ប្រធានាធិបតីចិនគាំទ្រ ហ៊ុន សែន ពីបញ្ហាសន្ដិសុខ និងស្ថិរភាពជាតិ
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 19, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោកប្រធានាធិបតីចិន ស៊ី ជិនភីង បានទទួលជួបលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងសៀងហៃ ប្រទេសចិន ហើយបានថ្លែងស្វាគមន៍ អំពីចំណងមេត្រីភាពរវាងប្រទេសទាំងពីរ ដែលរហូតមកដល់ពេលនេះ កាន់តែមានភាពស្អិតរមួតខ្លាំងឡើង។ ទន្ទឹមនឹងនេះ លោក ស៊ី ជិនភីង ថែមទាំងបានសន្យាគាំទ្រការខិតខំរបស់កម្ពុជា ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងស្ថិរភាពជាតិនោះថែមទៀត។
លោក ហ៊ុន សែន និងលោក ស៊ី ជីនភីង ក្នុងជំនួបទល់មុខគ្នា នៅទីក្រុងសៀហៃ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤។ (រូបថត Xinhua)
កម្ពុជាចិន - នៅក្នុងឱកាសនៃការអញ្ជើញចូលរួម ក្នុងជំនួបកំពូលលើកទី៤ នៃសន្និសីទនៅទីក្រុងសៀងហៃប្រទេសចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានលោកស៊ី ជីនភីង ប្រធានាធិបតីចិន អនុញ្ញាតឲ្យចូលជួបពិភាក្សា ដើម្បីពង្រឹកចំណងមេត្រីភាពចាក់ទឹកមិនលេច របស់ប្រទេសទាំងពីរ។ ក្នុងឱកាសនោះ លោកប្រធានាធិបតីចិន បានសន្យាគាំទ្រកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសកម្ពុជា ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាពជាតិរបស់ខ្លួន ព្រមទាំងបន្តជួយជំរុញ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅក្នុងប្រទេសនេះថែមទៀត។
លោកប្រធានាធិបតី ស៊ី បានអំពាវនាវឲ្យជំរុញកាន់តែខ្លាំងឡើង នូវកិច្ចសហប្រតិបត្តិការទ្វេភាគី នៅលើវិស័យកសិកម្ម និងទេសចរណ៍ ក៏ដូចជានៅក្នុងគំរោងវារីអគ្គិសនី ធ្យូងថ្ម និងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាជាដើម។ លោកបានសន្យាទៀតថា នឹងជួយសម្រួលការដ្ឋានសាងសង់ ខ្សែក្រវាត់សេដ្ឋកិច្ច ដែលសុទ្ធសឹងជាហេដ្ឋារចនាសម្ព័ន្ធ និងដង្ហើមសេដ្ឋកិច្ច ទាំងនៅលើគោក ទាំងនៅតាមផ្លូវទឹក ឲ្យកម្ពុជានោះថែមទៀត។
ពាក្យសម្ដីថ្លែងរបស់លោកប្រធានាធិបតីចិន ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា បានបង្កើតភាពកក់ក្ដៅកាន់តែខ្លាំង សម្រាប់លោក ហ៊ុន សែន បន្ទាប់ពីភាពជាប់គាំងផ្នែកនយោបាយ បានកើតឡើងក្នុងប្រទេសកម្ពុជា យ៉ាងចម្រូងចម្រាស។
ប៉ុន្តែការគាំទ្ររបស់ប្រធានាធិបតីចិន ក៏បានធ្វើឡើងចំពេលដែលប្រទេសចិន កំពុងមើលមុខគ្នាមិនចំ ជាមួយនឹងប្រទេសវៀតណាម ដែលជាមិត្តម៉ឺនឆ្នាំរបស់កម្ពុជា ជុំវិញជម្លោះដែនសមុទ្រក្នុងសមុទ្រចិនខាងត្បូង និងអំពើហិង្សាប្រឆាំងចិន នៅក្នុងប្រទសវៀតណាមកាលពីពេលថ្មីៗនេះ។ កុបកម្មហិង្សាប្រឆាំងចិន ដែលបានកើតឡើងយ៉ាងកក្រើក នៅប្រទេសវៀតណាម បានធ្វើឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ និងបណ្ដាលឲ្យជនជាតិចិនច្រើនជាង១ពាន់នាក់ រត់ភៀសខ្លួនមកសុំជ្រកកោន នៅក្នុងប្រទេសកម្ពុជា។
ជម្លោះដែនទឹកក្នុងសមុទ្រចិនខាងត្បូង បានធ្វើឲ្យប្រទេសចិនត្រូវប្រឈមនឹងប្រទេសជាច្រើនទៀត នៅក្នុងសមាគមប្រជាជាតិនៅអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន។ ដូច្នជាការចាំបាច់ ដែលចិនត្រូវការការគាំទ្រ ពីប្រទេសដែលជាសមាជិករបស់សមាគមមួយនេះ។
នៅក្នុងជំនួបដដែល លោក ហ៊ុន សែន បានបញ្ជាក់តបទៅប្រធានាធិបតីចិនវិញជាអាថ៌ ថាកម្ពុជានឹងបន្តដើរតួរប្រកបដោយស្ថាបនា ដើម្បីពង្រឹងចំណងទាក់ទងរវាងចិន និងអាស៊ាន។ ជាពិសេសប្រទេសកម្ពុជា នឹងធ្វើការជាមួយចិន ដើម្បីឲ្យជំនួបកំពូលនៅទីក្រុងសៀងហៃ ទទួលបានជោគជ័យ។
សូមបញ្ជាក់ថា លោក ហ៊ុន សែន បានធ្វើដំណើរទៅកាន់ប្រទេសចិន តាំងពីថ្ងៃទី១៨ ខែឧសភានេះ ដើម្បីចូលរួមក្នុងសន្និសីទកំពូលលើកទី៤ ស្ដីពី កាបង្កើន និងបង្កើតវិធានការនៃភាពទុកចិត្តគ្នា នៅទ្វីបអាស៊ី ហៅកាត់ជាភាសាអង់គ្លេសថា CICA ដែលប្រព្រឹត្តិទៅពីថ្ងៃអង្គារទី២០ ដល់ថ្ងៃពុធទី២១ ខែឧសភា នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ លោក ហ៊ុន សែន គ្រោងនឹងធ្វើមាតុភូមិនិវត្តន៍វិញ នៅថ្ងៃទី២៥ ខែឧសភាខាងមុខ៕