យុទ្ធនាការ​តាម​ប្រមាញ់ រក​អ្នក​ទម្លាយ​រូប​ស្រាត​ វ៉ាន់ នីឡា

បើទោះជាពាក្យបណ្ដឹង ត្រូវបានដាក់ទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីបង្កាទុកជាមុន បន្ទាប់ពីនាង​បាន​ទទួល​ការ​គម្រាម ទាក់ទង​នឹងការទម្លាយរូបថត​អាក្រាតនោះក៏ដោយ តែតាមមើលទៅ ពាក្យបណ្ដឹងនោះ​មិនបាន​ធ្វើឲ្យ​ជន​ល្មើស រអាសូម្បីបន្តិចឡើយ។ ជាលទ្ធផល រូបថតអាក្រាតរបស់តារាចម្រៀង ជាច្រើនសន្លឹក​ត្រូវ​បាន​បង្ហោះចេញ​ និង​ចែករំលែក​នៅតាមបណ្ដាញសង្គម ក្នុងរយៈពេលពីម្សិលម៉ិញ មកទល់ថ្ងៃនេះ ហើយ​យុទ្ធនាការ​តាម​ប្រមាញ់​អ្នក​​នៅ​ពី​ក្រោយ​ទង្វើនេះ ទំនងជាកំពុងប្រព្រឹត្តិទៅ​យ៉ាងផុលផុស។ នេះបើ​តាម​លោក សុខ ជំនោរ ដែលត្រូវជាបងប្រុស​បង្កើត របស់​តារា​ចម្រៀង។
យុទ្ធនាការ​តាម​ប្រមាញ់ រក​អ្នក​ទម្លាយ​រូប​ស្រាត​ វ៉ាន់ នីឡា
ពីឆ្វេងទៅស្ដាំ៖ រូបអាក្រាត ដែលមានអាវគ្របខ្លួនខ្លះៗ និងរូបថតធម្មតា របស់តារាចម្រៀង វ៉ាន់ នីឡា។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១០ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 10, 2016
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«សូមប្រកាសរកម្ចាស់ រឺ Admin Page TV24HD-Hot news» នេះជាការលើកឡើង នៅក្នុងគណនី​ហ្វេសប៊ុក​របស់​លោក សុខ ជំនោរ អ្នកនិពន្ធទំនុកច្រៀង និងត្រូវជាបងប្រុសបង្កើត របស់កញ្ញា វ៉ាន់ នីឡា តារា​ចម្រៀង​រង​គ្រោះ ព្រោះការទម្លាយរូបអាក្រាតតាមបណ្ដាញសង្គម នៅក្នុងរយៈពេលចុងក្រោយនេះ។

រាប់ចាប់តាំងពីពីម្សិលម៉ិញ មកទល់នឹងព្រឹកថ្ងៃនេះ រូបថតអាក្រាតជាច្រើនសន្លឹក របស់កញ្ញា វ៉ាន់ នីឡា ត្រូវ​បាន​ទំព័រហ្វេសប៊ុកមួយចំនួន យកមកបង្ហោះ និងទទួលបានការចែករំលែក យ៉ាងខ្លាំងក្លា ពីសំណាក់អ្នក​ប្រើប្រាស់​បណ្ដាញសង្គម។ រូបថតទាំងនោះ ត្រូវបានតារាចម្រៀងវ័យក្មេង អះអាងទទួលស្គាលភ្លាមៗ នៅលើ​គណនី​ហ្វេសប៊ុក​របស់នាង ថាពិតជារូបរបស់នាង។ ប៉ុន្តែមកទល់នឹងពេលនេះ ទំព័រទាំងនោះមួយចំនួន បានបាត់​ស្រមោល​ពីចក្រវាឡ​ហ្វេសប៊ុកទៅហើយ ដែលតាមទំនង អាចបណ្ដាលមកពីមូលហេតុចំនួនពីរ៖ (១) ម្ចាស់​ទំព័រ​បាន​ផ្អាកការផ្សាយ និង(២) ទំព័រត្រូវបានពិន័យឲ្យផ្អាកការផ្សាយ ពីសំណាក់​ក្រុមហ៊ុន​ហ្វេសប៊ុក​ផ្ទាល់​តែ​ម្ដង។

ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី លោក សុខ ជំនោរ បានបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុកមួយថា លោក (និង​ក្រុម​អ្នក​ស៊ើបអង្កេត) កំពុងប្រមូលទិន្នន័យ ពី« Facebook» ហើយមានប្រិយមិត្ត និងមហាជន កំពុងផ្ញើរព័ត៌មាន (ភស្តុតាង) ពីទំព័រណា ដែលបង្ហោះរូបអាក្រាតទាំងនេះ ដើម្បីឈានទៅស្វែងរកប្រភព ដែលបាន​បញ្ចេញ​រូបថត​ទាំង​នេះ មកក្នុងបណ្ដាញសង្គម។

អ្នកនិពន្ធទំនុក​ច្រៀង​ល្បី​ឈ្មោះ មិនបានបង្ហើបរឿងរ៉ាវ ទាក់ទងនឹងការស្រាវជ្រាវ វែកមុខអ្នកនៅ​ពី​ក្រោយ​​ការ​ទម្លាយ​នេះ ឲ្យ​បាន​​លំអិត​​នោះ​​ទេ ដោយ​ខ្លាច​ប៉ះពាល់ដល់ការស៊ើបអង្កេត។ តែលោកបានថ្លែងយ៉ាង​ខ្លី​ថា៖ «យើង​​មាន​​តម្រុយ​ និង​​ភស្តុ​តាង ល្មម​​​ចាត់​ការ​​បាន​ហើយ»។

កាលពីមួយខែមុន កញ្ញា វ៉ាន់ នីឡា និងលោក សុខ ជំនោរ បានដាក់ពាក្យបណ្ដឹងមួយ ទៅកាន់ក្រសួងមហាផ្ទៃ បន្ទាប់ពីតារាចម្រៀងបានទទួលការគម្រាម ថានឹងមានការទម្លាយ​ រូបអាក្រាតរបស់នាង ចេញជាសាធារណៈ។ អ្នកទាំងពីរក៏ទើបតែចូលខ្លួន ទៅបំភ្លឺពីបណ្ដឹងរបស់ពួកខ្លួន តាមការកោះអញ្ជើញ របស់នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ កាលពីម្សិលម៉ិញនេះដែរ។

សារព័ត៌មានក្នុងស្រុកមួយទៀត បានស្រង់សំដីរបស់លោក សុខ ជំនោរ មកសរសេររៀបរាប់ថា រឿងរ៉ាវ​បាន​ផ្ទុះ​ឡើង រហូតនាំទៅដល់មានពាក្យបណ្ដឹងនេះ គឺនៅបន្ទាប់ពីទំនាក់ទំនងស្នេហារ រវាងកញ្ញា វ៉ាន់ នីឡា និង​មិត្ត​ប្រុស​របស់​នាង ដែលជាកូនមន្ត្រីពាក់ផ្កាយបី បានឈានទៅដល់ទីបញ្ចប់ ហើយតារាចម្រៀង​បានទទួលការ​គំរាម​កំហែង ពីភាគីខាងប្រុស ទាក់ទងនឹងការបញ្ចេញរូបថតអាក្រាត។

សារព័ត៌មាននោះ បានស្រង់ប្រតិកម្ម របស់អតីតមិត្តប្រុសរបស់តារាចម្រៀង ដែលគេស្គាល់ឈ្មោះ សិទ្ធិ ស័ក្ត អាយុ ២៦ ឆ្នាំ មាន​តួនាទី​ជា​ប៉ូលិស​ស័ក្ដិ​បួន​កន្លះនោះ ថាលោក មិនបានជាប់ពាក់ព័ន្ធអ្វី នឹងការទម្លាយ​រូប​អាក្រាត​នេះ​ទេ ហើយថាលោកក៏មិនបានដឹងរឿង ដែលកញ្ញា វ៉ាន់ នីឡា បានធ្វើការចោទប្រកាន់នោះដែរ។ ផ្ទុយ​ទៅ​វិញ លោក សិទ្ធិ ស័ក្ត បានទម្លាក់កំហុសត្រឡប់មកវិញថា អ្វីដែលបានបានកើតឡើង គឺជាការប្រឌិតឡើង ដោយ​ភាគី​ខាង​ស្រី​ប៉ុណ្ណោះ។

សូមបញ្ជាក់ដែរថា ការបង្ហោះរូបភាពអាសអាភាស ស្រាតស្រៀវស្រើប នៅលើហ្វេសប៊ុក ជាទង្វើល្មើស​ទៅ​នឹង​លក្ខន្តិកៈរបស់ហ្វេសប៊ុក ហើយទាំងអ្នកបង្ហោះ ទាំងទំព័រដែលអ្នកបង្ហោះនោះកាន់ (ឬធ្វើជាអភិបាល) អាច​ទទួល​ទណ្ឌកម្ម ពីបណ្ដាញសង្គមដ៏ធំជាងគេមួយនេះ។ ទណ្ឌកម្មនោះ អាចមានការផ្អាកមិនឲ្យចេញផ្សាយ ហាម​ការ​បង្ហោះ ក្នុងមួយរយៈពេលខ្លី និងករណីខ្លះទៀត គណនីរបស់អ្នកបង្ហោះ ក៏ដូចជាទំព័រដែល​បាន​បង្ហោះ​នោះ នឹង​ត្រូវ​ហ្វេសប៊ុក​បិទចោល​ជាស្ថាពរ។

សំខាន់បំផុតនៅពេលនេះ ដែលប្រិយមិត្តជាច្រើននាក់ ចង់ដឹងនោះ ថាតើសមត្ថកិច្ចក្រសួងមហាផ្ទៃ នៃ​ប្រទេស​កម្ពុជា​មាន​​«សមត្ថភាព»អាចវែកមុខជនល្មើស បានឬយ៉ាងណា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...