ប្រតិកម្មពីសហគមន៍អន្តរជាតិ ជុំវិញដំណោះស្រាយនយោបាយកម្ពុជា
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៣ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 23, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីដំណោះស្រាយនយោបាយកម្ពុជា ត្រូវបានរកច្រកចេញរួច តាមរយៈការចរចានយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិមក មជ្ឈដ្ឋានអន្តរជាតិ បានសម្តែងការសាទរជាបន្តបន្ទាប់ ហើយមជ្ឈដ្ឋានដដែលនោះ វាយតម្លៃពីភាពត្រូវរូវគ្នា របស់គណបក្សទាំងពីរ ថានឹងត្រួសត្រាយផ្លូវ នាំប្រទេសកម្ពុជាទៅកាន់លិទ្ធិប្រជាធិបតេយ្យរឹងមាំ។
ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)
នយោបាយ - អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជាលោក សុរិយា ប្រាសាទស៊ូប៊ែឌី បានហៅកិច្ចព្រមព្រៀងនយោបាយ របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិថា ផ្អែកលើមូលដ្ឋានរួមតែមួយ គឺផលប្រយោជន៍របស់ប្រជាជនកម្ពុជា។
តែលោក សុរិយា ប្រាសាទស៊ូប៊ែឌី ក៏បានសម្តែងការព្រួយបារម្ភ ពីលទ្ធភាពការអនុវត្តជាក់ស្តែង ថាអាចនឹងឃ្លាតឆ្ងាយ ពីគោលការណ៍ដែលមានកំណត់ ក្នុងកិច្ចព្រមព្រៀងរបស់គណបក្សទាំងពីរ។ បើតាមអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ដដែលនេះ បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិគម្បី បន្តកែទម្រង់ការបោះឆ្នោតកម្ពុជា ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងនេះ ហើយក្រៅពីនោះ ចាំបាច់ជំរុញឲ្យប្រព័ន្ធបោះឆ្នោតនៅកម្ពុជា មានស្ដង់ដារមួយ ដែលសហគមន៍អន្តរជាតិអាចទទួលយកបាន។
ចំណែកឯប្រទេសជប៉ុន តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានអត្ថាធិប្បាយថា ដំណោះស្រាយនយោបាយកម្ពុជា នឹងនាំឲ្យរដ្ឋសភាកម្ពុជា ដំណើរការទៅមុខជាប្រក្រតី ដែលបើកផ្លូវឲ្យមានការកែទម្រង់ផ្សេងៗ ការរីកចម្រើនលិទ្ធិប្រជាធិបតេយ្យ និងការក៏សាងប្រទេសជាតិ តារមយៈការជជែកគ្នា ប្រកបដោយស្មារតីស្ថាបនា នៅក្នុងរដ្ឋសភា ត្រូវបានជំរុញបន្ថែមទៀត។
ក្នុងសេចក្តីថ្លែងការណ៍ របស់ក្រសួងការទេសជប៉ុន ជាប្រទេសដែលធ្លាប់សន្យាថា នឹងជួយដល់ការកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ពីពេលកន្លងមក បានឲ្យដឹងទៀតថា រដ្ឋាភិបាលជប៉ុននឹងយកចិត្តទុកដាក់ តាមដានសភាពការណ៍នៅកម្ពុជាបន្តទៀត ហើយនឹងបន្តគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងស្មារតីធ្វើកំណែទម្រង់ និងក៏សាងប្រទេសជាតិ។
គួរបញ្ជាក់ថា ភាពជាប់គាំងនយោបាយកម្ពុជា ដែលបានអូសបន្លាយពេលជិតមួយឆ្នាំ ក្រោយការច្រានចោលលទ្ធផលបោះឆ្នោតសកលឆ្នាំ២០១៣ ដោយគណបក្សសង្រ្គោះជាតិ ត្រូវបិតបញ្ចប់ទាំងស្រុងហើយ ក្រោយការចរចាត្រឹមតែពេលជាង៥ម៉ោង រវាងមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤៕