ចិន៖ ស្ត្រីម្នាក់បានរមូរខ្លួនក្នុងជណ្ដើរយន្ដ បន្ទាប់ពីសង្គ្រោះកូនរួច
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 31, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដំណឹងនៃការការស្លាប់ របស់ស្ត្រីម្នាក់នេះ បានបង្កការតក់ស្លុត ដល់ពិភពលោក រហូតដល់ប្រព័ន្ធផ្សព្វផ្សាយនានា នៅអ៊ឺរ៉ុប និងនៅអាមេរិក ក៏បានយកមករាយការណ៍ ជាបន្តបន្ទាប់គ្នា។ រូបភាពវីដេអូសុវត្ថិភាព (នៅខាងក្រោមអត្ថបទនេះ តែហាមអ្នកមានបញ្ហា ផ្នែកអារម្មណ៍ និងបេះដូងទស្សនា) មានលក្ខណៈពិបាកទ្រាំណាស់ នៅពេលដែលគេឃើញ ម្ដាយវ័យក្មេងរូបនេះ បានប្រមូលកម្លាំងរបស់ខ្លួនចុងក្រោយ ដើម្បីលើកកូនប្រុស ឲ្យផុតពីគ្រោះថ្នាក់ ខណៈខ្លួនកំពុងជាប់ នៅក្នុងជណ្ដើរយន្ដនេះទៅហើយ។
នាង ឆាង លីវជ័ន (Xiang Liujuan,) អាយុ៣០ឆ្នាំ ត្រូវបានចាត់ទុក ជាវីរនារីដោយសារនាង បានសង្គ្រោះកូនរបស់នាង ពីគ្រោះថ្នាក់ដល់ជីវិត ដោយសារសន្ទះជណ្ដើរយន្ដ ដែលមិនបានចាប់ខ្ចៅ ឲ្យជាប់ល្អ។ បណ្ដាជនចិន ជាច្រើនលាននាក់ បានចូលរួមមរណៈទុក្ខ តាមបណ្ដាញសង្គម ជាមួយគ្រួសាររបស់នាង និងបានចោទសួរឡើងថា ហេតុអ្វីក៏បុគ្គលិកស្ត្រីបីនាក់ របស់មជ្ឈមណ្ឌលពាណិជ្ជកម្ម មិនបានធ្វើអ្វីមួយ ដើម្បីបញ្ឈប់ជណ្ដើរយន្ដនេះ?
ដូចនៅក្នុងវីដេអូសុវត្ថិភាព បានបង្ហាញ និងត្រូវបានសារព័ត៌មានចិនជាច្រើន យកមកអះអាងនោះ គឺបុគ្គលិកទាំងបីនាក់ របស់មជ្ឈមណ្ឌល បានដឹងតាំងពីប្រាំនាទីមុនហើយ ថាសន្ទះបិទជណ្ដើរយន្ដ បានជួបនឹងបញ្ហា ប៉ុន្តែគ្មាននរណាម្នាក់ ចាប់អារម្មណ៍ ពីគ្រោះថ្នាក់ ដែលអាចកើតឡើង ហើយចាត់វិធានការ ឲ្យជណ្ដើរនោះផ្អាកដំណើរការ សិននោះទេ។
ក្រុមអ្នកជួយសង្គ្រោះ បានមកដល់ក្រោយ មរណៈភាពរបស់នាង ឆាង លីវជ័ន និងបានប្រើពេលដល់ទៅ ៤ម៉ោង ដើម្បីគាស់ជណ្ដើរនោះ យកសាកសពរបស់នាង ចេញមកបាន។
អាជ្ញាធរខេត្ត ហ៊ុយបី (Hubei) របស់ប្រទេសចិន បានប្រកាសឲ្យផ្អាក រាល់ការប្រើប្រាស់ជណ្ដើរយន្ដ ក្នុងប្រភេទខាងលើ ដែលផលិតដោយក្រុមហ៊ុន «Suzhou Shenlong Elevator Co Ltd» រហូតដល់ពេល មានធានាអះអាងថា សុវត្ថិភាពរបស់វា ត្រូវបានត្រួតពិនិត្យច្បាស់លាស់។
ហេតុការណ៍ដ៏អាណោចអាធម ប្រហាក់ប្រហែលគ្នានេះ បានកើតឡើងម្ដងហើយ កាលពីឆ្នាំ២០១១។ កុមារាអាយុ៤ឆ្នាំម្នាក់ បានស្លាប់ បន្ទាប់ពីបានជាប់គាំងខ្លួន នៅក្នុងជណ្ដើរយន្ដ ផលិតដោយក្រុមហ៊ុនដដែលនេះ ក្នុងផ្សារទំនើបមួយ នៃខេត្ត ហ៊ួរណាន (Hunan)៕
» វីដេអូសុវត្ថិភាព របស់មជ្ឈមណ្ឌលពាណិជ្ជកម្ម៖