មតិ​ប្រតិកម្ម៖ ភាព​ជាប់​គាំង​នយោបាយ​ត្រូវ​បាន​បញ្ចប់ ក្រោម​«គំនាប»

បញ្ហាជាប់«គាំង»នយោបាយនៅកម្ពុជា ទំនងជាត្រូវបាន«បញ្ចប់» បន្ទាប់ពីការចចាររយៈពេលជាងប្រាំម៉ោង រវាង​គណបក្សធំៗទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ម្សិលម៉ិញនេះ បានឯកភាពគ្នាលើ«កិច្ចព្រមព្រៀង»​ប្រាំពីរ​ចំណុច​នោះ។ មតិមួយចំនួនលើកឡើងថា ការឯកភាពគ្នានេះ បានបន្យល់ទុកនូវ«មន្ទិល»មួយចំនួន ដែលស្ថិតក្រោម​ស្ថាន​ការណ៍ដ៏ទើសទាល់ ឬមានគំនាបនយោបាយនៅពីក្រោយ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៣ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 23, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បញ្ហាជាប់«គាំង»នយោបាយនៅកម្ពុជា ទំនងជាត្រូវបាន«បញ្ចប់» បន្ទាប់ពីការចចាររយៈពេលជាងប្រាំម៉ោង រវាង​គណបក្សធំៗទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ម្សិលម៉ិញនេះ បានឯកភាពគ្នាលើ«កិច្ចព្រមព្រៀង»​ប្រាំពីរ​ចំណុច​នោះ។ មតិមួយចំនួនលើកឡើងថា ការឯកភាពគ្នានេះ បានបន្យល់ទុកនូវ«មន្ទិល»មួយចំនួន ដែលស្ថិតក្រោម​ស្ថាន​ការណ៍ដ៏ទើសទាល់ ឬមានគំនាបនយោបាយនៅពីក្រោយ។


មួកមានរូបសញ្ញាគណបក្សនយោបាយធំពីរ នៅប្រទេសកម្ពុជា។

នយោបាយ - ជាក់ស្តែងបន្ទាប់ពីបញ្ចប់ការព្រងព្រៀងនៃគណបក្សនយោបាយទាំងពីរ នៅវិមានព្រឹទ្ធសភា កាល​ពី​ថ្ងៃទី២២ ខែកក្កដា ម្សិលម៉ិញ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានចេញមកទាំងទឹកមុខក្រៀមក្រំ ហាក់មិនពេញចិត្ត ទៅនឹងលទ្ធផលនៃកិច្ចប្រជុំនោះឡើយ។

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក៏បានគេចវេសមិនឆ្លើយតប ទៅនឹងការចោទសួររបស់​អ្នក​សារព័ត៌មានឡើយ ពាក់ព័ន្ធនឹងបញ្ហានៃលទ្ធផលនៃកិច្ចប្រជុំទាំងមូលនោះ។ ឯមន្រ្តីផ្សេងៗទៀត មកពីគណបក្ស​សង្គ្រោះជាតិ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ភ្លាមៗនោះក៏មិនបានបញ្ជាក់នូវការពេញចិត្ត ឬមិនពេញចិត្ត​ចំពោះលទ្ធផលនៃកិច្ចប្រជុំនេះ ជាមួយអ្នកសារព័ត៌មាននោះដែរ។

ដោយឡែកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវការពេញចិត្ត និងរីករាយយ៉ាងខ្លាំង ចំពោះលទ្ធផល​នៃ​កិច្ចប្រជុំនេះ។ តែលោកនៅតែមិនបានបញ្ជាក់អ្វីច្រើន ជុំវិញបញ្ហានៃកិច្ចប្រជុំនោះដែរ ដោយគ្រាន់តែបានពោល មុន​លោក​ចូលក្នុងរថយន្តយ៉ាងខ្លីដូច្នេះថា «ជោគជ័យហើយ។ (...) អ្នកកាសែតទះដៃមួយទៅ!»

ឯលោក សម រង្សី វិញ ចំពោះមុខអ្នកសារព័ត៌មាន ហាក់បង្ហាញនូវការពេញចិត្តបន្តិច និងមិនពេញចិត្តបន្តិចនៅ​លាយ​ឡំ​ជាមួយគ្នា។ ករណីនេះលោកលើកឡើងភ្លាមៗ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាថ្នាក់កំពូលនេះថា «យើងអត់មាន​ជម្រើសទេ។ ជម្រើសដ៏សមរម្យតែមួយ គឺការបញ្ចប់វិបត្តិនយោបាយ ហើយបញ្ចប់ស្ថានភាពតានតឹង។»

បញ្ហាដោះស្រាយវិបត្តិនយោបាយនេះ ត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថា ជាបញ្ហាដោះស្រាយនេះ​ពោពេញ​ដោយគំនាបនយោបាយ។ ពិសេសលើអ្នកនយោបាយ នៃគណបក្សសង្គ្រោះជាតិ តាមរយៈការចាប់ខ្លួន​មន្រ្តី​តំណាង​រាស្រ្ត ជាថ្នូរនឹងការបញ្ចប់ភាពជាប់គាំងនយោបាយជិតមួយឆ្នាំកន្លងមកនេះ។

លោក កែម ឡី អ្នកវិភាគឯករាជ្យ បង្ហាញថាលទ្ធផលនៃការចរចា គណបក្សទាំងពីរ អាចឈានទៅ​បញ្ចប់ជម្លោះ​នយោបាយមួយនៅកម្ពុជា។ សម្រាប់លទ្ធផលវិញ លោកបានចាត់ទុកថា នៅតែមិនអាចបង្ហាញភាពស្មើគ្នានៃ​ការ​ចចារ ក្រោម«សម្ពាធ»នយោបាយ តាមរយៈការធ្លាក់ចុះនៃកម្លាំងក្នុងគណបក្សសង្គ្រោះជាតិ។ លោកក៏បានផ្តោត​សំខាន់លើការចាប់ខ្លួនតំណាងរាស្រ្ត ជាការដោះដូរនូវវិបត្តិនយោបាយ ដែលនាំឲ្យមានជំនួបនេះកើតឡើង។

ទាំងមតិសាធារណៈជន ទាំងសង្គមស៊ីវិលសង្កេតឃើញថា បញ្ហាបង្កើតឡើងឲ្យមានកិច្ចចចរានេះ មានការពាក់ព័ន្ធ​ទៅនឹងការចាប់ខ្លួនតំណាងរាស្រ្ត ដោយបំពាន និងខុសច្បាប់។ ក្រុមសង្គមស៊ីវិលបន្តថា បើគណបក្សសង្គ្រោះជាតិ​នៅតែ«មិន»ចូលតុចចារនោះ អំពើហិង្សានឹងកើតមានជាច្រើន ហើយអ្នកស្លាប់ និងរបួសក៏ត្រូវប្រឈមមុខ ឯអ្នក​ចាប់​ខ្លួននឹងកើនឡើងជាបន្តបន្ទាប់ ពិសេសសកម្មជន ឬតំណាងរាស្រ្តបក្សប្រឆាំងតែម្តង។

បញ្ហាខាងលើ ត្រូវបានបង្ហើបដោយមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលអាចយកជាការបាន លើកឡើងថា នេះជានយោបាយ«គំរាមបង្ខំចូលតុចចារ» ដើម្បីឆ្ពោះទៅរក​ដំណោះ​ស្រាយ​នយោបាយ។

ប្រភពជាមន្រ្តីគណបក្សប្រជាជនកម្ពុជា បានបន្តថា គណបក្សកាន់អំណាចមានគម្រោងធ្វើយ៉ាងណា ដាច់ខាតត្រូវ ឲ្យ​គណបក្សប្រឆាំងចូលតុចចារឲ្យខានតែបាន។ លោកបានលើកជាឧទាហរណ៍ថា៖ «បើជនល្មើស ចាប់កូន​យើង​ជម្រិត តើយើងត្រូវជាឪពុកម្តាយទុកឲ្យកូនស្លាប់ ឬត្រូវដោះស្រាយទៅតាមអ្វី ដែលជនល្មើសចង់បានទេ?។ (...) នេះ​ជា​ចំណុច​ដែលយើង ជាឪពុកម្តាយត្រូវពិចារណា!។ (...) យល់ព្រមដោយមិនអស់ចិត្ត ដោយបង្ខំ។ (...) យល់ព្រម (ចូល​ខ្លួន) សិនដើម្បីស្វែងរកដំណោះស្រាយជាបន្ត នៅឱកាសក្រោយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...