សភា​អ៊ឺរ៉ុប​ស្នើ​ឲ្យ​ចាត់​វិធាន​ការ​ឃ្លាំ​មើល​ជំនួយ EU សម្រាប់​កម្ពុជា

នៅចំពោះក្ដីបារម្ភ ពីការដើរថយក្រោយ នៃស្ថានភាពនយោបាយ ជាមួយនឹងសកម្មភាពថ្មីៗ ទៅលើ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង និងក្រុមសកម្មជនការពារសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជានោះ សភាអ៊ឺរ៉ុប នៅថ្ងៃ​ព្រហស្បត្តិ៍​បាន​ស្នើ​សុំ ឲ្យការិយាល័យអ៊ឹរ៉ុបដើម្បីកិច្ចការខាងក្រៅ (SEAE) ឲ្យបង្កើតវិធានការ ដើម្បីឃ្លាំ​មើល​ពី​ជំនួយ​របស់​សហគមន៍​អ៊ឺរ៉ុប ផ្ដល់ទៅឲ្យប្រទេសកម្ពុជា សម្រាប់រយៈពេលខាងមុខ។
សភា​អ៊ឺរ៉ុប​ស្នើ​ឲ្យ​ចាត់​វិធាន​ការ​ឃ្លាំ​មើល​ជំនួយ EU សម្រាប់​កម្ពុជា
ជនជាប់ចោទ និងជាប់ទោស ដែលអង្គការការពារសិទ្ធិមនុស្សចាត់ ចូលក្នុងបញ្ជីជាអ្នកទោសនយោបាយ។ (រូបផ្តិតពីអេក្រង់)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១០ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 10, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សភាអ៊ឺរ៉ុបនៅថ្ងៃព្រហស្បត្តិ៍នេះ បានធ្វើការស្នើសុំ ទៅការិយាល័យអ៊ឺរ៉ុប​ដើម្បីកិច្ចការខាងក្រៅ ហៅ​កាត់​ជា​ភាសា​បារាំងថា «SEAE» ឲ្យចាត់«វិធានការណាក៏ដោយ ដើម្បីឲ្យជំនួយផ្នែកហិរញ្ញវត្ថុ របស់សហគមន៍អ៊ឺរ៉ុប ទៅ​ឲ្យ​ប្រទេស​កម្ពុជា ត្រូវតែផ្សារភ្ជាប់គ្នា ជាមួយនឹងស្ថានការណ៍សិទ្ធិមនុស្ស ដ៏ប្រសើរមួយ នៅក្នុងប្រទេសនេះ»។ នេះ បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់សភាអ៊ឹរ៉ុប ចេញផ្សាយឲ្យដឹង នៅក្នុងថ្ងៃតែមួយ។

សហគមន៍អ៊ឺរ៉ុប ជាដៃគូផ្ដល់ជំនួយ​ដ៏សំខាន់មួយ របស់ប្រទេសកម្ពុជា។ សហគមន៍នេះ គ្រោងផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់ ប្រមាណជា ៤១០លានអ៊ឺរ៉ូ (៤៦០លានដុល្លារ) នៅក្នុងគម្រោងអភិវឌ្ឍន៍ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​​រយៈពេល ពីឆ្នាំ២០១៤ ទៅដល់ឆ្នាំ២០២០ខាងមុខ។

ការស្នើសុំនេះ បានធ្វើឡើង បន្ទាប់ពីសមាជិកសភាអ៊ឺរ៉ុបជាច្រើននាក់ បានធ្វើញត្តិ​សម្ដែង​ការ​ព្រួយ​បារម្ភ​​របស់​ពួកគេ ពីស្ថានភាពនយោបាយ«ដ៏អាក្រក់» ដែលកំពុងកើតឡើង នៅក្នុងប្រទេសកម្ពុជា និងចំពោះអ្នក​នយោបាយ​ប្រឆាំង និងក្រុមសកម្មជនការពារសិទ្ធិមនុស្ស។ ក្រុមសមាជិកសភាទាំងនោះ បាន​ធ្វើការ​ថ្កោល​ទោស នូវ​រាល់​អំពើ​ហិង្សា​ទាំងឡាយ - ការដាក់បន្ទុកដើម្បីធ្វើទោសទណ្ឌ ដែលមានចរិកនយោបាយ - ការឃុំ​ខ្លួន - ការ​បង្កើត​ចំណោទ​នានា និងការផ្ដន្ទាទោសដោយប្រព័ន្ធតុលាការ ទៅលើក្រុមអ្នកប្រឆាំងនៅកម្ពុជា។

ក្រុមសមាជិកសភាអ៊ឺរ៉ុប បានអំពាវនាវទៅអាជ្ញាធរកម្ពុជា ឲ្យទម្លាក់ចោលជាបន្ទាន់ នូវការតាមចាប់ខ្លួន និង​រាល់បន្ទុកទាំងឡាយ ដែលធ្វើឡើង ដើម្បីប្រឆាំងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ នៅក្នុងប្រទេស និងករណីរបស់សកម្មជនអ្នកការពារសិទ្ធិមនុស្ស ទាំងប្រាំនាក់ ដែល​កំពុង​ជាប់​ឃុំ​ជា​បណ្ដោះអាសន្ន នៅក្នុងពន្ធនាគារសព្វថ្ងៃ។

សមាជិកសភាអ៊ឺរ៉ុបទាំងនោះ បានបន្ថែមទៀតថា គ្រប់អ្នកនយោបាយ អ្នកគាំទ្រ និងអ្នកការពារសិទ្ធិមនុស្ស ចាំបាច់​ត្រូវបានអនុញ្ញាត ឲ្យធ្វើការដោយសេរី គ្មានការភ័យខ្លាចពីការចាប់ចង និងការធ្វើទារុណកម្ម។

ក្រុមសមាជិកសភាអ៊ឺរ៉ុប បានបញ្ជាក់បន្តថា គ្រប់រដ្ឋជាសមាជិករបស់សហគមន៍អ៊ឺរ៉ុប - នាយកគ្រប់​គ្រង​នយោបាយ​បរទេស លោក «Federica Mogherini» - ការិយាល័យអ៊ឺរ៉ុបដើម្បីកិច្ចការខាងក្រៅ (SEAE) និង​គណៈកម្មា​ធិការ​អ៊ឺរ៉ុប ចាំបាច់ត្រូវកំណត់ ពីលក្ខខណ្ឌដ៏ច្បាស់លាស់ និងសមស្របតាមច្បាប់អន្តរជាតិ នៃ​បទដ្ឋាន​​​សិទ្ធិ​​សេរីភាព​​នៃការបញ្ចេញមតិ សិទ្ធិនៃការបង្កើតសមាគមន៍ និងសិទ្ធិនៃការជួបប្រជុំគ្នា សម្រាប់​ការ​បោះ​ឆ្នោត​​លើក​​ក្រោយៗ នៅកម្ពុជា។

ក្នុងពេលភ្លាមៗនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចសុំប្រតិកម្មពីមន្ត្រីរដ្ឋាភិបាលកម្ពុជា បាននៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...