បាតុកម្មមិនជូនដំណឹង ប្រែជា«ជូនដំណឹង» ក្រោយមានអំពើហិង្សា
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៧ តុលា ២០១៥
- កែប្រែចុងក្រោយ: October 28, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមការចុះផ្សាយ របស់សារព័ត៌មានដើមអំពិល ក្នុងថ្ងៃទី២៧ ខែតុលានេះ បានលើកសរសេរថា លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងជាថ្មីថា បាតុកម្មនេះបានជូនដំណឹង ដល់សាលារាជធានីរួចរាល់ហើយ មុននឹងធ្វើបាតុកម្មនោះ។ សារព័ត៌មានដដែល បានលើកសំដី របស់អ្នកនាំពាក្យរូបនេះ មកសរសេរក្នុងអត្ថបទរបស់ខ្លួន ដែលមានចំណងជើងថា «សាលារាជធានីភ្នំពេញបញ្ជាក់ឡើងវិញ៖ ការធ្វើបាតុកម្មនៅមុខរដ្ឋសភា បានជូនដំណឹងដល់អាជ្ញាធរ នឹងបញ្ចប់ការតវ៉ា នៅម៉ោង១០៖៣០នាទី»។
តាមខ្លឹមសារនៃការសែត ដែលមាននិន្នាការស្និត នឹងរដ្ឋាភិបាលមួយនេះ បានបរិយាយថា៖ «លោក ឡង់ ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ឡើងវិញ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅមុននេះបន្តិច នាល្ងាច ថ្ងៃទី២៧ ខែតុលានេះថា ការធ្វើបាតុកម្មតវ៉ា របស់ក្រុមបាតុករ នៅមុខវិមានរដ្ឋសភា គឺបានជូនដំណឹង ដល់អាជ្ញាធរមុននឹងធ្វើការតវ៉ា»។
សារព័ត៌មានដដែល បានស្រង់សំដីលោក ឡុង ឌីម៉ង់ មកបញ្ជាក់ដូច្នេះថា៖ «អាជ្ញាធរក្រុងភ្នំពេញ បានកោះអញ្ជើញតំណាង ក្រុមអ្នកតវ៉ាមកពិភាក្សាសួរនាំ និងណែនាំពីនីតិវិធីច្បាប់ នៃការធ្វើបាតុកម្ម ដោយក្នុងនោះ តំណាងបាតុករបានឯកភាពបញ្ឈប់ និងរំសាយបាតុកម្មនេះ នៅម៉ោង ១០៖៣០នាទីព្រឹកថ្ងៃដដែល ក្រោយពីបានដាក់ញតិ្តជូនរដ្ឋសភា។ ប៉ុន្ដែនៅម៉ោងជាង ១២៖១៥នាទីថ្ងៃត្រង់ ក៏មានកើតឡើង នូវអំពើហិង្សាមួយ ដែលស្មានមិនដល់ ពីសំណាក់ជន មួយក្រុមតូចមិនស្គាល់អត្តសញ្ញាណ បានប្រព្រឹត្តអំពើហិង្សា ដល់តំណាងរាស្រ្ត ចំនួនពីររូបដោយ មិនដឹងមូលហេតុ។»
ការអះអាងជាថ្មី របស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញនេះ មានលក្ខណៈផ្ទុយទាំងស្រុង ទៅនឹងការផ្តល់កិច្ចសម្ភាស ជាមួយវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ដែលបញ្ជាក់ថា បាតុកម្មនេះធ្វើឡើង ដោយមិនមានការសុំអនុញ្ញាត ឬជូនដំណឹងជាមុនឡើយ។ វិទ្យុវីអូឌី បានសរសេរក្នុងអត្ថបទរបស់ខ្លួន ចេញផ្សាយក្នុងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ ក្រោមចំណងជើងថា «លោក កឹម សុខា ថាសមត្ថកិច្ចមិនអើពើ ពីសុវត្ថិភាពរបស់លោក និងក្រុមគ្រួសារ» យ៉ាងដូច្នេះថា៖ «អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ប្រាប់វីអូឌីថា បាតុកម្មនោះធ្វើឡើង ដោយមិនមានការសុំអនុញ្ញាតត្រឹមត្រូវ។ លោកបន្តថា សាលារាជធានីបានហៅតំណាងដឹកនាំ ធ្វើបាតុកម្មមកជួបពិភាក្សា នៅពេលដឹងថា ពួកគេធ្វើបាតុកម្ម។ លោកបន្ថែមថា តំណាងអ្នកដឹកនាំធ្វើបាតុកម្មសន្យាថា នឹងរំសាយបាតុកម្ម នៅម៉ោង១០និង៣០នាទីព្រឹក។»
ក្នុងអត្ថបទមួយទៀត នៃវិទ្យុ វីអូឌី ដែលចេញផ្សាយតាមអ៊ិនធើណែត មានចំណងជើងថា «គណបក្សសង្គ្រោះជាតិ ចាត់ទុកហិង្សាកើតលើតំណាងរាស្រ្ត ថាជាអំពើព្រៃផ្សៃ» និងបានចេញផ្សាយ ក្នុងថ្ងៃនៃព្រឹត្តការណ៍ហិង្សា លើតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិទាំងពីរូបនោះ ក៏បានបង្ហាញនូវការលើកឡើង របស់លោក ឡុង ឌីម៉ង់ ដូចគ្នាថា បាតុកម្មប្រឆាំងលោក កឹម សុខា នោះ មិនបានសុំការអនុញ្ញាត ពីសាលារាជធានីនោះទេ។
អត្ថបទបានសរសេរថា៖ «អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានចាត់ទុកហិង្សាដែលបណ្តាលឲ្យតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិពីររូបរងរបួសជា “រឿងនឹកស្មានមិនដល់”។ ហើយថាបាតុកម្មប្រឆាំងលោក កឹម សុខា មិនបានសុំការអនុញ្ញាត ពីសាលារាជធានីនោះទេ។ (...) នៅពេលបាតុកម្មកើតឡើង សាលារាជធានីបានហៅ តំណាងដឹកនាំបាតុកម្ម មកសាកសួរនៅម៉ោង ប្រមាណ៩ និង៣០នាទី។ ហើយពួកគេសន្យាថា នឹងរំសាយនៅម៉ោង១០និង៣០នាទី។ (...) “យើងកំពុងតែស៊ើបអង្កេត រកជនដៃដល់ ថាតើវាជាក្រុមបាតុករ ឬក៏អ្នកមានគំនុំផ្ទាល់ខ្លួន”។»
តើករណីនេះ មកពីសារព័ត៌មានស្រង់សំដីខុស ឬមានកិច្ចកលអ្វី នៅពីក្រោយកំណែតម្រូវជាថ្មី? ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ព្យាយាមសុំការបកស្រាយ ដោយផ្ទាល់ពីលោក ឡុង ឌីម៉ង់ តែមិនមានការឆ្លើយតបទេ។
ក្រុមអ្នកតាមដានហេតុការណ៍នេះ បានលើកឡើងថា កន្លងមក បើសិនជាបានការជួបជុំរបស់ក្រុមយុវជន ប្រជាពលរដ្ឋ មកពីតាមបណ្តាខេត្តនានា ឬអ្នកបឹងកក់ អ្នកបូរីកីឡាជាដើម ទោះមានអ្នកចូលរួម មិនលើសពី៥០នាក់ក៏ដោយ តែបើគ្មានការជូនដំណឹង ទៅសាលារាជធានីភ្នំពេញជាមុនទេ នោះអាជ្ញាធររាជធានីមួយនេះ នឹងមិនអនុញាតឲ្យធ្វើឡើយ។ ហើយបើមានការជួនជុំ ឬប្រមួលផ្តុំគ្នា ទោះត្រឹមតែពីរទៅបីនាក់ក៏ដោយ ក៏ត្រូវបានសាលារាជធានីភ្នំពេញ ដាក់កម្លាំងសន្តិសុខតាមខណ្ឌ ឬតាមផ្លូវនានា យ៉ាងសន្ធឹកសន្ធាប់ រហូតឈានទៅបំបែក ឬទៅវាយកម្ទេចនូវសម្ភារៈ របស់ក្រុមយុវជន ឬពលរដ្ឋទាំងនោះ។ នៅក្នុងហេតុការណ៍ខ្លះ ក្រុមយុវជន និងពលរដ្ឋទាំងនោះ ថែមទាំងត្រូវបានអាជ្ញាធរចាប់ខ្លួន ដាក់ឡានយកទៅសាកសួរ រួចធ្វើកិច្ចសន្យា នៅខណ្ឌនោះទៀតផង។
រីឯមតិក្នុងបណ្តាញសង្គម ក៏បានលើកឡើងស្រដៀងគ្នាដែរថា៖ «ចុះបាតុកម្ម ដែលគាំទ្រគណបក្សប្រជាជនកម្ពុជានេះ ដែលមានគ្នារាប់ពាក់នាក់ ជិះរថយន្តធំៗ ជិះរថយន្តទំនើបៗ មកធ្វើបាតុកម្ម បែជាគ្មានសមត្ថកិច្ច ឬសន្តិសុខណាម្នាក់ ចេញមកហាមឃាត់ ឬរារាំង តែបែរជាជួយសម្រួល រហូតមានហិង្សាកើតមានឡើងយ៉ាងដូច្នេះ? រួចហើយ តាំងឆ្លើយដាក់កំហុស ទៅលើក្រុមមួយ ដែលមិនស្គាល់អត្តសញ្ញាណ។»៕