ករណីឃាតកម្ម ចេវ សុវឌ្ឍនា បញ្ចប់ត្រឹម ឡាយ វណ្ណៈ?

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងថា សំនុំរឿងអ្នកស្រី ចេវ សុវឌ្ឍនា ដែលដំបូងឡើយ ត្រូវបានចាត់ទុក ជា​ការធ្វើ​អត្តឃាតនោះ នឹងត្រូវបញ្ចប់ នៅត្រឹមលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែលទើបត្រូវបានឃាត់ខ្លួន កាលពីរសៀលម្សិលម៉ិញ។ តែមន្ត្រីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជារូបនេះ បានប្រកាសច្រានចោល ការជាប់ពាក់ព័ន្ធ នៅក្នុងឃាតកម្ម និងទាមទារ​រក​យុត្តិធម៌​ តាម​ច្បាប់​កម្ពុជា។
ករណីឃាតកម្ម ចេវ សុវឌ្ឍនា បញ្ចប់ត្រឹម ឡាយ វណ្ណៈ?
អ្នកស្រី ចេវ សុវឌ្ឍនា ដែលត្រូវបានរកឃើញស្លាប់ និងលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី០១ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 02, 2018
  • ប្រធានបទ: មនុស្សឃាត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតអភិបាលខេត្តតាកែវ និងជាអតីតប្រធានគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តនេះ លោក ឡាយ វណ្ណៈ ត្រូវបានអាជ្ញាធរឃាត់ខ្លួន ក្នុងខេត្តតាកែវ កាលពីរសៀលម្សិលម៉ិញ មុននឹងនាំខ្លួន មកដល់នាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ក្នុងយប់ថ្ងៃដដែល។ លោក ឡាយ វណ្ណៈ ទំនងជាជនសង្ស័យ ដែលមានជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងករណីអ្នកស្រី ចេវ សុវឌ្ឍនា ដែលត្រូវបានរកឃើញស្លាប់ ដោយមានខ្សែចងក នៅក្នុងគេហដ្ឋានមួយ ក្នុងក្រុងដូនកែវ ខេត្តតាកែវ កាលពីចុងខែមករា។

លោក ឡាយ វណ្ណៈ ត្រូវ​បានលោក សាយ ឈុំ ក្នុងនាមប្រមុខរដ្ឋស្ដីទី បានចេញ​ព្រះរាជក្រឹត្យ​ បញ្ចប់​តំណែង​ពី​អភិបាល​ខេត្ត​តាកែវ​ កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន។ លោកត្រូវបានឃាត់​ខ្លួន​ភ្លាមៗ ​បន្ទាប់ពី​លោក វណ្ណៈ បានចេញ​ពី​ពិធី​ផ្ទេរ​តំណែង​របស់​លោក ​ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ប្រចាំ​ខេត្ត​ ​ទៅ​ឲ្យ​លោក អ៊ូច ភា ​ដែល​ជា​អភិបាល​ខេត្ត​ថ្មី​។ មនុស្សប្រាំនាក់ផ្សេងទៀត រួមទាំងបងប្រុសលោក ឡាយ វណ្ណៈ គឺលោក ឡាយ ណារិទ្ធ ដែលជា​ស្នងការរង​នគរបាល​ខេត្តតាកែវ ក៏កំពុងស្ថិតក្រោមការឃាត់ខ្លួន ដើម្បីស៊ើបអង្កេត តាំងពីច្រើនថ្ងៃមកហើយនោះដែរ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានអះអាង​ប្រាប់សារព័ត៌មានក្នុងស្រុកថា គឺលោក ឡាយ វណ្ណៈ នេះតែម្ដង ជាអ្នកទទួលខុសត្រូវ ដោយផ្ទាល់ នៅក្នុងសំណុំរឿងអ្នកស្រី ចេវ សុវឌ្ឍនា ដែលដំបូងឡើយ ត្រូវបានអាជ្ញាធរខេត្តចាត់ទុក ជាសំណុំរឿងធ្វើអត្តឃាត។ ដោយអះអាង ពីការសារភាពរបស់សាក្សីជាច្រើន ដែលដឹងពីហេតុការណ៍នោះ លោក ខៀវ សុភ័គ បានថ្លែងឡើងថា៖ «រឿងនេះ មិនមាននរណាពាក់ព័ន្ធទៀតទេ គឺបញ្ចប់ត្រឹមលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ។ យើងមិននឹកស្មានថា គាត់ហ៊ានធ្វើបែបនេះ​ គាត់ឧស្សាហ៍ទៅទីនោះ​ញឹកញាប់។»។

អ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូប ដែលដាក់ឈ្មោះ «Sophea Sin» ដែលឧស្សាហ៍បង្ហោះ​ព័ត៌មាន​នយោបាយ និងសង្គម មាននិន្នាការស្និត នឹងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានោះ បានស្រង់សំដីរបស់​អ្នកបើកបររថយន្ដ របស់លោក ឡាយ វណ្ណៈ មកបញ្ជាក់អះអាងដូចគ្នាថា លោក ឡាយ វណ្ណៈ ទំនងជាឃាតករ ដែលសង្ស័យ​បាន​«ច្របាច់ក» សម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា នៅបន្ទាប់ពីមានជម្លោះមួយ នៅក្នុងគេហដ្ឋាននោះ។

លោក «Sophea Sin» បានសរសេរថា៖ «អ្នកនាង [ចេវ សុវឌ្ឍនា] ជាស្រីកំណាន់ចិត្តរបស់លោក ឡាយ វណ្ណ: ហើយលោក ឡាយ វណ្ណ: បាន​ជួល​ផ្ទះ​កើតហេតុនេះឱ្យនាងស្នាក់នៅម្តងម្កាល ពេលអ្នកនាង ចេវ សុវឌ្ឍនា មិននៅ លោក ឡាយ វណ្ណ: យកស្រីផ្សេងមកដេកនៅលើផ្ទះនេះ ទើប​ធ្វើឱ្យ​នាង ចេវ សុវឌ្ឍនា ខឹងសម្បា ក៏មានការឈ្លោះទាស់ទែងគ្នាបង្កឱ្យមានហិង្សា អាចសង្ស័យថា លោក ឡាយ វណ្ណ: ច្របាច់កសម្លាប់​អ្នកនាង ចេវ សុវឌ្ឍនា»។

អ្នកប្រើប្រាស់បណ្ដាញសង្គមរូបនេះ បានសរសេរបន្តថា៖ «បន្ទាប់មក សង្ស័យលោក ឡាយ វណ្ណ: បញ្ជាឱ្យមានអ្នកលើកសពអ្នកនាង បំប្លែង ធ្វើចងក ជាអត្តឃាត។ ដោយឡែក មន្ត្រីនគរបាលចំនួន ៥នាក់ រាប់ទាំងបងប្រុសបង្កើតលោក ឡាយ វណ្ណ: គឺលោក ឡាយ ណារិទ្ធ ជាស្នងការរងផងនោះ ជាប់ពាក់ព័ន្ធដោយសារតែផ្សំគំនិត អំពើទុច្ចរិត បង្វែរសុំណុំរឿងពីឃាតកម្ម ទៅជាអត្តឃាត។»។

តែលោក ឡាយ វណ្ណៈ បានចេញមុខច្រានចោល ពីការពាក់ព័ន្ធ ក្នុងទង្វើឃាតកម្ម តែបានទទួលស្គាល់ថា លោក និងអ្នកស្រី ចេវ សុវឌ្ឍនា ពិតជាមានទំនាក់ទំនងស្នេហា មួយរយៈពេលមែន។ លោកបានសរសេរ នៅលើគណនីហ្វេសប៊ុករបស់លោកថា៖ «រូបខ្ញុំនិងប្អូនស្រី ចេវ សុវឌ្ឍនា មានទំនាក់ទំនងស្នេហា ស្រឡាញ់គ្នាជាមួយគាត់ ពិតប្រាកដមែន ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ! ក្រោយមក ដោយភរិយាខ្ញុំបានដឹង ខ្ញុំបានសុំកាត់ផ្តាច់ទំនាក់ទំនង ជាមួយគាត់ ដែលធ្វេីឲ្យគាត់ខឹងសម្បានឹងខ្ញុំ រហូតដល់គាត់គិតខ្លី ធ្វេីអត្តឃាតខ្លួនឯង! នេះជារឿងពិត! អ្វីដែលខ្ញុំធ្វេីខុសឆ្គង ខ្ញុំហ៊ានទទួល!»។

អតីតអភិបាលខេត្តតាកែវ បានសរសេរបន្តថា៖ «ខ្ញុំសូមបដិសេធទាំងស្រុង នូវរាល់ការចោទប្រកាន់ ដែលថា រូបខ្ញុំនិងបងប្រុសខ្ញុំ លោក ឡាយ ណារិទ្ធ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនា! ខ្ញុំនិងបងប្រុសខ្ញុំ ពុំមានចិត្តបាប សាហាវព្រៃផ្សៃសម្លាប់គាត់ទេ! សូមបងប្អូនពិចារណាមេីលចុះថា បេីខ្ញុំនិងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនា មែននោះ ម្លេះក្រោយពីគេដកតំណែងខ្ញុំ ចេញពីអភិបាលខេត្ត ហើយក្រសួងមហាផ្ទៃ បេីកការសេីបអង្កេតនោះ ខ្ញុំនិងបងប្រុសខ្ញុំ រត់ចេញទៅក្រៅប្រទេស សុំសិទ្ធិជ្រកកោននយោបាយ ពីស្ថានទូតបរទេសបាត់ទៅហេីយ!»

នៅក្នុងសារបង្ហោះចុងក្រោយ នៅលើបណ្ដាញសង្គម លោក ឡាយ វណ្ណៈ បានបន្តអះអាងទៀតថា៖ «ការប៉ុនប៉ងធ្វេីអត្តឃាត របស់ប្អូនស្រី ចេវ សុវឌ្ឍនា មានជាច្រេីនដង! លេីកទី១ គាត់បានលេបថ្នាំសម្លាប់ខ្លួន នៅថ្ងៃទី ១២/១១/២០១៦ ហេីយត្រូវបានមិត្តភ័ក្ត្ររបស់គាត់ នាំទៅមន្ទីរពេទ្យកាល់ម៉ែត្រសង្គ្រោះ ទាន់ពេលវេលា! រាល់ពេលគាត់ខឹងម្តងៗ គាត់តែងតែចង់ធ្វេីអត្តឃាត!»។

យ៉ាងណា តុលាការរាជធានី ដែលទទួលបន្ទុកអង្កេត នៅក្នុងករណីនេះ នៅមិនទាន់ចោទប្រកាន់ ទៅលើនរណាម្នាក់នៅឡើយ ក្រៅតែពីបានចេញដីកា កាលពីម្សិលម៉ិញ ឲ្យនាំខ្លួនលោក ឡាយ វណ្ណៈ ដើម្បីចូលមកបំភ្លឺប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...