ស្ថានទូតអាមេរិកលើកោះតៃវ៉ាន់ ត្រូវបានសម្ពោធនៅថ្ងៃនេះ
សហរដ្ឋអាមេរិក បានសម្ពោធដាក់ឲ្យប្រើប្រាស់ នូវតំណាងការទូតពេញសមត្ថភាព របស់ខ្លួនឡើងវិញ ប្រចាំនៅកោះតៃវ៉ាន់។ អាគារស្ថានទូតថ្មីនេះ ជាសញ្ញាដ៏សំខាន់ ដើម្បីបញ្ជាក់ពីការខិតជិតគ្នា រវាងក្រុង វ៉ាស៊ីនតោន និងក្រុង តៃប៉ិ ខណៈទំនាក់ទំនងរវាង កោះតៃវ៉ាន់ និងប្រទេសចិនកុម្មុយនីស្ដិ៍ មានសភាពកាន់តែតឹងតែងទៅៗ ជាពិសេស នៅចំពោះក្រុង ប៉េកាំង ដែលស្វែងរកដាក់កោះតៃវ៉ាន់ ឲ្យស្ថិតក្នុងសភាពឯកោ ផ្នែកការទូត។
ប្រទេសអាមេរិក បានកាត់ផ្ដាច់ទំនាក់ទំនងការទូត ជាផ្លូវការ ពីកោះតៃវ៉ាន់ នៅឆ្នាំ១៩៧៩ បន្ទាប់ពីប្រទេសមហាអំណាចមួយនេះ បានប្រកាសទទួលស្គាល់ គោលការណ៍នៃ«ប្រទេសចិនមួយ» ដែលលើកឡើង ដោយរដ្ឋាភិបាលក្រុង ប៉េកាំង។ ទោះជាចំណងទាក់ទងការទូត ត្រូវបានកាត់ផ្ដាច់មែន តែកោះតៃវ៉ាន់ នៅតែទទួលបានការគាំពារ ពីសំណាក់កងទ័ពអាមេរិក ជាពិសេសកោះតៃវ៉ាន់ នៅតែជាសម្ព័ន្ធមិត្តមួយ ដែលអាមេរិកតែងផ្គត់ផ្គង់អាវុធឲ្យ មិនដែលខាន។
[...]