វិទ្យុ​អាស៊ី​សេរី​រង​ការ​ប្ដឹង​ពី​អតីត​បុគ្គលិក ថា​រមិល​គុណ​និង​អមនុស្ស​ធម៌

រឿងរ៉ាវដែលកើតឡើង តាំងពីជាងមួយឆ្នាំមុន ក្នុងស្ថាប័នវិទ្យុអាស៊ីសេរី ទើបនឹងត្រូវបានអតីតបុគ្គលិកម្នាក់ ស៊ើរើ​ឡើង​វិញ ដោយបាន​ដាក់ពាក្យបណ្ដឹង ប្ដឹងវិទ្យុអាមេរិកាំង ដែលផ្សាយជាភាសាខ្មែរមួយនេះ ទៅកាន់តុលាការ កាល​​ពី​​​ប៉ុន្មាន​ថ្ងៃ​មុន​។ ប៉ុន្តែ ករណីបែបនេះ ធ្លាប់ត្រូវបានលោក ហួត វុទ្ធី (ឬ ជុន ច័ន្ទបុត្រ) នាយករង​ការ​ផ្សាយ​ផ្នែក​​ខេមរភាសា របស់​វិទ្យុ​អាស៊ី​សេរី បកស្រាយថា ស្ថាប័នរបស់លោក មិនមានការ​ព្រួយ​បារម្ភ​អ្វី​ឡើយ ហើយ​បាន​ត្រៀម​ការ​​តបត តាមផ្លូវ​ច្បាប់​​​ត្រឡប់​ទៅ​វិញ​ដូចគ្នា។
វិទ្យុ​អាស៊ី​សេរី​រង​ការ​ប្ដឹង​ពី​អតីត​បុគ្គលិក ថា​រមិល​គុណ​និង​អមនុស្ស​ធម៌
លោក ហួត វុទ្ធី (ហៅ ជុន ច័ន្ទបុត្រ) នាយករងការផ្សាយ ផ្នែកខេមរភាសា របស់វិទ្យុអាស៊ីសេរី។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៣ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 24, 2016
  • ប្រធានបទ: សារព័ត៌មាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីរកាំរកូស ជាមួយវិទ្យុអាស៊ីសេរី ពីសំណាក់អតីត​បុគ្គលិក របស់ស្ថាប័នផ្សព្វផ្សាយមួយនេះ មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ។ អ្វីដែលថ្មី គឺពាក្យបណ្ដឹង ដែលទើបនឹងដាក់ចូល ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ​ទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ ខណៈរឿងរ៉ាវបានផ្ទុះឡើង តាំងពីជាងមួយឆ្នាំ​មក​ហើយ។ គឺពាក្យបណ្ដឹង ដែល​ប្ដឹង​ដោយ​​អតីត​បុគ្គលិក របស់វិទ្យុអាស៊ីសេរី អ្នកស្រី អ៊ុក សាវបូរី និងបានហៅវិទ្យុបរទេសមួយនេះ នៅក្នុង​​ពាក្យ​​បណ្ដឹង​​នោះ ថា«រមិលគុណ និងអមនុស្សធម៌»។

ពាក្យបណ្ដឹង ដែលមានស្នាមមេដៃ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវបានអ្នកស្រី អ៊ុក សាវបូរី អាយុ ៥៦ឆ្នាំ សរសេរ​​​រៀបរាប់ ទាក់ទងនឹង​ប្រវត្តិការងាររបស់អ្នកស្រី ថាបានចាប់ផ្ដើមពីឆ្នាំ ១៩៩៨ ជាអ្នកលក់ព័ត៌មាន មុន​នឹង​ក្លាយ​​ជា​បុគ្គលិកពេញសិទ្ធិ ក្នុងនាមជាអ្នកសារព័ត៌មាន នៅឆ្នាំ២០០០ ដោយមានចុះ​កិច្ចសន្យា​ការងារ ជា​លាយ​លក្ខណ៍​​​អក្សរត្រឹមត្រូវ ជាមួយវិទ្យុអាស៊ីសេរី។ អ្នកស្រី អ៊ុក សាវបូរី បានចោទវិទ្យុអាមេរិកាំង ផ្សាយជា​ខេមរ​ភាសា​​​មួយ​នេះ ថាបាន​ប្រើប្រាស់​​សិទ្ធិ​ជានយោជក ដើម្បីដាក់ទណ្ឌកម្ម ព្រមាន ឬស្ដីបន្ទោស និងបានបិត​សិទ្ធិ​​ក្នុង​នាមអ្នកស្រី ជា​នយោជិត​ជាច្រើន។ សិទ្ធិជាកម្មករ​នយោជិត​នោះ ត្រូវបានអ្នកស្រី​ចាត់ទុកថា ជា​ការ​រំលោភ​​​ទៅ​លើ​បញ្ញត្តិ​​នៃច្បាប់​ការងារកម្ពុជា ក្នុងនោះរួមមាន គ្មានការឈប់សម្រាក ប្រចាំ​សប្ដាហ៍ ថ្ងៃ​បុណ្យ និង​​ប្រចាំ​​ឆ្នាំ ដោយមានប្រាក់ឈ្នួល​នោះជាដើម។

ក្រោមការចោទប្រកាន់ជាបន្ត ថាអ្នកស្រី ត្រូវបានស្ថាប័នផ្សព្វផ្សាយមួយនេះ បណ្ដេញចេញពីការងារ នៅថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០១៥ ដោយគ្មាន​មូលហេតុ​​ត្រឹមត្រូវនោះ អតីតបុគ្គលិករបស់វិទ្យុរូបនេះ បានប្ដឹងទាមទារ​សំណង ពាក់ព័ន្ធ​នឹងការរំលាយ​កិច្ចសន្យាការងារ ចំនួនជាង ២ម៉ឺន ៦ពាន់ដុល្លារ និងសំណង​ទាក់ទងនឹង​ការ​ខូច​ខាត បាត់បង់​ពេល​វេលា និងសេវាផ្លូវច្បាប់ ចំនួន១ម៉ឺនដុល្លារថែមទៀត។

រឿងរ៉ាវកន្លងទៅជាងមួយឆ្នាំហើយ...

បើសិនជាការរំលាយកិច្ចសន្យាការងារ ត្រូវបានធ្វើដោយរំលោភ ពីសំណាក់ភាគីនយោជក (វិទ្យុអាស៊ីសេរី) តាំង​ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥មកនោះ តើហេតុអ្វី ទើបមកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ទើបអតីត​បុគ្គលិក​រូបនេះ ដាក់ពាក្យបណ្ដឹង? ហើយបណ្ដឹងនេះទៀតសោធ ក៏បានធ្វើឡើង​ចំពេល នៃ​កំដៅ​​នយោបាយ នៅ​ក្នុង​ប្រទេស​​កម្ពុជា​បានឡើងខ្លាំង ខណៈវិទ្យុអាស៊ីសេរី​ជាស្ថាប័ន​ផ្សព្វផ្សាយ​មួយ ដ៏មាន​ប្រជា​ប្រិយ​ភាព ដែល​បាន​ផ្សាយ ពី​​ករណី​រសើបៗ​ជា​ច្រើន ទាក់ទងនឹង​ព្រឹត្តិការណ៍​​នយោបាយ​​ទាំង​នោះ។

ដើម្បីយល់រឿងទាំងនេះ​ពីដើមមក គេត្រូវវិលត្រឡប់​ទៅចុងខែមេសា ឆ្នាំ២០១៥ ពេលដែល​មាន​​ការ​​លា​ឈប់​ ពី​សំណាក់​បុគ្គលិក​វិទ្យុ​អាស៊ីសេរី ជាច្រើននាក់ បន្ទាប់ពីស្ថានីយ៍ទូរទស្សន៍ថ្មីមួយ ត្រូវបានបង្កើតឡើង នា​ពេល​នោះ។

ខុសពីអ្វី​ ដែលអ្នកស្រីបានសរសេរ ក្នុងពាក្យបណ្ដឹងខាងលើនេះ អ្នកស្រី អ៊ុក សាវបូរី បានថ្លែង​នៅក្នុងកិច្ច​សម្ភាស​ តាម​ទូរស័ព្ទមួយ ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីចុងខែមសា ឆ្នាំ២០១៥ថា អ្នកស្រី​នៅ​តែ​ជា​បុគ្គលិកបណ្ដែត (អាចជាបុគ្គលិកជួល ឬបុគ្គលិក ដែលលក់ព័ត៌មាន) រហូតមកដល់ថ្ងៃនោះ (ថ្ងៃដែល​ធ្វើ​កិច្ច​សម្ភាស នាចុងខែមេសា ឆ្នាំ២០១៥)។ អ្នកស្រីបានថ្លែងឲ្យដឹង តាមទូរស័ព្ទដូច្នេះថា៖ «ខ្ញុំធ្វើការជា​បុគ្គលិក​​​អាស៊ី​សេរី​​ជិត១៧ឆ្នាំ។ តាំងពីឆ្នាំ១៩៩៨ មកទល់ពេលនេះ ខ្ញុំនៅតែជា​បុគ្គលិក​បណ្តែត។ (...) នេះហើយ ដែល​អាមេរិកាំង មិនគោរពច្បាប់ប្រទេសខ្មែរយើង។ បើគ្មាន​ដំណោះ​ស្រាយ ពី​អតីតភាព​ការងារទេ ខ្ញុំនឹង​ដាក់​ពាក្យ​បណ្តឹង​​​តាម​​​ច្បាប់។»។

» អានអត្ថបទដែលទាក់ទងឡើងវិញ៖ បុគ្គលិក​វិទ្យុ​អាស៊ី​សេរី គ្រោង​ប្តឹង​ថ្នាក់​ដឹកនាំ​វិទ្យុ ពី​អតីត​ភាព​ការងារ

តបទៅ​នឹងការ​ចោទ​ប្រកាន់​ទាំងនោះ លោក ហួត វុទ្ធី (ហៅ ជុន ច័ន្ទបុត្រ) ដែលជានាយករងការផ្សាយ ផ្នែក​ខេមរភាសា​របស់វិទ្យុអាស៊ីសេរី បានថ្លែង​​តាម​​កិច្ច​​សម្ភាស​​មួយ ជាមួយទស្សនាវដ្ដី នៅដើមខែឧសភា​ ឆ្នាំ​២០១៥​ថា ស្ថាប័នរបស់លោក​ តែងគោរពតាមច្បាប់កម្ពុជា និងមានជំហរច្បាស់លាស់​ ក្នុងការគ្រប់គ្រងបុគ្គលិក ដោយ​ការ​ទទួលខុសត្រូវ និងវិជ្ជាជីវៈ។ លោក ហួត វុទ្ធី បានអញ្ជើញឲ្យអតីតបុគ្គលិកទាំងនោះ ទៅអាន​ឲ្យ​បាន​គ្រប់​​ឃ្លា គ្រប់ប្រយោគ ដែលមានសរសេរ នៅក្នុងកិច្ចសន្យាការងារ ដែលវិទ្យុអាស៊ីសេរី បានធ្វើជាមួយ​បុគ្គលិក។

យ៉ាងណា នាយករងការផ្សាយ របស់វិទ្យុអាមេរិកាំង ផ្សាយជាខេមរភាសារូបនេះ បានអះអាងថា វិទ្យុអាស៊ីសេរី​មានមេធាវីរបស់ខ្លួនរួចជាស្រេច និងត្រៀមខ្លួនរួចហើយ ដើម្បីធ្វើការតតាំង តបទៅអតីតបុគ្គលិករូបណា ដែល​មាន​បំណងធ្វើការប្ដឹងផ្ដល់វិទ្យុ ទៅកាន់តុលាការ។ លោកបានថ្លែង​នៅពេលនោះ ទៀតថា៖ «យ៉ាងណា​ក៏​ដោយ​ចុះ យើងស្វាគមន៍​នូវការស្វែងរកខុសត្រូវ តាមផ្លូវច្បាប់ ហើយការតតាំងគ្នា តាមផ្លូវតុលាការនេះ មិនមែនទើប​ជា​លើក​ទីមួយ​ទេ ដែលវិទ្យុអាស៊ីសេរីបានជួបប្រទះ»។

សម្រាប់អតីត​បុគ្គលិក​មួយ​រូប​ទៀត អ្នកស្រី ទេព សុរ៉ាវី ដែលបានលាឈប់ ពីវិទ្យុអាស៊ីសេរី នៅមុនការចប់ ​កិច្ច​សន្យាការងារ (ចប់​ខែ៩ ឆ្នាំ២០១៥) នោះ បានថ្លែងប្រាប់ទស្សនាវដ្ដីដែរថា អ្នកស្រីគ្មានអតីតភាពការងារទេ ដោយ​​សារតែអ្នកស្រី ជា«បុគ្គលិកជួល»។ អ្នកស្រីបានថ្លែងឡើងថា៖ «ជាបុគ្គលិកជួល ខ្ញុំ​គ្មាន​អតីតភាព​ការងារ​ទេ។ ពេល​ចេញ​មក​នេះ បានតែប្រាក់ខែចុងក្រោយទេ អ្វីៗដែលតាមច្បាប់នៅស្រុកខ្មែរ គឹគ្មាន​អ្វី​​ទាំង​​អស់។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...