ហ៊ុន សែន អះអាងពីជំហរខុសគ្នា ក្នុងជំនួបជាមួយឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៣ តុលា ២០១៨
- កែប្រែចុងក្រោយ: October 23, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពិតជាមានការជជែកគ្នា យ៉ាងច្រើន ទាក់ទងនឹងការគោរពសិទ្ធិមនុស្ស នៅក្នុងជំនួបរវាងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សរ៍ជាង របស់កម្ពុជា និងអ្នកស្រី មីសែល បាសែឡែត (Michelle Bachelet) ឧត្តមស្នងការអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធមនុស្ស កាលពីម្សិលម៉ិញ នៅក្នុងអគារឧត្ដមស្នងការដ្ឋាន របស់អ.ស.ប នាក្រុង ហ្សឺណែវ ប្រទេសស្វីស។
គឺទំព័រហ្វេសប៊ុក របស់លោក ហ៊ុន សែន ខ្លួនលោក ដែលជាអ្នកអះអាងពីករណីនេះ កាលពីមុននេះបន្តិច ប៉ុន្តែទំព័រនោះ មិនបានលំអិត ពីជំហរដែលខុសគ្នានោះ ថាមានលក្ខណៈ បែបណាទេ។ ទំព័រហ្វេសប៊ុកផ្លូវការ របស់នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរថា លោក ហ៊ុន សែន បានស្នើ «ឲ្យមានកិច្ចសហការលើបញ្ហា សិទ្ធមនុស្ស រវាងអង្គការសហប្រជាជាតិ ជាមួយនឹងកម្ពុជា ដើម្បីធ្វើយ៉ាងណា ឲ្យមានការយល់គ្នាឲ្យបានច្បាស់ មុននឹងវាយតម្លៃ ដែលមិនបានធ្វើការសហការគ្នា និងមិនបាននិយាយជាមួយគ្នា ជាមុន»។
ទំព័រហ្វេសប៊ុក របស់បុរសខ្លាំង បានសរសេរថា៖ «បើទោះបីយើង មានគោលជំហរខុសគ្នា ប៉ុន្តែកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា ជាមួយអង្គការសហប្រជាជាតិ ទៅលើបញ្ហាសិទ្ធិមនុស្ស នៅតែបន្តទៅមុខទៀត ពិសេសការបន្តនូវអាណត្តិ២ឆ្នាំ ទៅមុខទៀត របស់ការិយាល័យ សិទ្ធមនុស្សប្រចាំកម្ពុជា»។
អ្នកស្រី មីសែល បាសឺឡែត ត្រូវបានទំព័រហ្វេសប៊ុកលោក ហ៊ុន សែន ស្រង់សំដីមកសរសេរថា អ្នកស្រីបានកត់សំគាល់ ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា លើវិស័យសិទ្ធមនុស្ស ពិសេសសិទ្ធរបស់ស្រ្តី កុមារ កម្មករ កម្មការិនី អប់រំ និងការមិនរើសអើង។ អ្នកស្រីបន្តថា៖ «បើទោះបីជាប្រទេសទាំងអស់ មានការរីកចម្រើនយ៉ាងណា ក៏នៅមានបញ្ហាប្រឈម ទៅនឹងចំណុចផ្សេងៗផងដែរ»។
ដោះលែង និងទម្លាក់ចោល ការចោទប្រកាន់ទាំងអស់...
អ្នកស្រីឧត្តមស្នងការ អ.ស.ប ដែលទើបឡើងកាន់តំណែង កាលពីដើមខែកញ្ញា ធ្លាប់បានបរិហារខ្លាំងៗ ចំពោះការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា នាឱកាសនៃការបើកសម័យប្រជុំ លើកទី៣៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស (រវាងពីថ្ងៃ១០ ខែកញ្ញា និងថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០១៨) ដោយអ្នកស្រីចាត់ទុកថា នោះជាការធ្លាក់ចុះធ្ងន់ធ្ងរ ផ្នែកសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលជាការគម្រាមកំហែងដ៏ខ្លាំង ទៅដល់ភាពជឿនលឿន ដែលកម្ពុជាខិតខំសម្រេចបាន ក្នុងពេលកន្លងមក។
អ្នកស្រី មីសែល បាសឺឡែត ដែលធ្លាប់ជាប្រធានាធិបតី នៃប្រទេសឈីលី (ទ្វីបអាមេរិកខាងត្បូង) បានពន្យល់ នៅក្នុងការបើកសម័យប្រជុំ នោះថា៖ «ការបោះឆ្នោត នាពេលថ្មីៗនេះ (ក្នុងប្រទេសកម្ពុជា) បានធ្វើឡើង នៅពេលដែលមាន ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការរំលាយគណបក្សប្រឆាំង ដែលបានដកហូតសិទ្ធិពលរដ្ឋជាច្រើន ក្នុងការជ្រើសរើសអ្នកតំណាងរបស់ខ្លួន»។
ឧត្តមស្នងការ អ.ស.ប បានថ្លែងបញ្ជាក់ នៅពេលនោះទៀតថា រដ្ឋាភិបាលកម្ពុជាគួរតែដោះលែង និងទម្លាក់ការចោទប្រកាន់ ទៅលើអ្នកនយោបាយទាំងអស់ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋសាមញ្ញទាំងឡាយណា ដែលត្រូវបានចាប់ខ្លួន ឬផ្តន្ទាទោស ដោយសារតែពួកគេអនុវត្តសិទ្ធិមនុស្ស របស់ខ្លួន។
អ្នកស្រីថា ការអភិវឌ្ឍប្រកបដោយចិរភាព តម្រូវឲ្យអាជ្ញាធរ ត្រូវការពារ និងពង្រីកលំហរ សម្រាប់អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកនយោបាយ មកពីគណបក្សប្រឆាំង សម្រាប់បរិយាកាស នៃការជជែកដេញដោល ដែលនឹងអនុញ្ញាត ឲ្យពលរដ្ឋកម្ពុជាទាំងអស់ មានសម្លេងចូលរួម រួមទាំងអ្នករិះគន់រដ្ឋាភិបាលផង៕