តិ៍» តាមរយៈពាក្យបណ្ដឹងមួយ ដែលលោក គី តិច មេធាវីតំណាងដោយអាណត្តិ របស់លោក ហ៊ុន សែន បានដាក់ចូលទៅកាន់តុលាការជាន់ដំបូងនេះ កាលពីថ្ងៃទី១៨ ខែមករាកន្លងទៅ។
ពាក្យបណ្ដឹងនោះ ធ្វើឡើងក្រោយពីលោក សម រង្ស៊ី បានលើកឡើងថា លោក ហ៊ុន សែន បានសូកប៉ាន់កញ្ញា ធី សុវណ្ណថា ចំនួន ១លានដុល្លារ ដើម្បីឲ្យអតីតអ្នកគាំទ្រគណបក្សប្រឆាំងរូបនេះ ធ្វើយុទ្ធនាការវាយប្រហារ ត្រឡប់មកបក្សប្រឆាំងវិញ បន្ទាប់ពីនាងបានងាកមកស្និទ្ធ ជាមួយលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាវិញនោះ។
ក្នុងសវនាការ ដែលដឹកនាំដោយលោក ហេង សុខណា ជាចៅក្រមជំនុំជម្រះ និងលោក សៀង សុខ ជាតំណាងអយ្យការ បានសម្រេចផ្តន្ទាទោសដល់លោកសម រង្ស៊ី ដោយបង្គាប់ឲ្យគូបដិបក្ខនយោបាយ របស់លោក ហ៊ុន សែន រូបនេះ បង់ប្រាក់ជំងឺចិត្ត ចំនួន៤ពាន់លានរៀល ឬស្មើ១លានដុល្លារអាមេរិកដល់លោក ហ៊ុន សែន ។
ប៉ុន្តែសម្រាប់លោក សម រង្ស៊ី នៅតែបន្តអះអាងថា លោកមិនបានបរិហាកេរ្តិ៍លោក ហ៊ុន សែន ឬកញ្ញា ធី សុវណ្ណថា តាមរយៈអ្វីដែលលោកអះអាងថា គ្រាន់តែជាការដកស្រង់«សារពិត» ដែលមនុស្សពាក់ព័ន្ធ«ទាំងពីរ» បានឆ្លើយឆ្លងគ្នានោះទេ។
មេដឹកនាំប្រឆាំង បានសរសេរឲ្យដឹងថា៖ «សាលាដំបូងរាជធានីភ្នំពេញ បានកាត់ក្តីឲ្យខ្ញុំបង់ប្រាក់ ១ លានដុល្លារអាមេរិក ទៅលោក ហ៊ុន សែន ជាជំងឺចិត្ត ចំពោះអ្វីដែលគេចោទប្រកាន់ ថាខ្ញុំបានបរិហាកេរ្តិ៍លោក ហ៊ុន សែន បន្ទាប់ពីខ្ញុំបានបង្ហោះបន្ត តាមទំព័រ Facebook របស់ខ្ញុំ នូវអ្វីដែលជាសារឆ្លើយឆ្លងគ្នា តាមបណ្តាញសង្គម Line រវាងលោក ហ៊ុន សែន និងនាង ធី សុវណ្ណថា ត្រង់ចំណុចដែលលោក ហ៊ុន សែន បញ្ជាក់ថា គាត់បានផ្តល់ប្រាក់ចំនួន ១ លានដុល្លារអាមេរិក ឲ្យទៅនាង ធី សុវណ្ណថា ដើម្បីធ្វើសកម្មភាព ប្រឆាំងគណបក្សសង្គ្រោះជាតិ កាលពីដើមឆ្នាំ ២០១៧»។
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៦ រូបភាពផ្តិតពីអេក្រង់ ច្រើនជាង៤០០រូបភាព ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម យកមកបង្ហោះព្រោងព្រាត នៅតាមទំព័រ និងគណនីផ្ទាល់ខ្លួននានា ដោយពួកគេទាំងនោះ បានហៅរូបភាពទាំងនេះ គឺជាសារបែកធ្លាយ នៃការឆ្លើយឆ្លងនៅលើប្រព័ន្ធ «Line» រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាង ធី សុវណ្ណថា អតីតអ្នកគាំទ្រលេចធ្លោម្នាក់ របស់គណបក្សសង្គ្រោះជាតិ។ ក្នុងរូបភាពទាំងនោះ មានការជជែកគ្នាជាច្រើន ពីគម្រោងការនានា ដើម្បីធ្វើទុក្ខបុកម្នេញ ទៅលើគណបក្សប្រឆាំង និងទៅលើមេដឹកនាំគណបក្សនេះ ក្នុងនោះរាប់ទាំងលោក សម រង្ស៊ី។
លោក សម រង្ស៊ី បានអះអាងថា សារទាំងនេះជាសារពិត ដោយលោកបានលើកយកការពន្យល់ ពី«អ្នកជំនាញផ្នែកបណ្ដាញសង្គម» មកបញ្ជាក់ជាមួយផង។ លោកបានសរសេរថា៖ «បើនរណាម្នាក់ចង់ប្រឌិតអ្វីមួយ ដើម្បីបង្ខូចឈ្មោះ ជនពាក់ព័ន្ធទាំងពីរនាក់នោះ គេមិនចាំបាច់ប្រឌិតសារ ដ៏ច្រើនបែបនេះទេ។ លើសពីនេះទៅទៀត ក្រៅពីជនពាក់ព័ន្ធទាំងពីរនាក់នោះ គ្មាននរណាមានព័ត៌មានលម្អិត ដូចពួកគាត់បានបញ្ចេញ ដោយខ្លួនឯង ស្តីពីទំនាក់ទំនង រវាងពួកគាត់ទាំងពីរនាក់[ឡើយ]។ ព័ត៌មានលម្អិតទាំងនោះ គឺជាព័ត៌មានជាក់ស្តែង ជាពិសេសទាក់ទងទៅនឹងកម្មវិធី និងសកម្មភាពលម្អិត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានតែគាត់ម្នាក់ទេ អាចដឹងពីកម្មវិធី និងសកម្មភាពលម្អិត របស់គាត់បែបនេះ។»។
គូបដិបក្ខនយោបាយដ៏ស្រួចស្រាវ របស់បុរសខ្លាំងកម្ពុជា បានថ្លែងលើកឡើងទៀតថា៖ «ជិត ១ ឆ្នាំកន្លងផុតទៅហើយ ដែលលោក ហ៊ុន សែន មិនបានបដិសេធយ៉ាងម៉ឺងម៉ាត់ សារទាំង ៤០០ នោះ ដែលបានបែកធ្លាយ ជាសាធារណៈ[នោះទេ]។ ដូច្នេះ សាធារណមតិ នៅតែជឿជាក់ថា សារទាំងនោះ ជាសារពិតប្រាកដទាំងអស់។»៕