បុរសសតិមិនគ្រប់ បើករថយន្តបុកហ្វូងមនុស្សនៅអាល្លឺម៉ង់ ស្លាប់២នាក់ របួស២០នាក់
«គ្មានអ្វី ដែលអាចបញ្ជាក់ នៅក្នុងពេលនេះថា ករណីបើករថយន្ដបុកហ្វូងមនុស្ស មានមូលហេតុចេញ ពីក្រុមឥស្លាមនិយមឡើយ» នេះ ជាការអះអាងឡើង របស់លោក «Herbert Reul» រដ្ឋមន្ត្រីមហាផ្ទៃ នៃតំបន់ «Nord-Westphalie» ដែលមាន «Münster» ជាក្រុងមួយរបស់ខ្លួន។
លោករដ្ឋមន្ត្រីតំបន់ បានបញ្ជាក់ថា បុរសដែលជាអ្នកកាន់ចង្កូតរថយន្ដដឹកទំនិញ ធុនមធ្យម «ជាជនជាតិអាល្លឺម៉ង់ និងមិនមែនជាជនអន្តោរប្រវេសន៍ ដូចការផ្សព្វផ្សាយមួយចំនួន ដែលគ្មានមូលដ្ឋាននោះទេ»។
បើតាមសារព័ត៌មាន «Süddeutsche Zeitung» ក៏ដូចជាទូរទស្សន៍ «ZDF» និងទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ «DPA» បានរាយការណ៍ថា បុរសខាងលើ មានឈ្មោះ «Jens R.» កើតនៅឆ្នាំ១៩៦៩ និងមានបញ្ហាផ្នែកសតិ។ ទូរទស្សន៍ «ZDF» បានអះអាងថា មុននេះមិនយូរប៉ុន្មាន បុរសរូបនេះបានព្យាយាម ធ្វើអត្តឃាតរួចហើយ ហើយរថយន្ដដឹកទំនិញ ធុនមធ្យម ដែលមានពណ៌ក្រម៉ៅ ជាកម្មសិទ្ធិរបស់បុរសនេះផ្ទាល់តែម្ដង។
[...]