មូលហេតុ​​ដែល តៃវ៉ាន់ បាន​​ជ្រើសរើស​ការ​«ផ្លាស់ប្ដូរ»

ការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី នៅកោះតៃវ៉ាន់ គឺជាផ្នែកមួយ នៃលិទ្ធិប្រជាធិបតេយ្យ នៅក្នុង​ទ្វីប​អាស៊ី​ខាង​កើត ជា​ពិសេស​សម្រាប់បណ្ដាជនចិន។ ប៉ុន្តែសម្រាប់ប្រទេស​ចិន​កុម្មុយនីស​វិញ មិន​បាន​បង្ហាញ​ការសុខស្រួល​សម្រួល​ចិត្ត​ជាមួយ​ទេ នៅពេល​ដែល​អ្នកស្រី ឆាយ អ៊ីងវេន (Tsai Ing-wen) បេក្ខនារី​មកពី​គណបក្ស ដែលនិយមឯករាជ្យទឹកដី បានជាប់ឆ្នោត​ជា​ប្រធានាធិបតី របស់​កោះ​តៃវ៉ាន។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២២ មករា ២០១៦
  • កែប្រែចុងក្រោយ: January 25, 2016
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសភាគច្រើន ទាំងនៅអ៊ឺរ៉ុប ទាំងនៅអាស៊ី រាប់ទាំងប្រទេសកម្ពុជាផង មិនដែលសូវខ្វល់ខ្វាយប៉ុន្មាន ពី​កោះ​តៃវ៉ាន់នោះឡើយ បើទោះជាគេដឹងថា កោះកូននាគមួយនេះ មាននិន្នាការនយោបាយ តាមបែប​ប្រជា​ធិបតេយ្យ និងមានឧស្សាហកម្ម​យ៉ាងទំនើបនោះក៏ដោយ។ នោះដោយសារមូលហេតុអ្វី?

សំនួរខាងលើ មិនពិបាកឆ្លើយឡើយ។ ព្រោះកោះតៃវ៉ាន់ គឺជាប្រទេសមួយ ដែលគ្មានឯករាជ្យភាព និង​បូរណភាព​ទឹកដីពិតប្រាកដ។ ប្រទេសជាច្រើន នៅក្នុងពិភពលោក មិនមានទំនាក់ទំនងផ្លូវការ ជាមួយកោះ​តៃវ៉ាន់​ទេ ដោយហេតុថាប្រទេសទាំងនោះ សុទ្ធតែរងគំនាប ទាំងផ្នែកនយោបាយ និងទាំងផ្នែកសេដ្ឋកិច្ច ពី​សំណាក់​ប្រទេស​ចិនដីគោក ដែលបានចាត់ទុកកោះតៃវ៉ាន់ គឺជាខេត្ត«បះបោរ»មួយ របស់ខ្លួន ហើយ​រដ្ឋាភិបាល​​ចិនកុម្មុយនីស ថែមទាំងបានព្រមាន ក្នុងពេលកន្លងមកថា នឹងប្រើកម្លាំងវាយយកតៃវ៉ាន់ មក​បញ្ចូល​ក្នុង​ទឹកដី​ចិនវិញ ប្រសិនបើកោះមួយនេះ ហ៊ានប្រកាសឯករាជ្យ។

បញ្ហាឯករាជ្យភាព និងបូរណភាពនៃទឹកដីរបស់ខ្លួននេះ ត្រូវបានបណ្ដាជននៅតៃវ៉ាន់ ដែលនៅតែដក់ជាប់ ជា​មួយ​​នឹងអត្តសញ្ញាណ​របស់ខ្លួននោះ ខ្វល់ខ្វាយយ៉ាងខ្លាំង រហូតធ្វើការសម្រេចចិត្ត ជ្រើសរើសស្ត្រី​និយម​ឯករាជ្យ​​​ទឹកដី​មួយរូប មកពីគណបក្សប្រឆាំង ឲ្យឡើងធ្វើជាប្រធានាធិបតីរបស់ខ្លួន។

រឿងរ៉ាវ ត្រូវរំលឹកឡើងវិញ ពីប្រវត្តិសាស្ត្រនៃសង្គ្រាមផ្ទៃក្នុង របស់ប្រទេសចិន នាទសវត្សន៍ឆ្នាំ៣០ និងឆ្នាំ៤០ ដែលធ្វើឲ្យមានការប្រទាញប្រទង់គ្នា រវាងក្រុមចិនកុម្មុយនីស និងក្រុមចិនជាតិនិយម។ ក្រុមចិនជាតិនិយម ដែលកាន់អំណាច ក្នុងរបប«សាធារណរដ្ឋចិន»​នាពេលនោះ ត្រូវបានក្រុមចិនកុម្មុយនីស ប្រើកម្លាំង​វាយ​បណ្ដេញ​ចេញ​ពីអំណាច ហើយបានរត់ចុះ មក​ភាគ​ខាង​ត្បូង​ជាបន្តបន្ទាប់។ បើសិនជានៅចុង​បញ្ចប់ នៃ​សង្គ្រាម​លោក​លើក​ទី២ ក្រុមចិនកុម្មុយនីស​បានពង្រីកឥទ្ធិពលរបស់ខ្លួន ហើយឈានទៅកាន់កាប់​ប្រទេស​ចិន​ទាំង​មូល (ចិន​ដីគោក) បានជាស្ថាពរនោះក៏ដោយ តែសម្រាប់កោះតៃវ៉ាន់ (ចិនដីទឹក) ឯណោះវិញ វា​នៅ​តែ​​ជា​បន្ទាយ​​យ៉ាង​រឹងមាំ សម្រាប់ឲ្យក្រុមចិនជាតិនិយម អាចឈរជើង និងធ្វើការរស់នៅបានរហូតមក។

បន្តមកជាច្រើនឆ្នាំ កោះតៃវ៉ាន់បានរស់នៅ ក្រោមរបបផ្ដាច់ការ (ដែលដឹកនាំដោយឯកបក្ស) រហូតលុះត្រា​ដល់​ឆ្នាំ១៩៨០ ទើបរបបពហុបក្ស បានចាប់ផ្ដើមមានជីវិតឡើង។ គណបក្ស «DPP» របស់អ្នកស្រី ឆាយ អ៊ីងវេន និងបក្សសម្ព័ន្ធភាព ដែលមាននិន្នាការផ្ដាច់ទឹកដី​នៃកោះតៃវ៉ាន់ ឲ្យដាច់ចេញ​​ពីប្រទេសចិនដីគោក បាន​​ប្រឆាំងនឹងនយោបាយ ដឹកនាំ​ដោយគណបក្សអភិរក្សនិយម របស់ក្រុម គួងមីងតាំង (Guomindang) ដែល​​បាន​កាន់អំណាច នៅតៃវ៉ាន់ជាច្រើនឆ្នាំ និងដែលមាននិន្នាការ ធ្វើសហប្រតិបត្តិការ​ជាមួយ​ប្រទេសចិន។

ខ្លាចក្លាយជាហុងកុងទី២...

ជាការពិតហើយថា សាធារណមតិនៅតៃវ៉ាន មិនចង់ត្រឡប់​ ទៅនៅក្រោមចិនកុម្មុយនីសនោះឡើយ ប៉ុន្តែ​ពួកគេក៏មិនចង់ផ្ដាច់ខ្លួន ទាំងស្រុងនោះដែរ ដោយហេតុថា ការប៉ុនប៉ងនៃការផ្ដាច់ខ្លួនទាំងស្រុង នឹងបង្ក​ឲ្យ​ក្រុង​ប៉េកាំងខឹងក្រេវក្រោប ហើយអាចឈានទៅដាក់ទឹកដីតៃវ៉ាន់ ឲ្យស្ថិតក្នុងសភាពគ្រោះថ្នាក់។ ហើយនោះ គឺជា​នយោបាយ របស់ក្រុមអភិរក្សនិយម ដែលមានឫសគល់ ពីក្រុមជាតិនិយមចិន និងដែលបានកាន់​អំណាច​យ៉ាង​​ចាស់​​វស្សា នៅតៃវ៉ាន់។

ប៉ុន្តែជំហរ«ជើងមួយ ឈរជាន់ទូកពីរ»នេះ មិនបានជួយឲ្យតៃវ៉ាន់ ទទួលបាន​នូវសន្តិភាព​ពេញ​លេញ​នោះ​ទេ។ ការខិត​ចូលទៅជិតប្រទេសចិន កាន់តែខ្លាំង បានធ្វើឲ្យបណ្ដាជនតៃវ៉ាន់ ព្រួយបារម្ភកាន់តែច្រើនឡើង ជា​ពិសេស​​ពួក​គេ​​មិន​ចង់ឃើញ កោះតៃវ៉ាន់ ក្លាយជាក្រុងហុងកុងទី២ឡើយ។ នៅចំពោះការព្រួយបារម្ភនេះ បើសូម្បីគណបក្ស នៃ​ក្រុម​គួងមីងតាំង ខ្លួនឯង ក៏បាន​ផ្លាស់ប្ដូរមនុស្ស ដែលមាននិន្នាការមិនសូវស្និតនឹងចិន ឲ្យមកឈរឈ្មោះ ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​នោះដែរ។

ជីវភាពសំខាន់...

បន្ថែមពីលើនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ដែលរដ្ឋាភិបាលរបស់គណបក្ស គួងមីងតាំង បាន​ចុះ​ហត្ថលេខា ជាមួយប្រទេសចិនដីគោក បានធ្វើឲ្យការបាត់បង់ការងារ នៅតៃវ៉ាន់ មានទំហំកាន់តែច្រើន​ថែម​ទៀត។ នាពេលកន្លងមក រលកចលនានៃការខឹងសម្បារ ទៅនឹងនយោបាយរបស់គណបក្ស គួងមីងតាំង ខាង​​លើ​នេះ បាន​បង្ក​ឲ្យមានការចុះតវ៉ា ​នៅ​តាម​ដងផ្លូវជាច្រើនដង ពីសំណាក់បណ្ដាជន និង​និស្សិត​នៅ​លើកោះ។

ដូច្នេះប្រតិកម្មរបស់បណ្ដាជនតៃវ៉ាន់ នៅក្នុងការបោះឆ្នោត រហូតជ្រើសរើស​បាន​ប្រធានាធិបតីថ្មីមួយរូប​របស់​ខ្លួន ក្នុងពេលនេះ មានគោលបំណងច្បាស់លាស់៖ នោះគឺបណ្ដុះនយោបាយ ដើម្បីបង្កើតជាប្រទេសមួយ មាន​​ឯករាជ្យ​បរិបូណ៍ មានសិទ្ធិមនុស្ស និងដើម្បីការរួមរស់ ដោយសុខដុមរម្យនា ទៅមុខ។ តែរឿង​ដែល​ត្រូវ​គិត ក្នុង​ពេល​ជាមួយគ្នាដែរនោះ ថាតើគោលបំណងនេះ នឹងអាចដុតបញ្ឆេះរដ្ឋាភិបាលក្រុងប៉េកាំង ឲ្យផ្ទុះ​កំហឹង​បាន​ដល់​កម្រិត​​ណា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...