ហ៊ុន សែន ធ្លោយមាត់ថា ឡេ ឌឹកថូ ជាប្ដីមុនរបស់ប្រពន្ធលោក
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០២ សីហា ២០១៨
- កែប្រែចុងក្រោយ: August 03, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
និយាយច្រើន មិនមែនមានន័យថា សុទ្ធតែមានប្រយោជន៍នោះទេ។ ហើយនេះ ជាករណីរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកាន់អំណាចដ៏យូរអង្វែង នៅកម្ពុជា ដែលធ្លោយមាត់ដោយខ្លួនលោក នូវប្រវត្តិភរិយារបស់លោក ដែលពីមុនមកគ្មាននរណាបានដឹង ឬពីមុនមក គ្រាន់តែជាពាក្យចចាមអារាមប៉ុណ្ណោះនោះ។
នៅក្នុងការថ្លែង របស់លោក នៅចំពោះកម្មករ-កម្មការិនី រាប់ពាន់នាក់ កាលពីថ្ងៃទី២ ខែសីហានេះ លោក ហ៊ុន សែន បានរំលឹកយកមកថ្លែងជាថ្មី នូវករណីចោទប្រកាន់ ថាកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជាកូនរបស់ភរិយាលោក គឺអ្នកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាមួយលោក ឡេ ឌឹកថូ អតីតមេទ័ពវៀតណាម។ នាយករដ្ឋមន្ត្រីផុតអាណត្តិ បានហៅករណីនេះ ថាជារឿងឈឺចាប់ របស់ក្រុមគ្រួសារត្រកូល ហ៊ុន របស់លោក ដោយភ្ជាប់មកជាមួយ នូវការធ្លោយមាត់មួយ ដែលធ្វើឲ្យពាក្យចចាមអារាម ស្ដីពីទំនាក់ទំនងសាហាយស្មន់ រវាងអ្នកស្រី ប៊ុន រ៉ានី និងលោក ឡេ ឌឹកថូ ក្លាយជាទំនាក់ទំនងពិត រវាងប្រពន្ធនិងប្ដីមុន។
លោក ហ៊ុន សែន បានថ្លែងថា៖ «ពូនិយាយ សារជាថ្មីម្ដងទៀត។ សូម្បីតែប្រពន្ធពូនេះ ក៏[ត្រូវបានចោទថា] ជាវៀតណាមដែរ។ កូនពូ ហ៊ុន ម៉ាណែត នេះ គឺកូនកាត់ មិនមែនបានសេចក្ដីថា ជាកូនបង្កើតរបស់ ហ៊ុន សែន ទេ គឺកូនរបស់ប្រពន្ធពូ ជាមួយនឹងអតីតប្ដីរបស់គាត់។»។
បុរសខ្លាំងកម្ពុជា បានប្រើប្រាស់ភាសាគម្រាម មករៀបរាប់រឿងនេះឡើងវិញថា៖ «សំនុំរឿងមួយនេះ អ្នកឯងមិនចប់ទេ ជាមួយខ្ញុំ។ ត្រកូល ហ៊ុន មិនយោគយល់ មិនអនុគ្រោះឲ្យអ្នកឯងទេ។ លើកមុន ខ្ញុំដាក់កំណត់ឲ្យអ្នកឯង ធ្វើការសុំទោស ដោយសារអ្នកឯង ចោទប្រពន្ធខ្ញុំ ថាជាវៀតណាម ហើយជាប្រពន្ធរបស់មេដឹកនាំវៀតណាម ប្រគល់មកឲ្យ ហ៊ុន សែន ហើយកើតបាន ហ៊ុន ម៉ាណែត ដែលគេថា ហ៊ុន ម៉ាណែត នេះ ថ្ងៃក្រោយក្លាយជានាយករដ្ឋមន្ត្រី បន្តពី ហ៊ុន សែន។ គេវ៉ៃតាំងពីឥឡូវ ទៅហើយ។»។
នេះ ជាការធ្លោយមាត់ ចេញពីការថ្លែងរបស់លោក ហ៊ុន សែន ខ្លួនឯង ជុំវិញការចោទប្រកាន់ ទៅលើអ្នកស្រី ប៊ុន រ៉ានី និងលោក ហ៊ុន ម៉ាណែត ដែលមិនមែន កើតមានជាលើកដំបូង ឬទើបនឹងធ្វើឡើង ក្នុងពេលថ្មីៗនេះទេ ខណៈពីមុនមក គេគ្រាន់តែបានដឹងថា វាជាការចោទប្រកាន់ ដែលលើកឡើង ពីទំនាក់ទំនងសាហាយស្មន់ប៉ុណ្ណោះ។
ប៉ុន្តែយ៉ាងហោចណាស់ ក៏ការធ្លោយមាត់នេះ បើកឱកាសឲ្យលោក ហ៊ុន សែន ព្រមានពីការផ្ទុះសង្គ្រាម ទៅកាន់ប្រជាជាតិទាំងមូល ដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ទៅវិញ សំនុំរឿងមួយនេះ នៅក្នុងយូធូបមានបន្ត មានប៉ុន្មានឃ្លីបនោះ ដែលប្រពន្ធខ្ញុំឈ្មោះ ស្អីនាងទីទើ ឯណា វាទៅជាអញ្ចឹង វាអស់ហើយ។ អញ្ចឹងបានថា សង្គ្រាមវាអត់ចប់ទេ វាត្រូវតែផ្ទុះ។»។
ដើម្បីយល់ពីសំនុំរឿងខាងលើ គេត្រូវវិលត្រឡប់ ទៅក្រោយវិញ ជាច្រើនឆ្នាំ បន្ទាប់ពីករណីនេះ ត្រូវបានយកមកបង្ហោះ និងធ្វើការប្រៀបធៀប ដោយក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកប្រើប្រាស់ប្លុក (Blog) ជាច្រើន នៅលើប្រព័ន្ធអ៊ិនធើណិត។ ពួកគេបានយករូបថតយ៉ាងហោច មនុស្សបួននាក់ ក្នុងនោះមានលោក ហ៊ុន សែន - អ្នកស្រី ប៊ុន រ៉ានី - លោក ហ៊ុន ម៉ាណែត និងលោក ឡេ ឌឹកថូ (Lê Đức Thọ) មកដាក់តំរៀបជិតៗគ្នា ជាមួយនឹងការធ្វើអត្ថាធិប្បាយថា លោក ហ៊ុន ម៉ាណែត ជាកូនប្រុសរបស់អ្នកស្រី ប៊ុន រ៉ានី និងលោក ឡេ ឌឹកថូ តែមិនមែនជាកូនប្រុស របស់អ្នកស្រី ប៊ុន រ៉ានី និងលោក ហ៊ុន សែន នោះទេ។
លោក ប៉ាង សុខឿន ម្ចាស់គណនីហ្វេសប៊ុក «សុវណ្ណភូមិ ខ្មែរ» ដែលល្បីល្បាញខាងការរិះគន់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា មិនសំចៃមាត់នោះ បានអះអាងថា គឺអតីតមេទ័ពអាមេរិក នៅឥណ្ឌូចិនមួយរូប ឈ្មោះ ម៉ាក អេស្មីត (Major Mark A. Smith) ជាអ្នកបង្ហើបឲ្យដឹង ពីអាថ៌កំបាំងនេះ នៅលើគេហទំព័រមួយ។ លោក ប៉ាង សុខឿន បានពន្យល់ទៀតថា អ្នកស្រី ប៊ុន រ៉ានី មិនហ៊ានប្ដឹងលោក ម៉ាក អេស្មីត នេះ ឡើងទៅតុលាការនៅសហរដ្ឋអាមេរិក ពីបទបរិហាកេរ្តិ៍ទេ ដោយហេតុខ្លាចតុលាការបង្គាប់ ឲ្យធ្វើការត្រួតពិនិត្យ «ADN» និងរកឃើញការពិត(?)។
យ៉ាងណា ការថ្លែងរំលឹកខាងលើ របស់លោក ហ៊ុន សែន ត្រូវបានគេយល់ថា ជាការសំដៅទៅលោក សម រង្ស៊ី គូបដិបក្ខនយោបាយដ៏ស្រួចស្រាវរបស់លោក។ លោក ហ៊ុន សែន ធ្លាប់បានអះអាង កាលពីពេលកន្លងមកថា គឺលោក សម រង្ស៊ី ជាអ្នកលើកករណីនេះឡើង នៅក្នុងអង្គប្រជុំុផ្ទៃក្នុងមួយ របស់គណបក្សសង្គ្រោះជាតិ។ ប៉ុន្តែការអះអាងរបស់បុរសខ្លាំង ត្រូវបានលោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិច្រានចោល។
លោក សម រង្ស៊ី ដែលនៅពេលនោះ ជាប្រធានគណបក្សសង្គ្រោះជាតិ ក៏ធ្លាប់ចេញលិខិតមួយ កាលពីខែមិថុនា ឆ្នាំ២០១៦ សរសេរសម្ដែងការសោកស្ដាយ និងចូលរួមការឈឺចាប់ ក្នុងករណីនេះ ជាមួយលោក ហ៊ុន សែន នោះដែរ។
មេដឹកនាំប្រឆាំង ដែលសព្វថ្ងៃជាប្រធានចលនាសង្គ្រោះជាតិ នៅបាននិយាយទាក់ទង នឹងរឿងរ៉ាវខាងលើ នៅពេលបន្ទាប់មកទៀតថា៖ «ខ្ញុំមិនជឿថា អ្នកដែលប្រតិកម្មបែបនេះ [ជាមនុស្ស]ល្ងង់ គិតស្រាល ចោទប្រកាន់គេគ្មានមូលដ្ឋានបែបនេះ មានបំណងអាក្រក់ គ្រាន់តែយករឿងបុគ្គល យកមកបាំងមុខ យកមកបង្វែរអារម្មណ៍ កុំឲ្យប្រជាពលរដ្ឋគិតពីរឿងជាតិ»៕