យុទ្ធនាការ​អាវ​ខ្មៅ៖ ស្ត្រី​សកម្ម​ជន​​ដីធ្លី​​​៥​នាក់​ ត្រូវ​​បាន​ឃាត់​​​ខ្លួន

ស្ត្រីសកម្មជន​ ខាងសិទ្ធិលំនៅដ្ឋាន​​៥​នាក់ ​ត្រូវ​បានកងកម្លាំងអាជ្ញាធរចាប់បញ្ជូន​ខ្លួន ​ទៅកាន់​អធិការដ្ឋាន​​នគរ​បាល​​ខណ្ឌ​​ទួលគោក នៅ​​វេលា​ម៉ោង​ប្រមាណជា​៨កន្លះ ​ព្រឹក​ថ្ងៃចន្ទ ​ទី១៦ ខែឧសភានេះ បន្ទាប់ពី​ពួក​គេបាន​ប្រមូល​ផ្ដុំ​គ្នា ​នៅ​​ចំណុច​​ស្ដុប​​ផ្សារ​​ដើមគ ​ជា​មួយ​សកម្មជន​ខាង​សិទ្ធិលំនៅដ្ឋាន​ផ្សេង​​ដទៃ​​ទៀត​ ដើម្បីធ្វើ​​យុទ្ធនាការ​​«ថ្ងៃ​ច័ន្ទ​​ពណ៌​ខ្មៅ»។
យុទ្ធនាការ​អាវ​ខ្មៅ៖ ស្ត្រី​សកម្ម​ជន​​ដីធ្លី​​​៥​នាក់​ ត្រូវ​​បាន​ឃាត់​​​ខ្លួន
ស្ត្រីសកម្មជនខាងសិទ្ធិលំនៅដ្ឋាន ដែលព្យាយាមជួបជុំគ្នា នៅផ្ដុំស្ដុបផ្សារដើមគ។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 16, 2016
  • ប្រធានបទ: សិទ្ធិ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ត្រីសកម្មជនខាងសិទ្ធិលំនៅដ្ឋានទាំងប្រាំរូប មានអ្នកស្រី ង៉ូវ ណារី - អ្នកស្រី ភោគ សុភីន - អ្នកស្រី យិន ស្រីន (អ្នកទាំងបីមកពីសហគមន៍បូរីកីឡា) - អ្នកស្រី ច្រាយ នឹម (មកពីសហគមន៍ថ្មគោល) និងអ្នកស្រី អ៊ឹម ស្រីទូច (មកពីសហគមន៍បឹងកក់)។ អ្នកទាំងប្រាំ ត្រូវបានអាជ្ញាធរខណ្ឌទួលគោល ចាប់បញ្ជូនខ្លួន​ឡើង​រថយន្ដ យក​ទៅ​សាកសួរ​នៅ​ក្នុង​អធិការដ្ឋាន​ខណ្ឌ នៅវេលាម៉ោង ប្រមាណជា៨ និង៥០នាទី ព្រឹកថ្ងៃទី១៦ ខែឧសភានេះ។

ក្រុមស្ត្រីសកម្មជនទាំងនេះ បានព្យាយាមជួបជុំគ្នា នៅត្រង់ចំណុចស្ដុបផ្សារដើមគ រាជធានីភ្នំពេញ ដើម្បី​ជួបជុំ​គ្នា​​​ជាមួយ​នឹង​សកម្មជន​ផ្សេងទៀត ក្នុងយុទ្ធនាការ«ថ្ងៃចន្ទពណ៌ខ្មៅ» ដែលគ្រោងនឹងធ្វើក្នុងព្រឹកនេះ នៅមុខ​ពន្ធនាគារ​ព្រៃស។

ក្រុមអ្នកចូលរួមទាំងនេះ បាននាំគ្នាស្លៀកពាក់ ឬពាក់អាវពណ៌ខ្មៅ ដើម្បីទាមទារ​ ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​​​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​៤​រូប និង​អគ្គ​លេខាធិការ​រង​ នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​​បោះ​​ឆ្នោត​មួយ​រូប បន្ទាប់ពីអ្នកទាំងប្រាំរូបនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនបញ្ជូនទៅ​តុលាការ។ តុលាការ​សាលាដំបូង បានសម្រេច​ឲ្យមានការឃុំខ្លួនអ្នកទាំងប្រាំនោះ ជាបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស ក្រោមបទចោទសូកប៉ាន់សាក្សី ក្នុងសំនុំរឿងអាស្រូវស្នេហា​ដ៏ចម្រូងចម្រាស ដែលគេចោទថា មាន​ជាប់​ទាក់ទង​នឹង​លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង។

តាមសេចក្ដីរាយការណ៍ ពីមុខពន្ធនាគារព្រៃស បានឲ្យដឹងថា គេមិនឃើញមានហេតុភេទអ្វី កើតឡើងឡើយ ប៉ុន្តែ​មានការដាក់ពង្រាយកម្លាំងជាច្រើន នៅជុំវិញតំបន់នោះ។ រីឯចំណុចសំខាន់មួយចំនួន នៅក្នុង​រាជធានី​ភ្នំពេញ ក៏គេឃើញមានការដាក់​កម្លាំង ដើម្បី​ទប់​ស្កាត់​យុទ្ធនាការ«​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ»នេះ​ដែរ។

កាលពីថ្ងៃចន្ទសប្ដាហ៍មុន យុទ្ធនាការ«ស្លៀកពាក់ពណ៌ខ្មៅ»នេះ ត្រូវបានអង្គការសង្គមស៊ីវិលមួយក្រុម រៀបចំ​ធ្វើម្ដងហើយ ប៉ុន្តែបានរងការរារាំងយ៉ាងចាស់ដៃ ពីសំណាក់កងកម្លាំងអាជ្ញាធរ។ នៅថ្ងៃនោះ សកម្មជន​ចំនួន​៨នាក់ ក្នុងនោះមានជនបរទេសពីរនាក់ផង ត្រូវបានឃាត់ខ្លួន និងត្រូវបានដោះលែង នៅពេល​ក្រោយ​មក។

រដ្ឋាភិបាលកម្ពុជា បានសង្ស័យក្រុមអ្នកស្លៀកពាក់ខ្មៅទាំងនោះ អាចនឹងបង្កើតឲ្យមាន​ជា​ចលនា​«បដិវត្តន៍​ពណ៌» ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធាន​គណបក្ស​​ប្រជាជន​កម្ពុជា បាន​ថ្លែង​ព្រមាន​​នៅក្នុងពិធីចែកសញ្ញាបត្រ ទៅឲ្យនិស្សិតនៃសកលវិទ្យាល័យមួយ កាល​ពីថ្ងៃ​ទី១០ ខែ​ឧសភានេះ ថាត្រូវតែរារាំង ចំពោះយុទ្ធនាការ​«ពណ៌»​ណា​ក៏​ដោយ ដែលរដ្ឋាភិបាលយល់ថា​ខុស​ច្បាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...