របាយការណ៍៖ តុលាការកម្ពុជា«អយុត្តិធម៌និងពុករលួយ» ជាឧបករណ៍រដ្ឋាភិបាល
តុលាការកម្ពុជា គឺជាយន្ដការបែបប្រព័ន្ធមួយ ដែលត្រូវបានប្រើប្រាស់ ដោយរដ្ឋាភិបាលកម្ពុជា ដើម្បីចោទប្រកាន់ ចាប់ចង និងបំភិតបំភ័យ សមាជិកគណបក្សប្រឆាំង ក្រុមសមាជិករបស់អង្គការសង្គមស៊ីវិល ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកធ្វើអត្ថាធិប្បាយនយោបាយ។ នេះ បើតាមរបាយការណ៍មួយ មានចំណងជើងថា «តុលាការនៃភាពអយុត្តិធម៌» ចេញផ្សាយក្នុងថ្ងៃទី ៣០ ខែឧសភានេះ ដោយអង្គការលើកលែងទោសអន្តរជាតិ ហៅជាភាសាអង់គ្លេស «Amnesty International»។
អ្នកស្រី «Champa Patel» នាយកប្រតិបត្តិអង្គការលើកលែងទោសអន្តរជាតិ ទទួលបន្ទុកកិច្ចការ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីភិក បានថ្លែងឲ្យដឹងថា៖ «នៅក្នុងប្រទេសកម្ពុជា តុលាការគឺជាឧបករណ៍ស្ថិតក្នុងដៃ របស់រដ្ឋាភិបាល។ ឯករាជ្យភាពរបស់ចៅក្រម មានតែនៅលើបបូរមាត់ប៉ុណ្ណោះ ប៉ុន្តែភស្ដុតាងជាច្រើនបានបង្ហាញ [...]