សម រង្ស៊ី ប្រតិកម្មតបការបិទផ្លូវចរចារបស់ ហ៊ុន សែន
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៧ មីនា ២០១៨
- កែប្រែចុងក្រោយ: March 27, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រសិនជាលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បីទសវត្សន៍ជាង របស់ប្រទេសកម្ពុជា បានជ្រើសរើសភាសា«អាម៉ឹង» ដើម្បីទាត់ចោល លទ្ធភាពណាមួយ ដែលឈានទៅដល់ការចរចា ដើម្បីស្វែងរកដំណោះស្រាយ សម្រាប់វិបត្តិនយោបាយនោះ មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ឯណោះវិញ បានឆ្លើយតបមកវិញ ដោយប្រើភាសា«ស្ងប់ស្ងៀម»។
ប្រតិកម្មតបភ្លាមៗ របស់លោក សម រង្ស៊ី ត្រូវបានធ្វើឡើង នៅលើបណ្ដាញសង្គមទ្វីសធើរ មានសេចក្ដីថា៖ «បើលោក ហ៊ុន សែន មិនចង់និយាយជាមួយ សម រង្ស៊ី ទេ លោក ហ៊ុន សែន នៅតែអាចនិយាយ ជាមួយលោក កឹម សុខា - លោក អេង ឆៃអ៊ាង - អ្នកស្រី មូរ សុខហួ ជាមួយសង្គមស៊ីវិល ឬអ្នកសារព័ត៌មានបាន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបិទផ្លូវចរចា ជាមួយលោក សម រង្ស៊ី នៅក្នុងការថ្លែងមួយ កាលពីព្រឹកម៉ិញ នៅចំពោះនិស្សិតទទួលសញ្ញាប័ត្រច្រើនរយនាក់ នៃសាកលវិទ្យាល័យមួយ។ បុរសខ្លាំងកម្ពុជា បានលើកឡើងពីទិដ្ឋភាពចំនួនពីរ មកធ្វើជាអំណះអំណាង ក្នុងនោះមានទិដ្ឋភាពច្បាប់ និងមូលហេតុផ្ទាល់ខ្លួនរបស់លោក។
លោក ហ៊ុន សែន ថ្លែងពន្យល់ថា៖ «ខ្ញុំនិយាយពីទិដ្ឋភាពផ្លូវច្បាប់ ខ្ញុំគ្មានលទ្ធភាពចរចា។ ច្បាប់លើកលែងសិទ្ធិធ្វើនយោបាយ ចំនួន១១៨នាក់ វាមិនដែលមាន។ មានតែច្បាប់លើកលែងទោស ដល់អ្នកដែលតុលាការ បានកាត់ទោសរួចហើយ តែគ្មានច្បាប់លើកលែងទោស ឲ្យអ្នកកាត់សិទ្ធិធ្វើនយោបាយនោះទេ ។»។
នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តថា៖ «អ្នកឯងដុតរូបខ្ញុំ ហើយមកចង់ចរចា! អ្នកឯងប្រមាថប្រពន្ធកូនខ្ញុំ។ លោកឯងប្រមាថ ប្រពន្ធខ្ញុំ ! លោកឯង ប្រមាថកូនខ្ញុំ! ចោទប្រពន្ធនិងកូនប្រុសរបស់ខ្ញុំ ជាប្រពន្ធនិងកូនប្រុស របស់មេដឹកនាំវៀតណាម។ តើអ្នកឯងដោះស្រាយយ៉ាងម៉េច រឿងហ្នឹង? ឥឡូវនេះអ្នកឯងបន្តថា កងទ័ពកំពុងប្រឆាំងហ៊ុន សែន។ ឥឡូវនេះកងទ័ពក៏ប្រឆាំង មន្រ្តីរាជការក៏ប្រឆាំង មិនបាច់ចរចាទេ។»។
ប៉ុន្តែលោក សម រង្ស៊ី ដៃគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវ របស់នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តសរសេរ តបទៅវិញថា៖ «ប្រសិនបើគាត់ [លោក ហ៊ុន សែន] មិនពេញចិត្តជាមួយ សម រង្ស៊ី ទេ គាត់នៅតែអាចអនុវត្តវប្បធម៌សន្ទនាពិតប្រាកដ ជាមួយនឹងជនជាតិខ្មែរជាច្រើនទៀត ដែលស្រឡាញ់ជាតិ ចង់បានលទ្ធិប្រជាធិបតេយ្យ និងវិបុលភាព»៕